ម្ចាស់​ក្លឹប Atletico ថា Barca ខ្វះ​ក្រមសីលធម៌​ក្នុង​​ការ​តាម​ប្រមាញ់​ Griezman

  • 2018-05-13 01:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លឹប Atletico Madrid ខឹង​សម្បា​យ៉ាង​ខ្លាំង​ជាមួយ Barcelona ជុំវិញ​ការ​តាម​ប្រមាញ់​ Griezman ខណៈ​ដែល​ក្លឹប​មិន​ត្រូវ​ការ​លក់​កីឡាករ​ឆ្នើម​របស់​ខ្លួន​ទៅ​ឲ្យ​ក្លឹប​នៅ​ដែនដី​កាតាឡាន់​នៅ​រដូវ​ក្តៅ​ឡើយ។ នេះ​បើ​តាម Goal ចុះ​ផ្សាយ​ថ្ងៃ​នេះ។

​"យើង​មានអារម្មណ៍ធុញទ្រាន់នឹងអាកប្បកិរិយារបស់ក្រុម Barcelona ខ្លាំង​ណាស់។ ទាំង​​ម្ចាស់​ក្លឹប កីឡាករ និង ក្រុម​ប្រឹក្សា​របស់​ក្លឹប ប្រើប្រាស់​សំដី​អំពី​អនាគត​កីឡាករ​ស្ថិត​នៅ​កុងត្រា​របស់​យើង ហើយ​និយាយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ទ្វីប​អឺរ៉ុប [Europa League] មក​ដល់ គឺ​ជា​ការ​ខ្វះ​ការគោរព​ចំពោះ Atleico Madrid និង​អ្នកគាំទ្រ​របស់​យើង"។ នាយក​ប្រតិបត្តិក្លឹប Atletico បាន​និយាយ​​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ​ផ្លូវការ​របស់​ក្លឹប។

Atletico មិន​សប្បាយ​ចិត្ត​បន្ទាប់ពី ប្រធានក្លិប Barca លោក Josep Maria Bartomeu ថា​លោក​បាន​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​របស់ Griezmann កាលពីខែតុលា។ រីឯ Luis Suarez ដែល​បាន​ដក​ស្រង់​សំដី​ពី​វិទ្យុ​អ៊ុយរុយហ្គាយ​ថា​កីឡាករ​បារាំង​នឹង​​មក Camp Nou នៅ​រដូវក្តៅនេះ។

បើ​ទោះ​ជា​គ្រូ​បង្វឹក Ernesto Valverde សរសើរ​​សមត្ថភាព​​កីឡាករ​វ័យ​២៧​ឆ្នាំ ប៉ុន្តែ​​គ្រូ​បង្វឹក​វ័យ​៥៤​ឆ្នាំ ចង់​ឲ្យ​ Barca មាន​ការ​គោរព​ដល់​គូបដិបក្ខ​របស់​ខ្លួន។ នោះ​គឺ​ជា​អាកប្បកិរិយា​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​វា​កម្រ​នឹង​កើត​មាន​ណាស់​នៅ​ក្នុង​ពិភព​បាល់ទាត់​សម័យ​ទំនើប។ Valverde គឺ​ជា​សុភាពបុរស ប៉ុន្តែ​រឿង​​ទិញ​លក់​កីឡាករ​​លោក​មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ឡើយ។ ប្រភព​ខាង​លើ​បន្ត។

​​កាល​ពី​រដូវក្តៅ​មុន Barcelona ធ្លាប់​ខឹង​សម្បារ​ចំពោះ​ទង្វើ​របស់ Paris Saint-Germain ក្នុង​ការ​តាម​ទិញ Neymar ។ ឥលូវ​នេះ​ដល់​វេន Atletico ខក​ចិត្ត​នឹង Barca រឿង​តាម​ទិញ Griezmann។ ថ្មីៗ​នេះ Sevilla ក៏​ធ្លាប់​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​ Atletico រឿង​ដណ្តើម​យក​កីឡាករ Vitolo ពី​ខ្លួន ខណៈដែលក្រុម Las Palmas ក៏​ធ្លាប់​ក្នក់ចិត្ត​នឹង​ក្លឹប Andalusian រឿង​តាម​ទិញ​កីឡាករ​កាត់​មុខ​ខ្លួនដែរ។

រឿងរ៉ាវ​ទាំង​នេះ​វា​បាន​ក្លាយ​ទៅ​ជា​វដ្តសង្សារ​នៅ​ក្នុង​ពិភព​បាល់ទាត់​សម័យ​ថ្មី​នៅ​ពេល​ក្លឹប​ធំៗ​តែង​ធ្វើ​អ្វី​គ្រប់យ៉ាង​ក្នុង​ការ​ដណ្ដើម​គ្នា​យក​កីឡាករ​ល្អៗ​សម្រាប់​ក្លឹប​ពួកគេ​រៀងៗ​ខ្លួន ហើយ Atletico មិន​អាច​ត្អូញត្អែរ​បាន​ឡើយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត