គូស្នេហ៍​ តូតា គ្រោង​សម្ពោធ​ជំនួញ​១ទៀត ប្រើ​​ទុន​ជាង​៣លាន​ដុល្លារ ខណៈស្ងាត់ដំណឹងរៀបការ

  • 2018-05-14 03:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៉ុល វិបូ ហៅ​នីត ថៅកែ​ផលិតកម្ម​ "អង្គរ​ Picture " ជា​បុរស​​​មាន​ឥទ្ធិពល​ម្នាក់ ដែល​ត្រូវ​គេ​ដឹង​ថា ជា​អនាគត​ម្ចាស់​ចិត្ត​​តូតា បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រហែល​ជា​៣ខែ​ទៀត លោក​គ្រោង​សម្ពោធ​មុខ​ជំនួញ​១ទៀត ដែល​ប្រើ​ដើម​ទុន​វិនិយោគ​រហូត​ដល់​ទៅ​ជាង​៣លាន​ដុល្លារ​ឯណោះ។

ជំនួញ​​ប្រើ​ដើម​ទុន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ គឺ​ការ​បើក​ហាង​​ផឹក​ស៊ី​ដូច​នឹង​ហាង​ផែ​សមុទ្រ ប៉ុន្តែ​ការ​ធ្វើ​លើ​ទីតាំង​​ធំ​ទូលំទូលាយ មាន​បរិយាកាស​ធម្មជាតិ​​ល្អ​ ធ្វើ​លើ​ផ្ទៃ​​ដី​រហូត​ដល់​ទី​ជាង​៣ហិតា​ឯណោះ។ "​ហាង ផែ​សមុទ្រ ដូច​តែ​គ្នា​​ហ្នឹង​ គ្រាន់​តែ​នៅ​ទី​នោះ​មាន​ជា​រីសត អាច​បោះ​តង់​​អាំង​សាច់​លេង​បាន យើង​ធ្វើ​លើ​ដី​ជាង​៣ហិតា​ឯណោះ។ លោក ប៉ុល វិបូ ហៅ​នីត លើក​ឡើង។

លោក ប៉ុល វិបូ និង តូតា

លោក​ថា បើ​បូក​ទាំង​ដី ​និង​ការ​រៀបចំ​ ទម្រាំ​ដល់​ថ្ងៃ​បើក​សម្ពោធ​នោះ ប្រើ​ដើម​ទុន​មិន​ក្រោម​៣លាន​ដុល្លារ​នោះ​ឡើយ បច្ចុប្បន្ន​បាន​ធ្វើ​ប្រហែល​ជា​៧០%​ហើយ អាច​ខ្ទង់​៣ខែ​អី​ទៀតនឹងបើក​សម្ពោធ ក្រោម​វត្ត​មាន​អ្នក​សិល្បៈ​ល្បីៗ អ្នក​ជំនួញ​ល្បីៗ និង​មន្ត្រី​រដ្ឋាភិបាល​​ជា​ច្រើន​ផង​ដែរ។ ទីតាំង​នោះ គឺ​នៅ​ក្បែរ​​កំពង់​ផែ​ថ្មី ដែល​មាន​ចំណាយ​ប្រហែល​៣គីឡូ ពី​ទីរួមខេត្ត​កំពត។

ទន្ទឹមនឹង​បើក​សាខា​នៅ​ខេត្ត​កំពត​នេះ អនាគត​ម្ចាស់​បេះដូង តូតា រូប​នេះ ក៏​ត្រូវ​​ស្វែង​រក​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​​បើក​ឲ្យ​​គ្រប់​១២ទីតាំង​ លើ​ខណ្ឌ​ទាំង​១២ ដែល​បាន​គ្រោង​ទុក ដោយ​បច្ចុប្បន្ន​ទើប​តែ​បើក​បាន​៤សាខា​​នៅ​ឡើយ។ តាម​ការ​វាយ​តម្លៃ សម្រាប់​តែ​​នៅភ្នំពេញ ​ប្រសិន​បើ តូតា​បើក​​សាខា ​ហាង​"ផែ​សមុទ្រ"​របស់​នាង រហូត​ដល់​ទី១២​ទីតាំង គ្រប់​ខណ្ឌ​ទាំង​អស់ ក្នុង​រាជធានី​ភ្នំពេញ តាម​ការ​គ្រោង​ទុក​ពិតមែន​នោះ ជំនួញ​របស់​នាង ត្រូវ​ប្រើ​ដើម​ទុនរាប់​លាន​ដុល្លារ​ឯណោះ ត្បិត​អី​ទីតាំង​នីមួយៗ​នាង​ប្រើ​ដើម​ទុន​មិន​ក្រោម១០ម៉ឺន​ដុល្លារ​ឡើយ។

តូតា និង លោក ប៉ុល វិបូ ហៅ​នីត បាន​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​ដោយ​បើក​ចំហ​ជា​សាធារណៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​តារា​​ស្រី​រូប​នេះ បាន​ចូល​រួម​​ថត​រឿង "ចន្ទ្រា" កាល​ពី​ជាង​៣ឆ្នាំ​មុន​ឲ្យ ផលិតកម្ម​"អង្គរ​ Picture “​ មក​ម្ល៉េះ។ ទោះបី​ជា​​បែប​នេះ​ក្ដី ​ស្នេហា​រវាង​ក្រមុំ​ក្មេង​ខ្ចី​ល្បី​ឈ្មោះ ជា​មួយ​នឹង​​បុរស​ពោះម៉ាយ​មាន​ឥទ្ធិពល​១គូនេះ ហាក់​បីដូច​ជា​មិន​ទាន់​បង្ហាញ​តម្រុយ​ថ្ងៃ​ចូល​រោង​ជ័យ​នៅ​ឡើយ​ទេ ដោយ​ពួក​គេ​ធ្លាប់​បាន​លើក​ឡើង​ថា ចាំ​មើល​ជំនួញ​ជោគជ័យ​សិន៕​​​

អត្ថបទៈ ស៊ុនហួត