ក្ដៅ! Moyes ​ចែក​ផ្លូវ​ជាមួយ West Ham ក្រោយ​ជួយ​​ក្លឹបឲ្យ​បន្ត​នៅ PL

  • 2018-05-16 12:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

West Ham ក្នុង​ថ្ងៃ​នេះ​​ បាន​ប្រកាស​ថា អ្នក​ចាត់​ការ David Moyes បាន​ចាក​ចេញ​ពី​ក្លឹប ក្រោយ​ជួយ​ឲ្យ​ក្លឹប​បន្ត​នៅ Premier League។

អតីត​អ្នក​ចាត់​ការ Manchester United រូប​នេះ បាន​សម្រេច​ចាក​ចេញ​បន្ទាប់​ពី​កុងត្រា​រយៈ​ពេល​ខ្លី​របស់​ខ្លួន​ជាមួយ​ក្លឹប​បាន​បញ្ចប់។

ក្នុង​លិខិត​ចំហ​របស់​ក្លឹប​ញញួរ West Ham បាន​ថ្លែង​អរគុណ​ Moyes ក្នុង​ការ​ជួយ​ឲ្យ​ក្លឹប​សម្រេច​គោល​ដៅ​ក្នុង​ការ​បន្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​បាល់ទាត់​អង់គ្លេស។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក David Moyes បាន​ចូល​មក​ដឹកនាំ​ West Ham កាល​ពី​ខែ​វិច្ឆិកា ក្នុង​កុងត្រា​រយៈ​ពេល​ ៦ ខែ បន្ទាប់​ពី​អតីត​អ្នក​ចាត់​ការ​ក្លឹប លោក Slaven Bilic ត្រូវ​បាន​បញ្ឈប់​ពី​ការងារ។

ក្រោម​លោក Bilic ក្លឹប West Ham បាន​ចាប់​ផ្ដើម​រដូវ​កាល ២០១៧/១៨ មិន​បាន​ល្អ​ឡើយ ដោយ​ចាញ់​និង​ស្មើ​ជា​ច្រើន​ប្រកួត​រហូត​បណ្ដាល​ឲ្យ ក្លឹប​ស្ថិត​ក្នុង​តំបន់​កាត់​ចោល​កាល​នោះ។

ក្រោយ​លោក Moyes បាន​ក្លាយ​ជា​អ្នក​ចាត់ការ​ក្លឹប លោក​បាន​ចាប់​ផ្ដើម​សម្រួល​បណ្ដើរៗ​នូវ​ស្ថានការណ៍​មក​វិញ និង​បាន​ជួយ​ក្លឹប​ឲ្យ​បាន​បន្ត​នៅ Premier League ដោយ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់ ១៣​ក្នុង​តារាង​លីគ។

ក្នុង ៣១​ប្រកួត ក្រោម​ការ​ដឹកនាំ​លោក ក្លឹប West Ham ឈ្នះ ៩ ស្មើ ១០ និង ចាញ់ ១២​លើក។

ដោយ​ឡែក ក្នុង​ថ្ងៃ​នេះ ក៏​មាន​ក្លឹប​ Premier Leagueមួយ​ទៀត ដែល​មាន​អ្នក​ចាត់​ការ​ចាក​ចេញ​ពី​តំណែង។ លោក Sam Allayce ទើប​តែ​ត្រូវ​បាន Everton បញ្ចប់​តួនាទី​ជា​អ្នក​ចាត់​ការ​ក្លឹប ប៉ុន្មាន​ម៉ោង​មុន​ដំណឹង​លោក Moyes ចាក​ចេញ​ពី West Ham នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី