OnePlus 6 ​ក្បាល​ឆក​បង្ហាញ​មុខ​ជា​ផ្លូវ​ការ តម្លៃ​ចាប់​ពី​ ៥២៩ ដុល្លារ​

  • 2018-05-17 01:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ​ OnePlus 6 បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ ជា​មួយ​នឹង​រចនាបថ​ក្បាល​ឆក​ ដែល​មាន​អេក្រង់​ធំ​ជាង​ពី​មុន និង​នៅ​រក្សា​តម្លៃ​ធូរ​ថ្លៃ​ដដែល។

រូបរាង​របស់​ OnePlus 6 មិន​ជា​ខុស​គ្នា​ពី​ OnePlus 5T ប៉ុន្មាន​នោះ​ទេ។ ផ្នែក​ខាង​មុខ​ និង​ក្រោយ​របស់​ OnePlus 6 មាន​ស្រោប​ដោយ​សារធាតុ​កញ្ចក់​ Gorilla Glass 5 និង​មាន​​លោហៈ​ធាតុ​ជា​ស្នូល​កណ្ដាល។

ជា​លើក​ដំបូង​ OnePlus 6 មាន​សមត្ថភាព​អាច​ទ្រាំទ្រ​នឹង​ទឹក​​បាន​ ត្បិត​អី​កម្រិត​ IP របស់​វា​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ។ ប៉ុន្តែ​ OnePlus 6 អាច​ប្រើ​ក្រោម​ទឹក​ភ្លៀង​ និង​អាច​ទ្រាំទ្រ​នឹង​ការ​ធ្លាក់​ចូល​ទឹក​ជម្រៅ​រាក់ៗ​បាន។

OnePlus 6 មាន​ទំហំ​ប៉ុន​ OnePlus 5T ប៉ុន្តែ​វា​មាន​អេក្រង់​ទំហំ​ ៦,៣ អ៊ីញ​ ខណៈ​ OnePlus 5T មាន​អេក្រង់​ត្រឹម​តែ​ ៦,០១ អ៊ីញ។ អេក្រង់​នេះ​ជា​ប្រភេទ​ AMOLED ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ២២៨០ x ១០៨០ ភីកសែល។

Android 8.1 ជា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ OnePlus 6 ដែល​ OnePlus បាន​បន្ថែម​មុខងារ​ពិសេសៗ​មួយ​ចំនួន​ចូល​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ។ ឧទាហរណ៍​ដូច​ជា​អាច​ជំនួស​ប៊ូតុង​ Navigation លើ​អេក្រង់​ ដោយ​ប្រើ​ការ​បញ្ជា​តាម​កាយ​វិការ​ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ iPhone X។

ដំណើរ​ការ​របស់​ OnePlus 6 ផ្ដល់​ដោយ​​បន្ទះ​ឈីប​ Snapdragon 845 គួប​ផ្សំ​នឹង​ RAM ទំហំ​ ៦ ឬ ៨ GB និង​មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤, ១២៨ និង ២៥៦ GB។ OnePlus 6 មិន​មាន​កន្លែង​ដាក់​មេមូរី​កាត​នោះ​ទេ។

​កាមេរ៉ា​មេ​នៅ​ផ្នែក​ខាង​ក្រោយ​​មាន​កម្រិត​ ១៦ MP ដដែល និង​មាន​ Aperutre f/1.7 ដូច​គ្នា​នឹង​កាមេរ៉ា​ OnePlus 5T ពិត​មែន​ ប៉ុន្តែ​ OnePlus 6 មាន​​ដាក់​នូវ​ Sensor រូបភាព​​ថ្មី​មាន​ទំហំ​ធំ​ជាង​មុន និង​បច្ចេកវិទ្យា​រក្សា​លំនឹង​ផង​ដែរ។

កាមេរ៉ា​ទីពីរ​មាន​កម្រិត​ ២០ MP មាន​ Aperture f/1.7 មិន​មាន​សមត្ថភាព​ Optical Zoom នោះ​ទេ ប៉ុន្តែ​អាច​ប្រើ​សម្រាប់​ផលិត​រូបភាព​ Bokeh បាន។ ឯ​កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ១៦ MP អាច​ថត​វីដេអូ​ក្នុង​កម្រិត​ ១០៨០ ភីកសែល។

ចំពោះ​ការ​ថត​វីដេអូ​ កាមេរ៉ា​ខាង​ក្រោយ​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន ដោយ​អាច​ថត​វីដេអូ​ 4K នៅ​ល្បឿន​ ៦០ ប្លង់/វិនាទី ដូច​នឹង​គូ​ប្រជែង​ដទៃ​ទៀត។ មុខងារ​មួយ​ទៀត​គឺ​​ការ​ថត​វីដេអូ​យឺតៗ​ ដោយ​អាច​ថត​ក្នុង​ល្បឿន​យឺត​ដល់​ ៤៨០ ប្លង់/វិនាទី នៅ​កម្រិត​ ៧២០ ភីកសែល។

ថ្ម​របស់​ OnePlus 6 មាន​ទំហំ​ ៣៣០០ mAh មិន​មាន​សមត្ថភាព​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ ប៉ុន្តែ​​មាន​បច្ចេកវិទ្យា​ Dash Charge ដែល​អាច​សាក​បញ្ចូល​ថាមពល​បាន​លឿន​ជា​ទីបំផុត។

សហរដ្ឋអាមេរិក​ និង​ តំបន់​អឺរ៉ុប នឹង​អាច​ទិញ​ OnePlus 6 បាន​នៅ​ថ្ងៃ​ទី​ ២២ ខែ​ឧសភា​នេះ។ តម្លៃ​មាន​ចាប់​ពី​ ៥២៩ ដុល្លារ សម្រាប់​ RAM ៦ GB + អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB, ៨ GB + ១២៨ GB តម្លៃ​ ៥៧៩ ដុល្លារ និង ៨ GB + ២៥៦ GB តម្លៃ​ ៦២៩ ដុល្លារ ៕​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង