ស្រុកខ្មែរត្រូវការ ៣ចំណុចបន្ថែម ជាជាងការវិនិយោគដាំបន្លែខ្នាតធំ ពីវៀតណាម

  • 2018-05-17 07:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​មាន​ព័ត៌មាន​ថា​ ក្រុមហ៊ុន​វៀតណាម FLC Group ចង់​វិនិយោគ​លើ​ការ​ដាំ​ដុះ​បន្លែ និង​ផ្លែ​ឈើ​ សម្រាប់​នាំ​ចេញ និង​ការ​ផ្គត់​ផ្គង់​ទេសចរ​ ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ទំហំ​ទឹក​ប្រាក់​ ប្រមាណ​១​​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​ក្រោយ។

ស្រប​នឹង​គម្រោង​ខ្នាត​យក្ស​នេះ​ អ្នក​គ្រប់គ្រង​ស្ថាប័ន​បន្ថែ​ធម្មជាតិ​ល្បីឈ្មោះ១រូប ​បាន​លើកឡើង​ថា វិស័យ​កសិកម្ម​កម្ពុជា​ ពិសេស​ការ​ដាំដុះ​បន្លែ ចាំបាច់ត្រូវការតែ៣ចំណុចបន្ថែម​ នឹង​ល្អ​ប្រសើរ ចៀស​ជាង​ការ​វិនិយោគ​ពី​បរទេស​ ដូចជា​វៀតណាម​ជាដើម។

លោកស្រី តុង ចាន់ធាង នាយិកា​ប្រតិបត្តិ នៃ​អង្គការ​សេដាក ដែល​មាន​ជំនាញ​កសិកម្ម​ និង​បច្ចេកទេស​ផ្គត់​ផ្គង់​កសិផល​ធម្មជាតិ បាន​មាន​ប្រសាសន៍​ថា ដើម្បី​គុណភាព​កសិកម្ម កម្ពុជា​យើង​គួរតែ​បង្កើន​ការ​យកចិត្តទុកដាក់ ៣ចំណុច​សំខាន់ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​កសិករ​មាន​លទ្ធភាព​ក្លាយ​ជា​ថៅកែ និង​មិន​នៅ​ស៊ី​ឈ្នួល​គេយូរ។​

លោកស្រី តុង ចាន់ធាង នាយិកា​ប្រតិបត្តិ នៃ​អង្គការ​សេដាក

**១. ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​**

ចំណុច​នេះ មាន​ដូចជា​ប្រព័ន្ធ​ប្រឡាយ​ទឹក ស្រះ ឬ​ជីក​អណ្ដូង​ទឹក ដែល​ជា​សរសៃ​ឈាម​សម្រាប់​ដំណាំ​ដាំដុះ និង​ស្រោចស្រព​ប្រចាំថ្ងៃ។ បច្ចុប្បន្ន​កសិករ​ខ្មែរ​នៅ​ខ្វះ​ចំណុច​នេះ ដោយ​សារ​តែ​តំបន់​ខ្លះ​មាន​តែ​ប្រឡាយ​ ឬ​ស្រះ​ តែ​អត់មាន​ទឹក រីងស្ងួត ខួប​ប្រាំង ខួប​វស្សា​ ដូច្នេះ​មិន​អាច​ប្រើ​ការ​បាន​ទេ​ សម្រាប់​ការ​ធ្វើ​កសិកម្ម។ មួយវិញទៀត ការ​ធ្វើ​កសិកម្ម ចាំ​បាច់​ត្រូវ​មាន​ផ្លូវ​ចេញ​ចូល​ស្រួល សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​កសិករ​ទៅ​មក​ថែទាំ​ដំណាំ និង​ការ​ដឹក​ជញ្ជូន​ពេល​ប្រមូល​ផល។

២. ជំរុញ​ការ​ដាំដុះ​បន្ថែ​ធម្មជាតិ ឬ​បន្ថែ​សរីរាង្គ

នៅ​តំបន់​ខ្លះ បើ​ទោះ​បី​កម្ពុជា​កំពុង​ដំណើរ​ការ​ដាំ​បន្លែ​សរីរាង្គ ឬ​តាម​បែប​ធម្មជាតិ​ ក៏​ពិត​មែន តែ​នៅ​មិនទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ កសិករ​ខ្មែរ​មួយ​ចំនួន​ធំ ជា​ទូទៅ​នៅ​ខ្វះ​បច្ចេកទេស​ដាំដុះ​កសិកម្ម​ អាច​និយាយ​បាន​ថា កសិករ​អាច​ដាំ​ដុះ បាន​តែ​តាម​ទម្លាប់ ឬ​ហៅ​ថា​លក្ខណៈ​គ្រួសារ​នៅ​ឡើយ។​ ដូច្នេះ មិន​ទាន់​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់គ្រាន់​បាន​ទេ។ ដើម្បី​អាច​បំពេញ​តាម​តម្រូវ​ការ​ទីផ្សារ​បាន កសិករ​ត្រូវ​មាន​ជំនាញ និង​ចេះ​បច្ចេកទេស​កសិកម្ម​ច្បាស់លាស់។

៣. លើក​កម្ពស់​ជីវភាព​កសិករ

មានន័យថា រដ្ឋាភិបាល​គួរ​តែ​ព្យាយាម​រក​ទី​ផ្សារ​ឲ្យ​កសិករ​ពេល​បាន​ប្រមូល​ផល​ឲ្យ​កាន់​តែ​ច្រើន ​និង​ធំ​ទូលាយ​ជាង​មុន។ មិនមែន កសិករ​ខំ​ដាំ តែ​បាន​ផល​អត់​មាន​អ្នក​ទទួល​ទិញ ឬ​ទម្លាក់​ថ្លៃ​ទីផ្សារ​តាម​ចិត្ត​នោះ​ទេ។ បច្ចុប្បន្ន មាន​កសិករ​មួយ​ចំនួន​បាន​ខ្ចីបុល​ឯកជន​ ដើម្បី​យក​លុយ​មក​ទិញ​ដី ឬ​ដាំ​ដំណាំ ដូច្នេះ បើ​មិន​មាន​ការ​រក​ទីផ្សារ​ច្បាស់លាស់ ប្រាកដ​ណាស់​ កសិករ​នឹង​មាន​បញ្ហា​កុន​បំណុល ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ ឬ​ប្រឈម​នឹង​ការ​ធ្វើ​ចំណាក​ស្រុក។

អត្ថបទ៖ ពៅ រក្សា