រឿង​នេះ​ហួស​ចិត្ត ចង់​ចូល​ដល់​ប៉ែត គឺ​ថា​ឲ្យ​តែ​នឹក​ឃើញ​ពេល​ណា ហួស​ចិត្ត​អាណិត​ពូ​តូច!

  • 2018-05-18 11:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិល​ទៅ​វិល​មក ដល់​ថ្ងៃ​ទៀត​បាត់ “នឹក​ឡើង​ហួស​ចិត្ត” នៅ​សប្ដាហ៍​នេះ កាន់​តែ​ប្លែក ដោយ​កញ្ញា​ស្រស់​ស្អាត​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ម្នាក់ បាន​ចូល​ខ្លួន​មក​ចែក​រំលែក​រឿង ដែល​កញ្ញា​អះអាង​ថា ឲ្យ​តែ​នឹក​ឃើញ​ពេល​ណា ហួស​ចិត្ត​អស់​សំណើច​នឹង​ខ្លួន​ឯង​រាល់​លើក។ តោះ...ស្ដាប់​កញ្ញា​រៀបរាប់​ខាង​ក្រោម៖

នាង​ខ្ញុំ​ឈ្មោះ នី​ពណ៌ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​មាន​អាយុ ២២​ឆ្នាំ។ នៅ​ពេល​នេះ ខ្ញុំ​មាន​រឿង​ហួស​ចិត្ត​មួយ ចែក​ជូន​បង​ប្អូន​សើច​លេង​ក្នុង​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត"។

នីពណ៌

បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ កាល​ពី​ខ្ញុំ​មាន អាយុ​ខ្ទង់​១៣ឆ្នាំ ខ្ញុំ​ទើប​បាន​ប៉ា​ម៉ាក់​ទិញ​កង់​ថ្មី​មួយ​ឲ្យ អីចឹង​ហើយ គឺ​ស្រឡាញ់​ណាស់ ជិះ​មិន​ចង់​ឈប់​ទេ ហើយ​មួយ​ថ្ងៃ​ៗ​បន់​ឲ្យ​តែ​មាន​អ្នក​ប្រើ នឹង​អាល​បាន​ជិះ​កង់​លេង។ នៅ​ថ្ងៃ​មួយ រឿង​ហួស​ចិត្ត​ក៏​បាន​មក​ដល់។ កាល​ណោះ យាយ​ខ្ញុំ​បាន​ប្រើ​ខ្ញុំ​ឲ្យ​ទៅ​ទិញ​កាហ្វេ​ឲ្យ​គាត់ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​ប្រមាណ ២០០ ម៉ែត្រ។

ទទួល​បាន​ការ​ប្រើ​ពី​យាយ ខ្ញុំ​មិន​រួញរា​ទេ ព្រោះ​ទើប​តែ​ទិញ​កង់​ថ្មី​អីចឹង​ចង់​ជិះ​ណាស់ ដូច្នេះ​ខ្ញុំ​ក៏​ទាញ​កង់​វឹង ជិះ​ទៅ​ទិញ​កាហ្វេ​ជាមួយ​ពូ​របស់​ខ្ញុំ​ម្នាក់ តែ​វា​មាន​អាយុ​ក្មេង​ជាង​ខ្ញុំ ៤ ឆ្នាំ ទើប​កាល​ណោះ​ទម្លាប់​ហៅ​តែ​ "វា​ៗ" អីចឹង។ ជិះ​កង់​ឌុប​ពូ​តូច បាន​ប្រមាណ​១០​នាទី ពួក​ខ្ញុំ​ក៏​បាន​ទៅ​ដល់​កន្លែង​ទិញ​កាហ្វេ ហើយ​ខ្ញុំ​ក៏​ចុះ​ទៅ​ទិញ ដោយ​ទុក​ឲ្យ​ពូ​ខ្ញុំ​វា​នៅ​ចាំ​កង់។

ពូ​របស់ នីពណ៌(រូបភាព៖​ផ្ដល់​ដោយ នីពណ៌)

ពេល​ទិញ​រួច​ហើយ​ដើរ​ចេញ​ពី​ទាម​កាហ្វេ​មក​វិញ ខ្ញុំ​ក៏​ដើរ​ទៅ​ផ្ទះ​វិញ​ភ្លាម​តែ​ម្ដង ដោយ​មិន​ចាប់​ភ្លឹក​ថា​មាន​រឿង​អ្វី​ឡើយ។ លុះ​ទៅ​ដល់​ផ្ទះ​មួយ​ល្ងាច​ទើប​នឹក​ឃើញ​ថា ព្រះ...ខ្ញុំ​ភ្លេច​ពូ​ខ្ញុំ និង​កង់​នៅ​ទាម​កាហ្វេ​ឯណោះ...ភ្លេច​មិន​ចេះ​តិច​ម៉ោង។ និយាយ​ពី​ពូ​ខ្ញុំ​វិញ ពេល​នោះ​វា​មិន​ដឹង​ទេ​ថា ខ្ញុំ​បាន​មក​ផ្ទះ​ហើយ ហើយ​វា​អត់​ចេះ​ជិះ​កង់​ទៀត។ ចាំ​បាត់​ៗ មិន​ឃើញ​ខ្ញុំ​ចេញ​ពី​ទិញ​កាហ្វេ​សោះ វា​ក៏​សម្រេច​ចិត្ត​បណ្ដើរ​កង់​មក​ផ្ទះ។

ដោយ​ឡែក​ខ្ញុំ​ ក្រោយ​ពី​នឹក​ឃើញ ក៏​ដើរ​ទៅ​មុខ​ផ្ទះ​បម្រុង​នឹង​ទៅ​យក​កង់ និង​ពូ​ខ្ញុំ​ដែល​ខ្ញុំ​ភ្លេច​មួយ​ល្ងាច​នៅ​ទាម​កាហ្វេ។ ស្រាប់​តែ​ចេញ​បាន​បន្តិច ខ្ញុំ​ក៏​បាន​ឃើញ​ពូ​ខ្ញុំ​វា​បណ្ដើរ​កង់​មក​។ គួរ​ឲ្យ​អស់​សំណើច​នោះ គឺ​វា​បណ្ដើរ​ទាំង​ផ្អៀង​ឆ្វេង ផ្អៀង​ទៅ​ស្ដាំ ដួល​ផង​អី​ផង ច្រងាប់ច្រងិល ព្រោះ​វា​នៅ​តូច​ពេក។ ឃើញ​អីចឹង ខ្ញុំ​ក៏​បាន​ទៅ​ជួយ​យក​កង់ និង​វា​មក​ផ្ទះ​ទាំង​អស់​សំណើច។

និយាយ​ទៅ វា​ជា​រឿង​ហួស​ចិត្ត​ដែល ឲ្យ​តែ​ពេល​នឹក​ឃើញ​កាល​ណា គឺ​ខ្ញុំ​អស់​សំណើច និង​ហួស​ចិត្ត​ខ្លួន​ឯង ភ្លេច​នេះ ភ្លេច​ម៉ា​ទំហឹង​ហ្មង ហា...ហា...ហា...សុំ​ទោស​ពូ​តូច!!!

មិន​ត្រឹម​តែ​ខ្ញុំ​ខ្លួន​ឯង​ទេ សូម្បី​តែ​យាយ​ខ្ញុំ​ប៉ា​ម៉ាក់​បង​ប្អូន មិត្តភ័ក្ដិ អ្នក​ជិត​ខាង​ដែល​ដឹង​រឿង ក៏​ហួស​ចិត្ត​គ្រប់​គ្នា​ដែរ!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម