រឿង​រ៉ាវ​ដែល​គេ​ដឹង​ពី​ iPhone SE 2 ឬ iPhone X SE ​គ្រោង​ចេញ​ឆ្នាំ​នេះ

  • 2018-05-16 03:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៦ ជា​ពេល​ដែល​ក្រុមហ៊ុន Apple បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដែល​កាល​នោះ​ខ្លួន​ចេញ​ដល់ iPhone 6s មាន​ទំហំ​អេក្រង់​ដល់​ទៅ ៥.៥ អ៊ីញ​ទៅ​ហើយ តែ​ខ្លួន​បាន​បញ្ចេញ iPhone SE ដែល​មាន​រូប​រាង​ដូច​ទៅ​នឹង​ iPhone 5s អេក្រង់​ទំហំ ៤ អ៊ីញ កាល​ពី​ឆ្នាំ ២០១៣ ផ្គាប់​ចិត្ត​អ្នក​គាំ​ទ្រ iPhone ដែល​មាន​រាង​តូច។ មិន​ត្រឹម​តែ​មាន​រាង​តូច​ងាយ​កាន់​ក្នុង​ដៃ​ម្ខាង​ឡើយ iPhone SE ក៏​ប្រើ​ប្រាស់​គ្រឿង​ខាង​ក្នុង​កម្រិត​ខ្ពស់​ដែរ ដូច​ជា​ឈីប A9 របស់ iPhone 6s ហើយ​ក៏​មាន​តម្លៃ​ថោក​សមរម្យ​ផង​ដែរ។

ជា​ទម្លាប់​របស់ Apple របស់​ដែល​ខ្លួន​ធ្លាប់​បញ្ចេញ​ហើយ តែង​តែ​មាន​សិស្ស​ប្អូន​មក​ស្នង​ត្រកូល​ក្នុង​ស៊េរី​តែ​មួយ​ជានិច្ច។ ក្នុង​ឆ្នាំ ២០១៨ មាន​ពាក្យ​ចចាមអារ៉ាម​មក​ថា Apple នឹង​បញ្ចេញ​ iPhone SE 2 ដែល​ជា​សិស្ស​ប្អូន​ស្នង iPhone SE ដែល​ចេញ​តាំង​តែ​ពី​ឆ្នាំ​ ២០១៦ នោះ​ឯង។ បើ​តាម​ពាក្យ​ចចាមអារ៉ាម ការ​វិភាគ​នានា​ និង​ហេតុ​ផល​ផ្សេងៗ គេ​អាច​សន្មត​ពី​ iPhone SE 2 ថា៖

iPhone SE 2 នឹង​មិន​ខុស​ប្លែក​ពី​មុន​ច្រើន​ឡើយ

បើ​តាម​ការ​វិភាគ​របស់​លោក Ming-Chi Kuo ដែល​ជា​អ្នក​វិភាគ​ពី​ផលិតផល Apple បាន​លើក​ឡើង​ថា iPhone SE 2 នឹង​លេច​ចេញ​រូបរាង​ដើម្បី​មក​បំពេញ​ចិត្ត​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​វា​នឹង​មិន​មាន​ការ​កែប្រែ​ខ្លាំង​ទេ ដោយ​សារ​តែ Apple រវល់​លើ​សង្វាក់​ផលិតកម្ម iPhone ចំនួន ៣ ស៊េរី​ទៀត​ដែល​ជា​ប្រភេទ​ទូរសព្ទ​កំពូល​ដូច iPhone X និង​ហេតុផល​មួយ​ទៀត​ អាច​កើត​ឡើង​ដោយ​សារ​ Apple មិន​មាន​ធន​ធាន​គ្រប់​គ្រាន់​ក្នុង​ការ​ផលិត​ទូរសព្ទ​ច្រើន​ស៊េរី​ពេក។ ដូចនេះ ប្រហែល​ជា​មាន​ការ​បំពាក់​ឈីប​ជំនាន់​ចុង​ក្រោយ A11 Bionic និង កាមេរ៉ា​ដែល​ល្អ​ជាង​មុន។

