លោក អ៊ា​ ចរិយា​៖ «សំពាធ​ការងារ​​ និង​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ នាំ​ឱ្យ​ឥរិយាបថ​អ្នក​បើកបរ​កាន់តែ​ធ្លាក់​ចុះ»

  • 2018-05-17 03:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​កើន​ឡើង​​ជាបន្តបន្ទាប់​ ឥរិយាបថ​របស់​អ្នក​បើក​បរ​​មួយ​ចំនួន​ត្រូវ​បាន​​​អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​​ចរាចរណ៍​ថា កាន់​តែ​មាន​ការ​ធ្លាក់​ចុះ​ បើ​គេ​ធ្វើ​ការ​ប្រៀបធៀប​ពី ៥​ឆ្នាំ​ទៅ​១០ឆ្នាំ​មុន​។ ធ្លាក់​ចុះ​ដោយ​សារ​អ្នក​បើកបរ​មួយ​ចំនួន​រង​សំពាធ​ពី​ការងារ​​ និង​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ទៀត​។

ដើម្បី​ជ្រាប​ច្បាស់​សូម​តាម​ដាន​កិច្ច​សម្ភាស​រវាង sabay និង​លោក​ អ៊ា​ ចរិយា​ នាយ​ក​វិទ្យាស្ថាន​សុវត្ថិភាព​​ចរាចរណ៍​​​​ដូច​តទៅ​៖

sabay៖ តើ​ឥរិយា​បថ​អ្នក​បើកបរ​នា​ពេល​បច្ចុប្បន្ន​មាន​ការ​ផ្លាស់ប្ដូរ ធៀប​នឹង ​៥ឆ្នាំ​ទៅ​១០ ឆ្នាំមុន?

លោក អ៊ា ចរិយា​៖ ពាក់ព័ន្ធ​នឹង​ករណី​ហ្នឹង បើ​យើង​មើល​កាលពី​១០​ឆ្នាំមុន ប្រទេស​កម្ពុជា​យើង​​នៅ​ជា​ប្រទេស​ក្រីក្រ​​ ហើយ​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ថ្នល់​របស់​យើង​ហ្នឹង​​វា​នៅ​មាន​លក្ខណៈ​អន់ថយ​នៅ​ឡើយ ហើយ​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​តិច​ជាង ៤០០%​​នៃ​ចំនួន​ប្រជាជន​បច្ចុប្បន្ន​។ អីចឹង! ស្ថាន​ភាព​ចរាចរណ៍​នៅ​ពេល​នោះ​​ក៏​មិន​មាន​លក្ខណៈ​ស្មុគស្មាញ​ដែរ។ ​អត្រា​​អ្នក​គ្រោះថ្នាក់​ដោយ​បញ្ហា​ចរាចរណ៍​ក៏​នៅ​មាន​តិច តិច​ជាង​ពេល​បច្ចុប្បន្ន​នេះ​ តិច​ជាង​រហូត​ដល់ទៅ​ពីរ​ដង​​នៃ​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​​​។ បច្ចុប្បន្ន​ដោយ​សារ​មាន​ការអភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ក៏​មាន​ការ​រីក​ចម្រើន​ ចំនួន​យានយន្ត​ក៏​មាន​ការ​កើន​ឡើង​​ អញ្ចឹង​ក៏ធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​មានការ​កើន​ឡើង​ខ្ពស់​ដែរ។ បើ​យើង​សង្កេត​មើល​ការ​គោរពច្បាប់​វិញ​​ កាលពី​មុន​ដោយសារ​ចរាចរណ៍​មាន​ចំនួន​តិច ហើយ​ការ​បើកបរ​មាន​ភាព​អធ្យាស្រ័យ​គ្នា​​ច្រើនជាង​ពេល​បច្ចុប្បន្ន​នេះ​ សីលធម៌ ការ​គោរព​គ្នា​ទៅវិញ​ទៅ​​មក​ការ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​ដែរ។ ​បច្ចុប្បន្ន​មាន​កត្តា​ជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​​គាត់​​ហ្នឹង​បើក​បរ​មិន​ចេះ​អធ្យាស្រ័យ​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង ដោយ​សារ​កត្តា​ទី​១​ ​គឺ​ការ​បំពុល​ពី​សម្ភារៈ​និយម​ដូចជា​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ​​ក្នុង​ពេល​បើក​បរ​ ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ ការ​បើកបរ​ហួស​ល្បឿន​កំណត់​ ហើយ​មួយ​ទៀត​ គឺ​សំពាធ​នៅ​ក្នុង​​សង្គម​ ដែល​គេ​ហៅ​ថា​ភាព​តាន​តឹង​​ ដែល​យើង​ហៅ​ថា ស្រេ្តស​ហ្នឹង។ មនុស្ស​បច្ចុប្បន្ន​មាន​បញ្ហា​ផ្លូវចិត្ត​​ហ្នឹង​ច្រើន​ បើ​យើង​ផ្អែក​តាម​ការស្រាវជ្រាវ​ ពោល​គឺ​មាន​លើស​ពី​ ៥០% ​​ដែល​គេ​ហៅថា គាត់​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត​។ អញ្ចឹង​ធ្វើ​ឱ្យ​អត្រា​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ហ្នឹង​មាន​ច្រើន​ជាង​មុន ហើយ​ការ​មិន​គោរព​គ្នា​ និង​ការ​អត់​ឱន​ឱ្យ​គ្នា​ក៏​មាន​ច្រើន​ជាង​មុន​ដែរ។

sabay៖ តើ​ឥរិយាបថ​មិន​ល្អ​របស់​អ្នក​បើក​បរ​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាងណា​ដែរ?

លោក អ៊ា ចរិយា​៖​​ ផល​ប៉ះពាល់​មិន​ល្អ​ទី​១ ធ្វើ​ឱ្យ​សណ្ដាប់​ធ្នាប់​ចរាចរណ៍​ក្នុង​​ប្រទេស​កម្ពុជា​មាន​ភាព​ស្មុគស្មាញ​​ វា​មាន​ការ​កក​ស្ទះ​ជាង​មុន​ ដោយ​សារភាព​មិន​ចេះ​អត់​ឱន​ឱ្យ​គ្នា​​ ភាព​មួរ​ម៉ៅ​ហ្នឹង​ក៏​កើត​មាន​​ឡើង​ច្រើន​ដែរ ហើយ​ផល​ប៉ះពាល់​សំខាន់​ទី​២នោះ​​ធ្វើ​ឱ្យ​ខាត​បង់​ទាំង​សេដ្ឋកិច្ច ធនធានមនុស្ស​ និង​ផ្លូវចិត្ត​ ព្រោះ​អី​ផល​ប៉ះពាល់​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្វើ​ឱ្យ​គាត់​បាត់បង់។ ក្រៅពី​នោះ​វិស័យ​សុខាភិបាល​តម្រូវ​ឱ្យ​មាន​សេវា​ថែ​ទាំ​ព្យាបាល​ និង​ដល់​ប្រព័ន្ធ​តុលាការ​ ។ បណ្ដាល​ឱ្យ​ពិការ​ដោយសារ​បាត់​បង់​កាយ​សម្បទា​ជាដើម។

sabay៖ លោក​កត់សំគាល់​ឃើញ​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​ធៀប​នឹង​ពេល​មុន?

លោក អ៊ា ចរិយា​៖​​​​ បើ​យើង​ប្រៀបធៀប​កាល​ពី ​១០ឆ្នាំមុន​យើង​ឃើញ​ថា ​ការអនុវត្ត​រឹត​បណ្ដឹង​ច្បាប់​កាលពីមុន​​ក៏​មាន​ភាព​ធូរ​លុង​ជាង​ពេល​បច្ចុប្បន្ន​ដែរ  ប៉ុន្តែ​ដោយ​សារ​តែ​ចរាចរណ៍​នៅ​ពេល​នោះ វា​ធ្វើ​ឱ្យ​ស្ថានភាព​កាលពី​១០​ឆ្នាំមុន​​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​ទៅ​វិញ​។ បច្ចុប្បន្ន​នេះ​ការអនុវត្ត​​ពេល​ខ្លះ​រឹត​បណ្ដឹង​ខ្លាំង​ជាង​មុន​មែន​ ប៉ុន្តែ​បើ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ កំណើន​យានយន្ត​ និង​កត្តា​ផ្លូវ​អី​ហ្នឹង វា​ធ្វើ​ឱ្យ​​​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ផល​ប៉ះពាល់​ច្រើន​ជាង​ពេល​មុន​។ ដូច្នេះ​អ្វី​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ធ្វើ៖

