អ្នក​ប្រើ iPhone X ដឹង​តែ​ពេញ​ចិត្ត​ស្ដូក​ចំពោះ Youtube លើក​នេះ

  • 2018-05-11 09:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Youtube បាន​​បញ្ចេញ​នូវ​ការ​អាប់ដេតសម្រាប់​ iPhone X គឺ​ថា​អ្នក​ប្រើប្រាស់ iPhone X ​ពេល​នេះ​អាច​មើល​វីដេអូ High Dynamic Range (HDR) នៅ​លើ Youtube ក្នុង​ទូរសព្ទ​បាន​ហើយ។

សូម​បញ្ជាក់ដែរ​ថា ក្នុង Youtube មាន​ការ​អាប់ឡូត​វីដេអូ​កម្រិត 4K HDR ជា​ច្រើន​រហូត​ដល់ Youtube បង្កើត​ជា Channel មួយ​សម្រាប់​តែ​វីដេអូ​ប្រភេទ​កម្រិត​ខ្ពស់​ទៀត​ផង។ វីដេអូ​ប្រភេទ HDR មាន​កម្រិត​ពន្លឺ និង​ពណ៌​ខ្ពស់​ជា​ហេតុ​ធ្វើ​ឲ្យ​រូប​ភាព​ដែល​មើល​ឃើញ​ក្នុង​វីដេអូ​ មាន​ភាព​ស្រស់​បំព្រង​ជាង​ធម្មតា ហើយ​ថែម​ទាំង​គាំទ្រ​នូវ​ទំហំ​អេក្រង់​ច្រើន​ប្រភេទ​ទៀត​ផង។

យ៉ាងណាមិញ ចំពោះផលិតផល Apple ដែល​គាំ​ទ្រ​បច្ចេកវិទ្យា HDR ដូច​ជា iPad Pro ជា​ដើម នៅ​មិន​ទាន់​បាន​ទទួល​ការ​អាប់ដេត​នៅ​ឡើយ​ទេ។ ចំណែក iPhone 8 និង iPhone 8 Plus ដែល​ចេញ​ជំនាន់​ iPhone X តែ​ដោយ​សារ​តែ​វា​មាន Resolution ទាប ហើយ​អេក្រង់​ជា​ប្រភេទ LCD ទៀត​នោះ អេក្រង់​របស់ iPhone 8 និង iPhone 8 Plus មិន​អាច​ឲ្យ​បង្ហាញ​វីដេអូ​កម្រិត HDR បាន​ពេញ​ភ្នែក​ឡើយ។

ប្រភេទ​វីដេអូ HDR នេះ​មាន​សម្រាប់​ទូរសព្ទ Android មួយ​ចំនួន ដូច​ជា Sony Xperia XZ Premium និង Google Pixel XL មួយ​រយៈ​មក​ហើយ ដោយ​សារ​តែ​ Youtube ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Alphabet ដែល​គ្រប់​គ្រង​ទាំង​ Google និង Android OS និងម៉្យាង​ទៀត អេក្រង់​ទូរសព្ទ​ទាំង​នោះ​មាន Resolution ខ្ពស់ ចាប់​ពី 2K ដែល​ iPhone ទើប​តែ​នឹង​បញ្ចេញ​អេក្រង់ Super Retina 1.5K នៅ​លើ iPhone X នា​ចុង​ឆ្នាំ ២០១៧ នេះ​ប៉ុណ្ណោះ ជា​ហេតុ​ធ្វើ​ឲ្យ iPhone ទទួល​បាន​បច្ចេកវិទ្យា​មើល​វីដេអូ HDR នេះ​ក្រោយ​គេ៕

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម