កីឡាករ​ឆ្នើម​រូប​នេះ​ជា​កីឡាករ​លោក​ Wengerស្ដាយ​ជាង​គេ​ ក្នុង​ការ​​ទិញ​មិន​បាន

  • 2018-05-17 11:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ

ខណៈ​ការ​ដឹកនាំ​ក្លឹប​ Arsenal រយៈ​ពេល​ជិត ២២ ឆ្នាំ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ទីបញ្ចប់ លោក Arsene Wengerបាន​ទម្លាយ​ថា កីឡាករ​ដែល​លោក​ស្ដាយ​ជាង​គេ​ ក្នុង​ការ​​ទិញ​មិន​បាន​គឺ Cristiano Ronaldo។

បើ​តាម​ការ​ថ្លែង​របស់​លោក Wenger ទៅ​គេហទំព័រ​ផ្លូវ​ការ​របស់ Arsenal ក្នុង​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០០៣ ក្លឹប​ស្ទើរ​តែ​ទិញ​ខ្សែ​ប្រយុទ្ធ​ Ronaldo ពី​ក្លឹប Sporting បាត់​ទៅ​ហើយ។ លោក​ថែម​ទាំង​បង្ហើប​​ថា កីឡាករ​ព័រទុយហ្គាល់ និង​ម្ដាយ​របស់​រូប​គេ ធ្លាប់​ទាំង​មក​ក្លឹប​ឡុងដុង​មួយ​នេះ​​ទៀត​ផង។ កាល​នោះ Arsenal បាន​ចរចា​ជាមួយ​ក្លឹប​ Sporting ក្នុង​ការ​ផ្ទេរ Ronaldo ក្នុង​តម្លៃ​ប្រមាណ ៤,៥ លាន​ផោន (ជាង ៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

ទោះ​ជា​យ៉ាង​ណា អ្វី​ៗ​បាន​ប្រែប្រួល​ក្រោយ​ការ​ប្រកួត​មិត្តភាព​រវាង​ក្លឹប Manchester United និង​ក្លឹប​ព័រទុយហ្គាល់ Sporting ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ សីហា ឆ្នាំ ២០០៣។ ក្នុង​ប្រកួត​នោះ Ronaldo ដែល​នៅ​ពេល​នោះ​មាន​វ័យ​ក្មេង​នៅ​ឡើយ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ រហូត​ដល់​ធ្វើ​ឲ្យ​កីឡាករ​បិសាច​ក្រហម​ជា​ច្រើន​បាន​ធ្វើ​ការ​បញ្ចុះបញ្ចូល​ឲ្យ​លោក Alex Ferguson ធ្វើ​ការ​ផ្ទេរ​កីឡាករ​រូប​នេះ​មក​ Old Trafford ហើយ​លោក​ក៏​យល់​ព្រម។ Manchester United ក៏​បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​នាំ​ចូល​ Ronaldo ក្នុង​តម្លៃ​ផ្ទេរ ១២ លាន​ផោន (ប្រមាណ ១៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក) ដែល​ជា​តម្លៃ​ខ្ពស់​ជាង​ជិត ៣ ដង​នូវ​តម្លៃ​ដែល Arsenal កំពុង​ចរចា។

បើ​សិន​ជា​ពេល​នោះ Arsenal គឺ​ជា​ក្លឹប​ដែល Ronaldo ចូល​រួម​វិញ លោក Wenger បាន​បន្ត​ថា ប្រវត្តិសាស្ត្រ​របស់​ Arsenal ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន ច្បាស់​ជា​មាន​ការ​ប្រែប្រួល​ប្លែក​ពី​អ្វី​ដែល​បាន​ឃើញ​សព្វថ្ងៃ។

សូម​បញ្ជាក់​ផង​ដែរ Ronaldo បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​បិសាច​ក្រហម នៅ​ឆ្នាំ ២០០៣ និង​បន្ត​នៅ​ក្លឹប​បាន ៦ ឆ្នាំ។ ក្នុង​អំឡុង​ពេល​នោះ កីឡាករ​បាន​អភិវឌ្ឍ​ខ្លួន​រហូត​ក្លាយ​ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់។

នៅ​ឆ្នាំ ២០០៩ កីឡាករ​បាន​ផ្ទេរ​ទៅ Real Madrid ក្នុង​តម្លៃ ៨០ លាន​ផោន (ប្រមាណ ១០៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក) និង​នៅ​តែ​បាន​បន្ត​ទម្រង់​លេង​ល្អ​របស់​ខ្លួន។ គិត​មក​ទល់​ពេល​នេះ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ ស៊ុត​ចូល​សរុប ៤៤៩ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣៦ ប្រកួត​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ៕


ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី