Startup Rap ​ប្រមូល​ផ្ដុំ គំនិត​អាជីវកម្ម​ល្អៗ បង្អួត​អន្តរជាតិ

  • 2018-05-17 10:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ជួបជុំ ប្រមូល​ផ្ដុំ​ផ្លាស់​ប្ដូរ​គំនិត​យោបល់​​​ពី​បណ្ដា​អ្នក Startup ពី​ផែនការ និង​គំនិត​អាជីវកម្ម ​ទាំង​អ្នក​ជំនួញ​ជើងចាស់ និង​ជើង​ថ្មី ជា​ពិសេស​ក្នុង​សម័យ​ទំនើប​ឌីជីថល​នេះ​ច្រើន​ហូរហែ​មក​ហើយ។ ដោយ​មើល​ឃើញ​ពី​ការ​យក​ឈ្នះ​លើ​ភាព​បរាជ័យ ដ៏​សម្រិតសម្រាំង​ពី​ជើង​ខ្លាំង​ខាង​ប្រមូល​គំនិត​ធ្វើ​ជំនួញ (បង្កើត)ថ្មី​វ័យ​ក្មេង និង​ជំនួញ​ជើង​ចាស់​ជោគជ័យ ទើប​ជំរុញ​ឲ្យ​លោក Andries De Vos ផ្ដើម​គំនិត និង​ចេញ​សកម្មភាព​បង្កើត​ក្រុមការងារ ជួប​ជាមួយ​អ្នក​គំនិត​អាជីវកម្ម​ឆ្នើមៗ​ទាំង​នោះ ចងក្រង​ជា​ឯកសារ​វីដេអូ (ចម្រៀង) ឡើង ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​មហាជន​ខ្មែរ និង​បន្ត​បង្អួត​ដល់​អន្តរជាតិ ពី​ភាព​វៃ​ឆ្លាត ក្នុង​ការ​បណ្ដាក់​ទុន​រក​ស៊ី។

ជា​អ្នក​ Startup និង​ជា​នាយក​ប្រតិបត្តិ​វ័យ​ក្មេង​ក្រុមហ៊ុន Slash.co (នៅ​មាន​ក្រុមហ៊ុន ២ផ្សេង​ទៀត​ក្នុង​ដៃ​តំណាល​គ្នា) Andries De Vos ឲ្យ​ Sabay ដឹង​ថា “យើង​សម្រេច​ឈរ​ជើង​នៅ​​ភ្នំពេញ ដោយសារ​តែ ទីនេះ​ប្រមូល​ផ្ដុំ​ដោយ​អ្នក​មាន​ទេពកោសល្យ និង​ឆន្ទៈ​ខ្ពស់​មិន​ចេះ​រីងស្ងួត និង​ការ​ខិតខំ​បន្ត​កែប្រែ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ច្រើន”។ បន្ត​ថា គោលដៅ​របស់​Slash.co គឺ​ចង់​បង្ហាញ​ពី​គំនិត​ផ្ដួចផ្ដើម​នៃ​ការ​ចាប់​ផ្ដើម​បច្ចេកវិទ្យា ​(Tech Scenes Startup) ថ្មី​នៅ​កម្ពុជា​ទៅ​កាន់​ពិភពលោក​តាមរយៈ​ បទចម្រៀង​រ៉េប ជាមួយ នាយក​ប្រតិបត្តិ និង អ្នក បង្កើត​នៅ​កម្ពុជា។

វីដេអូ​ប្រមូល​ផ្ដុំ​របស់​បណ្ដា​អ្នក Startup ថ្នាក់​ដឹកនាំ​ពាណិជ្ជកម្ម និង​វិនិយោគិន​ល្បីៗ៖

បន្ថែម​ពី​លើ​អត្ថន័យ​វីដេអូ​ចម្រៀង​ជាង ៣នាទី ដែល​រាយរាប់​ពី និង​បង្អួត​ពី​ Startup កម្ពុជា​លើ​វិស័យ​បច្ចេកវិទ្យា លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា William A.Heidt ក៏​បាន​លើក​ឡើង​ពី​គុណសម្បត្តិ​ក្នុង​ការ​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​ដូច្នេះ​ថា "មែន​ទែន​ទៅ​មាន​ការ​វិវត្តន៍​ច្រើន​ជុំវិញ​វិស័យ​បច្ចេកវិទ្យា​នៅ​អាស៊ីអាគ្នេយ៍។ នៅ​កម្ពុជា​មាន​មធ្យោបាយ​​ច្រើន​ណាស់ ក្នុង​ការ​ចាក់​​​បញ្ចូល (តិចណូឡូជី) ​ជា​ជំនួយ​ទៅ​ក្នុង​អាជីវកម្ម​របស់​អ្នក។ កម្ពុជា​ជា​បណ្ដុំ​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ដ៏​អស្ចារ្យ និង​មាន​តម្លៃ​សេវា​ទាប។ ”។

Andries ធ្វើបទបង្ហាញកន្លងទៅ (ប្រភព៖ Startup Jungle)
ក្រុមការងារ Slash.co ក្រោមការ​ដឹកនាំ​របស់ Andries(ឈរខាង​មុខ​រាប់​ពី​ស្ដាំ ទី៣)

មិន​ទាន់​អស់​ពី​អត្ថន័យ​បង្កើត​យុទ្ធនាការ Startup Rap ដែល​សរសើរ​និង​កៀរគរ ​ការ​បណ្ដាក់​ទុន ឬ​អ្នក​ចង់​រក​ស៊ី​​ក្នុង​សហគមន៍​បច្ចេកវិទ្យា​អន្តរជាតិ​ឲ្យ​ចាប់​អារម្មណ៍​ពី​លទ្ធភាព និង​សមត្ថភាព​Tech Startup នៅ​កម្ពុជា​ Andries De Vos ជា​នាយកប្រតិបត្តិ​វ័យ​ក្មេង​បន្ត​ថា​ កម្ពុជា​សព្វថ្ងៃ​កំពុង​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​យ៉ាង​ឆាប់រហ័ស និង​ជា​ទីផ្សារ​បើក​ទូលាយ​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ដើម្បី​ចូលរួម​ជា​ដៃគូ​ជាមួយ​អ្នក​ផ្ដល់​សេវាកម្ម និង​ពាណិជ្ជករ​ក្នុង​វិស័យ​នេះ​ក្នុង​តំបន់ លើ​ការ​វិនិយោគ។ ជា​ការ​ល្អ​ប្រសិន​បើ​កម្ពុជា​ខ្លួន​ឯង​អាច​បង្ហាញ​ពី​អ្វី​ដែល​វិនិយោគិន​ក្នុងស្រុក​គិត​អំពី​ឱកាស​ទីផ្សារ។

ដោយ៖ ចិត្ត