អ្នក​ប្រើ Wi-Fi Free នៅ​សួន​មុខ​វាំង​និង​សួន​ច្បារ​សម្ដេច​ហ៊ុន សែន ចង់​ឲ្យ​មាន​បន្ថែម​ទៀត

  • 2018-05-17 03:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wi-Fi សាធារណៈ​ចំនួន ២​ទីតាំង​នៅ​ភ្នំពេញ​គឺ​សួនច្បារ​សម្ដេច ហ៊ុន សែន( នាគ​បាញ់​ទឹក ) និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង បាន​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី ៩ ឧសភា កន្លង​ទៅ​បាន​ដំណើរ​ការ​យ៉ាង​ណា​ហើយ?

រូបភាព សួនច្បារ សម្ដេច ហ៊ុន សែន

ជួប​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​លំហែ និង​ហាត់​ប្រាណ​នៅ​ទី​នេះ​នៅ​ពេល Sabay បាន​សាក​សួរ លោក លី ដែល​តែង​ទៅ​កម្សាន្ត​នៅ​ទី​នេះ​ក្រោយ​ពេល​សម្រាក​ពី​ការងារ បាន​ប្រាប់​ពី​ចំណាប់​អារម្មណ៍​ថា លោក​សប្បាយ​ចិត្ត​នៅ​ពេល​មាន Wi-Fi Free ប្រើ​ប្រាស់​នៅ​ទី​សាធារណៈ​បែប​នេះ។

បើ​ទោះ​ជា​លោក​មក​ទី​នេះ​ត្រឹម​ហាត់​ក៏​ពិត​មែន​តែ​លោក គិត​ថា​វា​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ដែល​មក​កម្សាន្ត​នៅ​ទី​នេះ អាច​ឲ្យ​ពួក​គេ​ប្រើ​ប្រាស់​ដោយ​មិន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន ជា​ពិសេស​អ្នក​កំពុង​សិក្សា​អាច​ធ្វើ​ការ​ស្រាវ​ជ្រាវ​មេរៀន ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​អាច​មើល​អ្វី​ផ្សេង​ៗទៀត​ជា​ច្រើន។

ងាក​មក​អ្នក​ស្រី លីយ៉ា កំពុង​មក​លេង​កម្សាន្ត​នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង​បាន​ប្រាប់​មក​កាន់ Sabay ដែរ​ថា" ខ្ញុំ​ពុំសូវ​មក​លេង​នៅ​ទី​នេះ​ទេ ហើយ​មិន​បាន​ដឹង​ថា​មាន Wi-Fi Free ឲ្យ​ប្រើ​ដែរ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ពេល​លឺ​ដំណឹង​ថា​មាន​គេ​ដាក់ Wi-Fi Free ឲ្យ​ប្រើ​នៅ​ទី​នេះ"។

អ្នក​ស្រី​បាន​បន្ថែម​ថា​ការ​ដាក់​ប្រព័ន្ធ​អ៊ីនធឺណិត​​ឲ្យ​ប្រើ Free បែប​នេះ​វា​ពិត​ជា​ល្អ​សម្រាប់​អ្នក​មក​កម្សាន្ត​នៅ​ទី​នេះ ឬ​អ្នក​រៀន​សូត្រ​ដែល​ចង់​ផ្លាស់​ប្ដូរ​បរិយាកាស​​ស្រាវ​ជ្រាវ​មេរៀន លើស​ពី​នេះ​ក៏​អាច​ទាក់​ទាញ​អ្នក​មក​លេង​កម្សាន្ត​នៅ​ទី​នេះ​កាន់​តែ​ច្រើន​ជាង​ពេល​មុនៗ​ផង​ដែរ។

ចំណែក​លោក ភាព ជា​អ្នក​បើក​ឡាន​ដឹក​ភ្ញៀវ​តែង​តែ​ទៅ​សម្រាក​លេង​នៅ​សួន​ច្បារ​សម្ដេច ហ៊ុន សែន ( នាគ​បាញ់​ទឹក) ក៏​បាន​បញ្ចេញ​មតិ​ផង​ដែរ​ថា " ខ្ញុំ​មាន​អារម្មណ៍​​សប្បាយ​ចិត្ត​នៅ​ពេល​ក្រុង​ភ្នំពេញ មាន​ប្រព័ន្ធ Wi-Fi សាធារណៈ​ប្រើ​​ប្រាស់ Free បែប​នេះ បើ​ទោះ​ជា​ពុំ​ទាន់​មាន​ពេញ​ទី​ក្រុង​ភ្នំពេញ​ក៏ដោយ "។

លោក​បន្ត​ថា Wi-Fi Free នេះ​ជួយ​លោក​ច្រើន និង​មាន​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ទាក់​ទង​ភ្ញៀវ​មិន​ចាំ​បាច់​ចំណាយ​លុយ​ផ្ទាល់​ដូច​មុន។

លោក​ក៏​បាន​សំណូម​ពរ​ថា​ឲ្យ​ក្រសួង​បន្ថែម Wi-Fi សាធារណៈ Free បែប​នេះ​ឲ្យ​កាន់​តែ​ច្រើន​នៅ​តាម​ទី​សាធារណៈ​ផ្សេងៗ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាន់​តែ​ប្រសើរ

មិន​ខុស​ពី​មតិ​អ្នក​ខាង​លើ​ដែរ​និស្សិត​មួយ​រូប​សូម​មិន​បញ្ចេញ​ឈ្មោះ ដែល​តែង​តែ​ទៅ​កម្សាន្ត​អារម្មណ៍​នៅ​ទី​នោះ​ពេល​ចេញ​ពី​សាលា ក៏​បាន​បញ្ចេញ​មតិ​ថា​លោក​ក៏​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ដែរ នៅ​ពេល​ដឹង​ថា​ប្រទេស​យើង​មាន​ដាក់ Wi-Fi សាធារណៈ​ឲ្យ​ប្រើ​បែប​នេះ។

លោក​ក៏​បាន​​សូម​ឲ្យ​ខាង​ក្រសួង បន្ថែម​ប្រព័ន្ធ Wi-Fi សាធារណៈ​នេះ​​បន្ថែម​នៅ​ទី​សាធារណៈ​ផ្សេង​ទៀត ព្រោះ​ថា​វា​ក៏​ អាច​សម្រួល​ដល់​ការ​ស្រាវ​ជ្រាវ​ដល់​សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​នៅ​ទី​នេះ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន ប្រើ​ប្រាស់​អ៊ីនធឺណិត​ដូច​មុន

សូម​បញ្ជាក់​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដាក់ Wi-Fi សាធារណៈ និង Digital Connectivity for School ចំនួន ៥​ទីតាំង​រួច​មក​ហើយ។

ទីតាំង​ទាំង ៥​នោះ មាន​ដូចជា សួនច្បារ​សម្ដេច ហ៊ុន សែន, សួនច្បារ​មុខ​ព្រះបរមរាជវាំង, វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង, វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង និង វិទ្យាល័យ អ៊ីវ៉ាស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

ចំពោះ​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធWi-Fi សាធារណៈ​នេះ​យ៉ាង​ណា​នេះ​ក្រុម​ការ​ងារ Sabay នឹង​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ​ពេល​ក្រោយ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអាន​បន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម