កូនខ្មែរ​ម្នាក់​នេះ នាំ​យក​ភាពយន្ត​របស់​ខ្លួន​ទៅ​ដល់មហោស្រព​ភាពយន្ត Cannes ប្រទេស​បារាំង

  • 2018-05-16 08:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នាង កាវិច​ ផលិតករ និង​អ្នក​ដឹកនាំ​រឿង​ខ្មែរ​ម្នាក់​ បាន​នាំ​យក​ភាពយន្ត​របស់​ខ្លួន​ដែល​បាន​ថត​នៅ​ភ្នំពេញ និង​គម្រោង​ផលិត​ភាពយន្ត​ទៅ​ផ្សព្វផ្សាយ​ដល់​ប្រទេស​បារាំង ​ក្នុង​មហោស្រព​អន្តរ​ជាតិ​ Cannes លើ​កទី​ ៧១​ ពី​ថ្ងៃ​ទី ៨ ខែ​ឧសភា នេះ​ដល់​ថ្ងៃ​ទី ១៩ ឆ្នាំ២០១៨នេះ។

រូបភាពពីមហោស្រពភាពយន្ត Cannes

ផលិតករ​វ័យ​ក្មេង​រូប​នេះ បាន​នាំ​យក​ភាពយន្ត​រឿង​បែប​ឯកសារ​ ដែល​មាន​ចំណង​ជើង​ថា «Last Night I Saw You Smiling» និងរឿង «White Building» ដែល​កំពុង​ស្ថិត​ក្នុង​ការ​វិវត្ត​ឱ្យ​ក្លាយ​ជា​ភាពយន្ត​ឯកសារ​ខ្នាត​ធំ​មួយ។ លោក នាង ការិច ធ្លាប់​ជា​អ្នក​នាំង​រឿង​មួយ​ចំនួន​ទៀត​ដែល​មាន​ចំណង​ថា «កង់​បី» និង​រឿង «លា​ហើយ​ភ្នំពេញ» ដែល​ជា​រឿង​ធ្លាប់​ជាប់​ពាន​រង្វាន់​ជា​ច្រើន​ដង​ពី​មហោស្រព​ជាតិ និង​បរទេស​។

លោក នាង កាវិច មានឱកាស​បង្ហាញ​ភាពយន្ត​របស់​ខ្លួន ក៏​ដូចជា​តំណាង​ឱ្យ​ប្រទេស​ខ្មែរ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ Cannes ធ្វើ​ឱ្យ​លោក កាវិច យល់ថា តម្លៃ​នៃ​ការ​ផលិត​ភាពយន្ត​គឺ​ជា​តម្លៃ​ជាតិ​សាសន៍ និង​ជា​ព័ត៌មានសម្រាប់​អនាគត​កាល ដែល​បង្ហាញ​តាម​រយៈ​រូបភាព​មាន​ចលនា និង​សំឡេង​នៃ​ខ្សែ​រឿង​។ ក្នុងឱកាសដ៏កម្រនេះ​ កាវិច ក៏មានអាទិភាពជួបផ្ទាល់ជាមួយ​អ្នកផលិតភាពយន្ត អ្នកដឹកនាំរឿងនៅជុំវិញពិភពលោក​ហើយក៏មានឱកាសស្វែងរកជំនួយ ក៏ដូចជាការគាំទ្រលើការផលិតភាពយន្តរបស់ខ្លួន និងបង្អូតប្រាប់ពីទិសដៅ​ថតភាពយន្តក្នុងប្រទេសកម្ពុជាផងដែរ។

រូបភាពពីមហោស្រពភាពយន្ត Cannes

មហោស្រព​ Cannes តែងតែ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីក្រុង Cannes ប្រទេស​បារាំង ដែល​ជា​ពិធី​បង្ហាញ​ស្នាដៃ​ភាពយន្ត​លំដាប់​ថ្នាក់​អន្តរជាតិ​មួយ​របស់​ពិភពលោក។ វាកម្មវីធីផ្សព្វផ្សាយ​ពីភាពយន្ត ដែល​មានបង្ហាញ​​ភាពយន្ត​ និង​អ្នក​ផលិត​ភាព​យន្ត​លំដាប់​ពិភពលោក អ្នក​ដឹកនាំ​រឿង​ តារា​សម្ដែង​ភាពយន្ត​ល្បី​ៗ​ប្រចាំ​ប្រទេស​ ដែល​ជាប់​ឈ្មោះ​​តាម​រយៈ​ភាពយន្តរបស់​ខ្លួន។ ក្នុង​នោះ​ក៏​មាន​ផលិតករ​ខ្មែរ មួយ​ចំនួន​រូប​មក​ហើយ​ដែល​ធ្លាប់​ចូលរួម​ក្នុង​មហោស្រព​នេះ​ដូចជា​លោក ប៉ាន់ រិទ្ធី លោក ជូ ដាវី ជាដើម តែ​ម្ដង​នេះ​លោក​នាង កាវិច ជា​ផលិតករ​​ភាពយន្ត​មិន​ដែលរស់​នៅ​បរទេស​សោះ តែ​អាច​ផលិត​ភាពយន្ត ​បែប​សិល្បៈ​ម្នាក់​នេះ​ មាន​ឱកាស​នាំ​យក​ភាពយន្ត​របស់​ខ្លួន​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ Cannes បាន៕

អត្ថបទ៖ Sunny