វិថីអំបិល​ប្រវែង​ជិត​៤០០​គីឡូម៉ែត្រ ត្រូវបាន​ប្រើ​នៅ​សម័យអង្គរ​

  • 2018-05-17 07:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​និយាយ​ដល់​សម័យ​មហានគរ​ ​ច្បាស់ណាស់​​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​បាន​គិត​ដល់​ទីក្រុង​អង្គរ និង​ប្រាសាទ​ជាច្រើនទៀត​ដែលបាន​កសាង​ក្នុង​ខេត្ត​សៀម​រាប​នាសម័យ​នោះ។ ទោះយ៉ាងណា​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ប្រ​ហែលជាមានចំនួន​មិន​ច្រើនទេ​ដែល​បាន​ដឹង​ថា​ក្នុង​សម័យ​អង្គរ​ មាន​មហាវិធីអំបិល​មួយ​សម្រាប់ប្រើ​ក្នុង​ការ​ដឹក​ជញ្ជូន​អំបិល​ក្នុង​រយៈចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ​មក​ផ្គត់​ផ្គង់​តម្រូវការ​ក្នុង​ទី​ក្រុង​មួយ​នេះ។

(អតីតការដ្ឋាន​យកអំបិល​សម័យអង្គរ​នៅ​ជិត​ប្រាសាទភិម៉ៃ បច្ចុប្បន្ន​ស្ថិត​ក្នុង​ខេត្ត​នគរាជសីមា ប្រទេសថៃ/រូបភាព៖ សាស្រ្តាចារ្យ ធុយ ចាន់ធួន)

ទីក្រុង​អង្គរ​ត្រូវបានអ្នកសិក្សា​ចាត់ទុកថា​ជាទីក្រុង​ធំមួយ​ក្នុង​ចំណោមទីក្រុង​ធំៗផ្សេង​ទៀត​នៅ​លើ​ពិភពលោក​មុន​បដិវត្តន៍​ឧស្សាហកម្ម​ចូល​មក​ដល់​ក្នុង​សតវត្សរ៍​ទី១៨​។ ប្រ​ជា​ជន​រស់​នៅ​ទីក្រុងអង្គរ​ត្រូវបាន​ក្រុម​អ្នកស្រាវ​ជ្រាវ​ជឿថាមាន​ច្រើនជាង​១​លាន​នាក់​ក្នុង​សម័យ​នោះ។​

មុន​នឹង​និយាយ​ដល់​មាហាវិថី​អំបិល​ អ្វី​ដែល​គួរ​ដឹង​ដែរនោះគឺ​ថា​តាម​ការសិក្សា​ផ្នែក​បុរាណ​វិទ្យា ​នៅ​កម្ពុជា​មាន​ការផលិត និង​​ប្រើ​ប្រាស់​អំបិល​តាំងពី​មុន​គ្រឹស្ត​សករាជ។ អ្នកសិក្សា​បាន​រកឃើញ​ក្រ​ឡ​មួយ​នៅ​បន្ទាយ​គូ ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ​ បច្ចុប្បន្ន ហើយ​​ជាការសន្និដ្ឋាន​ ​ក្រឡ​នោះ​ត្រូវបាន​គេ​ដាក់​ទឹក​សមុទ្រ​ដើម្បី​ផលិត​អំបិល​។ ​

លោក ធុយ ចាន់ធួន ត្រូវ​បាន​មជ្ឈដា្ឋន​អ្នក​សិក្សា​ចាត់ទុក​ថាជា​បុរាណ​វិទូ​ល្បី​ឈ្មោះ​មួយ​រូប​ ដែល​បាន​ធ្វើ​កិច្ច​ការ​ច្រើន​ទាក់ទង​នឹង​ការងារ​បុរាណវិទ្យា​នៅ​កម្ពុជា រួម​ទាំង​បាន​បោះ​ពុម្ពសៀវភៅ​ច្រើន​ចំណង​ជើង​រួច​មក​ហើយ​ផង​ដែរ។

សម្រាប់មហា​​វិថី​អំបិល​វិញ​បុរាណវិទូ ធុយ ចាន់ធួន ឡើក​ឡើង​ថា​ទើប​តែឃើញ​មាននៅ​សម័យ​អង្គរ​ដែល​តភ្ជាន់​ពីទីក្រុង​អង្គរ ទៅប្រាសាទភិម៉ៃ​ក្នុង​ខេត្ត​នគរាជសីមា ប្រទេស​ថៃ អតីត​ទឹក​ដី​របស់​អាណាចក្រ​ខ្មែរ និង​មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង​ភ្នំដងរែក​។ ទោះយ៉ាណា​លោក​បញ្ជាក់​ថា​ពុំទាន់មាន​ការសិក្សាណា​មួយ​បញ្ជាក់​ច្បាស់​ថា​មហាវិថីអំបិល​នេះ​កើតមាន​ក្នុង​រាជស្តេច​អង្គណាក្នុង​សម័យ​អង្គរ​​នោះទេ​។

(លោក ធុយ ចាន់ធួន បង្ហាញពី​វិថិអំបិល​ ពេល​ផ្តល់បទសម្ភាសន៍ជាមួយ​ Sabay កាលពី​ម្សិល​មិញ)

លោក​ឲ្យ​ដឹងថា៖ «[ខ្ញុំ]សន្និដ្ឋាន​ថា​មាន​តាំងពីមុន​ជយវម៌ទី៧ទៅទៀត ជយវម៌ទី៧ នៅ​សតវត្សរ៍ទី​១៣​ហើយ​ហ្នឹង​អ៊ីចឹង​សម័យ​អង្គរ តាំងពីសម័យអង្គរ ពីដើម​សតវត្សរ៍ទី៩ អាច​មាន​តាំង​ពីហ្នឹង»។​​​​​

មហា​វិថី​អំបិលនេះ លោក​ថា​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​អំបិល​ពី​តំបន់​ប្រាសាទភិម៉ៃ​មក​ផ្គត់​ផ្គង់ទី​ក្រុង​អង្គរ​នៅ​សម័យ​នោះ។

ពី​ប្រា​សាទ​ភិម៉ៃ​មក​ដល់​រាជធានី​អង្គរ​មាន​ចម្ងាយ​ជិត​៤០០​គីឡូម៉ែត្រ ហើ​យ​នៅ​តាម​​បណ្តោ​យ​មហា​វិថី​នេះ លោក ធុយ ចាន់​ធួន ថា​មាន​ធម្មាសាលា ឬសាលា​សំណាក់​ជា​ច្រើន​ ដែលទំនង​សម្រាប់​បម្រើ​ដល់​ការ​ស្នាក់​នៅ​របស់​អ្នក​ដឹក​អំបិល​តាម​រយៈ​រទេះក្របី​ ឬ​រទេះដំរី​ជាដើម​។

(ចម្ងាយ​ផ្លូវ​ពី​អង្គរ ទៅកាន់​ប្រាសាទភិម៉ៃ/រូបភាព៖ screenshot ពី google maps)

លោក​សាស្រ្តាចារ្យ​បន្ថែមថា៖ «មហាវិធី​មួយ​ដែរ​ចេញទៅ​ទិសឧត្តរ​ទៅ​ប្រាសាទភិម៉ៃ ប្រាសាទភិម៉ៃ​ស្រដៀង​គ្នា​នឹង​អង្គរ​តូច កំពូលស្រដៀងគ្នា ភិម៉ៃ​ជា​ទីក្រុងបុរាណ​មួយ​របស់​ខ្មែរ ហើយ​នៅ​ជុំ​វិញ​ប្រា​សាទភិម៉ៃ​ហ្នឹង​សុទ្ធតែជា​កន្លែង​យក​អំបិល អ៊ីចឹង​ហើយ​ពី​ភិម៉ៃ​មក​អង្គរ​គេ​ហៅថា​វិថីអំបិល»។

មូល​ហេតុ​ដែល​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​បាន​ថា​ភិម៉ៃ​ជា​កន្លែង​ផ្គត់​ផ្គង់​អំបិល​មក​ទី​ក្រុង​អង្គរ​ដោយ​ថា​គ្មាន​ភស្តុតាង​ណាមួយ​ដែល​បង្ហាញថា​ទីក្រុង​អង្គរ​មាន​កន្លែង​ផលិត​អំបិល​នោះទេ។ មួយវិញ​ទៀត លោក ធុយ ចាន់ធួន ថា​ការ​​យក​អំបិលពី​ខេត្ត​កំពត​​ទំនងជា​មិនអាចទៅ​រូច​ដោយសារ​មានឧបសគ្គ​មួយ​គឺ​ត្រូវឆ្លង​កាត់​បឹង​ទន្លេសាប និង​​មានចម្ងាយឆ្ងាយ​រហូត​​ជាង​៤៥០​គីឡូម៉ែត្រ​។

​​​​​​​​នៅ​តំបន់​ប្រាសាទ​ភិម៉ៃ​នាពេលបច្ចុប្បន្ន​ក៏​នៅ​មាន​ប្រ​ជា​ពល​រដ្ឋ​បន្តជីក​យក​រ៉ែ​អំបិល​​សម្រាប់​ផលិត​ជា​អំបិល​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​នៅ​ឡើយ ហើយ​នេះ​ជា​តឹក​តាង​មួយ​ដែល​បុរាណ​វិទូរូបនេះ​អះអាងថាបាន​បន្ត​​តាំងពី​សម័យ​បុរាណមក​។

លោក​អះអាង​យ៉ាង​ដូចនេះថា៖ «មូល​ហេតុអ្វីបានជាយើង​សន្និដ្ឋាន​ថា​ជាមហាវិថី​អំបិល សួរថា​អង្គរ​មាន​អំបិល​មកពីណា អ៊ីចឹង​ដើម្បីបាន​អំបិលទាំងអស់​ហ្នឹង​ត្រូវ​យក​មក​ពីណា តើ​យក​មក​ពីកំពតឬ? កំពត​ត្រូវ​ឆ្លងកាត់​សមុទ្រទឹកសាប(បឹងទន្លេសាប)​មួយ​យ៉ាង​ធំ ហើយទៅ​នោះ​(ភិម៉ៃ)តាម​ជើងគោក​រហូត​មក​ហ្នឹង»។ ​​​​​

​បើ​និ​យាយ​ពីគុណ​សម្បត្តិ​របស់​អំបិល​វិញ លោក​សាស្រ្តាចារ្យ​ពន្យល់​ថា​អំបិល​ជា​របស់​ដែល​ចាំបាច់​ក្នុង​ចំណោម​របស់​ផ្សេង​ទៀត​​សម្រាប់​ទ្រទ្រង់ជីវិត​មនុស្សមិន​ថានៅអតីតកាល​ឬ​បច្ចុប្បន្ន។

ក្នុង​សំណេរ​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គមហ្វេស​ប៊ុក កាលពី​ដើម​ខែឧសភា នេះ លោក ធុយ ចាន់ធួន លើកឡើងថាជាតិ​សាសន៍​​មួយ​ចំនួន​បាន​ចាត់ទុកអំបិលជា «រតនវត្ថុ ឬ​រូបិយវត្ថុ» ខណៈ​ដែលអ្នក​សិក្សា​បាន​រកឃើញ​ទីតាំង​ផលិត​អំបិល​ចាស់ជាង​គេ​មួយ​កន្លែង​ក្នុង​ប​រទេស​ប៊ែលហ្សិក​ ដែលមាន​អាយុកាល​ប្រហែលពី​៤ ៧០០ មក​​៤ ២០០​ឆ្នាំ​មុន​គ.ស។

(អតីតកន្លែង​ផលិត​អំបិល និងទឹកត្រី សម័យ​រ៉ូមាំង នៅភាគខាង​ត្បូង​ប្រទេស​អេស្ប៉ាញ​បច្ចុប្បន្ន/រូបភាព៖ សាស្រ្តាចារ្យ ធុយ ចាន់ធួន)

សម្រាប់​លោក​ធុយ ចាន់ធួន ការ​រក​ឃើញ​មហាវិថីអំបិល​នេះ​បាន​បង្ហាញពី​មោទកភាព​របស់​បុព្វ​បុរស​ខ្មែរ​ដែល​មាន​សមត្ថភាព​​រុក​រក​រ៉ែ​អំបិល​មក​ប្រើ​ប្រាស់​ក្នុងជីវភាព​ប្រ​ចាំ​ថ្ងៃ​ ខណៈនៅ​សម័យ​នោះពុំទាន់​មាន​វិទ្យាសាស្រ្ត​ទំនើប​នៅឡើយ។

លោក សាស្រ្តាចារ្យ​មាន​ប្រ​សាសន៍​បន្តថា៖ «ហ្នឹ​ង​ជាមោទកភាព​របស់ជាតិ ដោយសារដូន​តា​យើង​បាន​បន្សល់​កេរតំណែល ដែលជា​ភស្តុតាង​គាត់​ធ្វើបានក្នុង​សម័យ​នោះ​មក​ឲ្យប្រើ​ប្រាស់​ដល់​សព្វថ្ងៃ»។

«មនុស្ស​ណាដែល​អត់យល់ពីប្រ​វត្តិសាស្រ្ត​ខ្លួន​ឯង ជនជាតិ​ណា​ដែលអត់ស្គាល់​ពី​ប្រ​វត្តិសាស្ត្រ​ខ្លួន​ឯង នោះ​នឹង​មិន​ដឹង​គោល​ដៅ​ពិត​របស់​ខ្លួន​ឯង​ថា​ទៅណាទេ»។ បុរាណវិទូ​ដដែល​បន្ថែម៕

អត្ថបទ៖ ទូច សុខា