  • ទី​១ ​គឺ​ការអប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ច្បាស់លាស់​
  • ទី២ ការ​រឹត​បណ្ដឹង​ការ​អនុវត្ត​ច្បាប់​ អ្នក​ខ្លះ​គាត់​យល់​ហើយ ប៉ុន្តែ​​គាត់​នៅ​តែ​អត់​គោរព អញ្ចឹង​ការ​រឹត​បណ្ដឹង​ការ​គោរព​ច្បាប់​របស់​យើង​​បើ​សិន​ជា​រឹត​បណ្ដឹង​លក្ខណៈ មួយ​ឆាវៗ ម្ដងម្កាល​តាម​រដូវ​កាល​វា​អត់​មាន​ប្រសិទ្ធភាព​ទេ។ដូច្នេះ​បើ​ចង់​ឱ្យ​​ប្រជាពលរដ្ឋ​គាត់​ចូលរួម​គោរពច្បាប់​ឱ្យ​បាន​ច្រើន​​ គឺ​ត្រូវ​តែ​អប់រំ​គាត់​ឱ្យ​បាន​យល់​​គ្រប់គ្នា​ទាំង​ក្មេង​ និង​ កូន​សិស្ស​​ចាប់​ពី​បឋម​រហូត​​ដល់​វិទ្យាល័យ​​ទាំង​ប្រជាពលរដ្ឋ​ចាស់ៗ តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​ចាំបាច់​បញ្ជ្រាប​ការអប់រំ​ឱ្យ​បាន​ខ្លាំងក្លា ហើយ​កាល​ណា​គាត់​យល់​ដឹង​ហើយ​ ប៉ុន្តែ​ការ​រឹត​បន្តឹង​ហ្នឹង​វា​អត់​បាន​តឹង​រឹង​វា​អត់​មាន​ភាព​យុត្តិធម៌ និង​ភាព​ច្បាស់លាស់​ក៏​អត់​អាច​ផ្លាស់​ប្ដូរ​ឥរិយាបថ​បាន​ដែរ។ អញ្ចឹង​ត្រូវ​រួម​ផ្សំ​និង​ដើរ​ទន្ទឹម​គ្នា​ទាំង​ការអប់រំ ការ​ផ្សព្វផ្សាយ និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ទើប​ទទួល​លទ្ធផល​ជា​វិជ្ជមាន​បាន​។

sabay៖ បើ​ធៀប​នឹង​ប្រទេសជិតខាង តើ​​ការ​គោរព​ច្បាប់​យ៉ាងណា​ដែរ?

លោក អ៊ា ចរិយា​៖​​​ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​យើង​ឃើញ​ថា ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​​ការ​គោរព​ច្បាប់​ហ្នឹង​នៅ​មាន​លក្ខណៈ ​អន់ខ្សោយ​ជាង​គេ​ឆ្ងាយ​ ទី១​ដោយសារ​ចំណេះ​ដឹង​ប្រជាពលរដ្ឋ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​ គឺ​ប្រជាពលរដ្ឋ​យើង​​នៅ​ទាប​ជាង​គេ​ ហើយ​ការ​គោរព​ច្បាប់​ក៏​នៅ​តិច​ជាងគេ​ដែរ ដោយសារ​យើង​យល់​ដឹង​តិច​ជាងគេ​ ហើយ​ការ​រឹត​បន្តឹង​ច្បាប់​របស់​យើង​ក៏​មិន​មាន​លក្ខណៈ​តឹង​រឹង​ច្បាស់លាស់​ និង​ជាប់​លាប់​ដូច​ប្រទេស​ជិត​ខាង​ដែរ។ យើង​ឃើញ​សូម្បី​ប្រទេស​វៀតណាម​ អត្រា​ពាក់​មួក​សុវត្ថិភាព​របស់​គេ​គឺ​មាន​រហូត​លើស​ពី ៩៥% ចំណែក​ប្រទេស​កម្ពុជា​យើង​វិញ​ យើង​នៅ​​ក្រោយ​អត្រា​៤០%​នៅឡើយ​អ្នក​ពាក់​មួក​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​។

sabay៖ តើ​កម្ពុជា​ចាំបាច់​មាន​ផែន​ការ​យុទ្ធសាស្ត្រ​យ៉ាងណា​ ដើម្បី​ឈាន​ទៅ​កែ​ប្រែ​ឥរិយាបថ​អ្នក​បើកបរ?

លោក អ៊ា ចរិយា​៖​​​ ទី​១ ការអប់រំ​គឺជា​ប្រការ​ដ៏​ចាំ​បាច់​បំផុត​ ជាពិសេស​កុមារ​ដែល​យើង​ចាំបាច់ ត្រូវតែ​ធ្វើ​ការ​អប់រំ​តាំង​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​វិទ្យាល័យ​ដើម្បី​បង្កើន​ឱ្យ​មាន​ទម្លាប់ ឬ​វប្បធម៌​ក្នុង​ការ​គោរព​ច្បាប់។ ទី២ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជ្រាប​ដូចគ្នា​យើង​ចាំ​បាច់​ត្រូវតែ​មាន​ការ​ផ្សព្វផ្សាយ​​ឱ្យ​បាន​ទូលំទូលាយ​តាម​បណ្ដាញ​សារព័ត៌មាន​។ ទី​៣ យើង​ត្រូវ​តែ​ពង្រឹង​ក្នុង​ការ​រៀន​បើកបរ​នៅ​តាម​សាលា​បើក​បបរ​​ ហើយ​នឹង​ការ​ប្រលង​យក​ប័ណ្ណបើកបរ​​ត្រូវ​ធ្វើ​ឱ្យ​បាន​តឹង​រឹង​ និង​ច្បាស់លាស់​ទើប​មាន​គុណភាព​ខ្ពស់​ទើប​ប្រជាពលរដ្ឋ​អាច​យល់​ដឹង​ពី​ច្បាប់​នឹង​បាន​ល្អ​ប្រសើរ៕

អត្ថបទ៖ សុផល