ប៉ុន្តែ ដោយ​សារ​តែ​សែស្រឡាយ​របស់ SE មាន​តម្លៃ​ថោក Apple អាច​នឹង​មិន​បំពាក់​បច្ចេកវិទ្យា 3D Touch និង Wireless Charging លើ iPhone SE 2 នេះ​ឡើយ។

iPhone SE 2 អាច​មិន​មាន​រន្ធ​ដោត​កាស 3.5mm

បើ​តាម​សារព័ត៌មាន​ជប៉ុន Macotakora បាន​លើក​ឡើង​ពី​សម្ដី​អ្នក​ផលិត​ស្រោម​ទូរសព្ទ​មក​ថា មិន​ឃើញ​មាន​រន្ធ​ដោត​កាស​ 3.5mm ឡើយ​លើ iPhone SE 2។ ដូចនេះ iPhone SE 2 អាច​នឹង​មាន​កាស​ខ្សែ​ ដែល​មាន​ឌុយ​ប្រភេទ Lightning ដូច iPhone 7 តែ​ម្ដង។

iPhone SE 2 អាច​បង្ហាញ​ខ្លួន​ក្នុង​ខែ​មិថុនា ឬ​ខែ​កក្កដា​នា​ឆ្នាំ​នេះ

តាម​សារ​ព័ត៌មាន​មួយ​របស់​ប្រទេស​ចិន បាន​ទស្សន៍ទាយ​ថា iPhone SE 2 នឹង​ចេញ​ក្នុង​ខែ​កក្កដា ជាមួយ​នឹង​តម្លៃ​ចាប់​ពី ៣៩៩ ដុល្លារ​ឡើង​ទៅ។ ប៉ុន្តែ​ ដោយសារ​តែ Apple មាន​កម្មវិធី​ធំ​នៅ​ក្នុង​ខែ​មិថុនា​នេះ iPhone SE 2 អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ទី ៤ ខែ មិថុនា ក្នុង​សន្និសីទ អ្នក​អភិវឌ្ឍ​កម្មវិធី WWDC តែ​ម្ដង។

iPhone SE 2 អាច​នឹង​មាន​ក្បាល​ឆក

រូបតំណាង

បើ​តាម​សារព័ត៌មាន​ជប៉ុន Macotakora ដដែល​បាន​លើក​ឡើង​ថា​ iPhone SE ស៊េរី​ថ្មី​គឺ iPhone X SE ព្រោះ​វា​មាន​រាង​ជា​ iPhone SE តែ​វា​មាន​ក្បាល​ឆក​ដូច iPhone X។ ម៉្យាង​ទៀត បើ​តាម 9to5Mac ខាង​ផលិត​ឧបករណ៍​បន្ថែម Olixar ជឿ​ថា iPhone SE 2 អាច​នឹង​មាន​ក្បាល​ឆក​ព្រោះ​ខ្លួន​បាន​ឃើញ​ផ្នែក​បង្គំ​ ដែល​ចេញ​មក​ពី​ក្នុង​រោង​ចក្រ​នៅ​ក្នុង​ប្រទេស​ចិន។ យ៉ាងណាមិញ Apple ក៏​អាច​មាន​បំណង​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​លើ iPhone SE ជំនាន់​ថ្មី​នេះ​ដែរ ដោយ​មិន​ដឹង​ថា​វា​អាច​​ចេញ​ជា ២ ស៊េរី​ដាច់​ផ្សេង​គ្នា iPhone SE 2 ឬ iPhone X SE នោះ​ទេ។

ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង iPhone SE 2 សូម​តាម​ដាន​ជា​មួយ​ Sabay នៅ​ពេល​ក្រោយ​ទាំង​អស់​គ្នា។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