បាន​ផល​ដំណាលគ្នា! អ្នក​កំពង់​ចាម​ថា ទុរេន​ខេត្ត​ខ្លួន​ ឆ្ងាញ់​មិន​ចាញ់​​កំពត​ទេ

  • 2018-05-13 02:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខណៈ​រដូវ​ប្រមូល​ទុរេន​ឈាន​មក​ដល់​ ប្រជាពលរដ្ឋ​ និង​ដាំដុះ​ដំណាំ​ទុរេន​បាន​ឱ្យ​ដឹងថា ទុរេន ខេត្ត​កំពង់​ចាម​ មាន​រស​ជាតិ​ឆ្ងាញ់​មិន​ចាញ់​ទុរេន​​ខេត្ត​កំពត​​ទេ។ តំបន់​សំបូរ​ចំការ​ទុរេន​ភាគច្រើន​មាន​នៅ​ក្នុង​ភូមិ​បែក​អន្លង់ ក្នុង​ទឹក​ដី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់​ចាម ព្រោះ​នៅ​តំបន់​នោះ​ដី​អំណោយផល​ល្អ​ប្រភេទ​ដី​ក្រហម មាន​ជីវជាតិ​ល្អ និង​មាន​រសជាតិ​ឆ្ងាញ់​បែបធ​ម្មជាតិ មិន​ចាញ់​ទុរេន​របស់​អ្នក​ស្រុក​ដ៍ទៃ​ឡើយ ពិសេស​ការ​ដាំ​ដុះ​មិន​ប្រើ​ជីគីមី​នោះ​ទេ។

ចាប់​ពីដើម​ឧសភា​នេះ​ទៅ​ម្ចាស់​ចម្ការ​កំពុង​មមាញឹក​ចាប់​ផ្តើម​ប្រមូល​ផល​ជា​បណ្តើរៗ​ ស្របពេល​អាកាសធាតុ​មាន​លក្ខណៈ​ល្អ​ប្រសើរ។ ម្ចាស់​ទុរេន លោកស្រី ស៊ី សុខលាង មានផ្ទៃដីដាំ​ទុរេន ជាង១០ ដើម​ លើ​ផ្ទៃដី​ជាង​១០ហិចតា បាន​ឱ្យ​ដឹង​ថា ទុរេន​កំពង់ចាម​ពិត​ជា​មាន​រស់​ជាតិ​ឆ្ងាញ់ ខណៈ​ការ​ដាំ​ដុះ​​ត្រូវ​ស្រោច​ទឹក​ជា​ប្រចាំ​ ជាពិសេស​នៅ​រដូវ​ប្រាំង​រាំងស្ងួត និង​ប្រើប្រាស់​ជីធម្មជាតិ បើ​មិន​ដូច្នោះទេ ផ្ទៃ​ដី​ដាំ​ទុរេន ប្រែ​ទៅ​ជា​រឹង​ខូច​គុណភាព។ អ្នក​ស្រី​ថា ទុរេន​ត្រូវ​ការ​ពេល​វេលា​ថែទាំ​រហូត​ ៥ឆ្នាំ​ទើប​ទទួល​បាន​ផល។  

អ្នកស្រី ស្រេង ចិន្ដា អតិថិជន​ម្នាក់ បាន​សរសើរ​ទុរេន​ខេត្ត​កំពង់​ចាម​ថា​​ មាន​រស​ជាតិ​ឆ្ងាញ់​ផ្អែម ឈ្ងុយ និង​បែប​ធម្មជាតិ​ពិត​ៗ​។ អ្នកស្រី​តែង​ទិញ​ទុរេន​ខេត្ត​កំពង់ចាម​យក​ទៅ​បរិភោគ និង​ទិញ​ផ្ញើ​បងប្អូន​នៅ​រាជធានី​ភ្នំពេញ​ ព្រោះ​មាន​តំលៃ​សមរម្យ។ 

ម្ចាស់​ចម្ការ​ទុរេន​ម្នាក់​ផ្សេងទៀត​ អ្នក​ស្រី មឿន គីមស្រេង រស់​នៅ​ក្នុង​ឃុំ​អារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់​ចាម​​ ឱ្យ​ដឹង​ថា ​ ទុរេន​ស្ទឹងត្រង់​ពិតជា​មាន​រសជាតិ​ឆ្ងាញ់ និង​លក់​ចន្លោះ​ពី​​ ១២ ០០០ រៀល ទៅ​ ១៨ ០០០រៀល​ ក្នុង​មួយ​គីឡូក្រាម​ ពូជ​ទុរេន ម៉ាន់​ថង។  

លោក គីម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹងថា ស្រុក​ស្ទឹង​ត្រង់​មាន​ផ្ទៃដីណាំ​ទុរេន ចំនួន​១៣៦​ហិចតា ជា​ប្រភេទ​ដីក្រហម មាន​ប្រភព​ទឹក​គ្រប់គ្រាន់។ ខេត្ត​កំពង់ចាម ទុរេន ល្បីល្បាញ​មាន​រសជាតិ​ឆ្ញាញ់​ជាង​គេ​នោះ​គឺ ទុរេន​របស់​អ្នក​ភូមិបែក​អន្លង់ ក្នុង​ឃុំ​អារក្សត្នោត ស្រុក​ស្ទឹងត្រង់ ដែល​ម្ចាស់​ទុរេន ភាគច្រើន​ដាំដុះបែបធម្មជាតិ មិន​ប៉ះពាល់​ដល់​សុខភាព​របស់​បរិភោគ​ឡើយ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផងដែរ​នោះ​គឺ នៅ​តំបន់​នេះ​មាន​ប្រភេទ​ទុរេន ដែល​ឆ្ងាញ់​ពេញ​និយម​ជាង​គេ​នោះ គឺ​ប្រភេទ​ម៉ាន់ថង៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា