Honor 10 ម៉ូឌែល​ថ្មី​ពី Huawei ចេញ​បាន​ត្រឹម​មួយ​ថ្ងៃ លក់​ដាច់​ស្តុក​នៅ​តំបន់​អឺរ៉ុប

  • 2018-05-18 14:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Huawei បាន​បញ្ជាក់​ជា​ផ្លូវការ​មុន​នេះ​បន្តិច​ថា​ម៉ូឌែល​ស្មាតហ្វូន Honor 10 បាន​លក់​ដាច់​អស់​ហើយ​នៅ​ទីផ្សារ​អឺរ៉ុប ក្រោយ​ប្រកាស​លក់​ជា​សាធារណៈ​បាន​រយៈ​ពេល​មួយ​ថ្ងៃ។

ជើង​ខ្លាំង​អ្នក​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៣ ក្នុង​លោក មិន​ទាន់​អាច​បង្ហើប​ពី​តួ​លេខ​ច្បាស់ការ​នៃ​ចំនួន​ម៉ាស៊ីន​ចេញ​លក់ ប៉ុន្តែ​តាម​ការ​ប្រមើល​មើល​មាន​អតិថិជន​ជាង ៨០ ០០០ នាក់​ជ្រើសរើស​ការ​បញ្ចុះ​តម្លៃ ៣០ អឺរ៉ូ និង​ការ​លក់​ចេញ​សរុប​អាច​ឈាន​ដល់​ជាង ១០០ ០០០ គ្រឿង

ក្នុង​ប្រទេស​អេស្ប៉ាញ Honor 10 បាន​ដាច់​ស្តុក​ត្រឹម​រយៈ​ពេល ៦ ម៉ោង ខណៈ​ជម្រើស​ពណ៌​ថ្មី Phantom Blue លក់​ដាច់​គ្មាន​សល់​ត្រឹម​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​ប្រទេស​បារាំង។ នេះ​ក៏​ដោយ​សារ​កត្តា​តម្លៃ ដែល​ថ្លៃ​ត្រឹម ៤៧០ ដុល្លារ ជាមួយ​ការ​ផ្តល់​ជូន​នូវ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ខ្លាំង​ប្រហែល​ស្មាតហ្វូន​ថ្លៃ​កន្លះ​ពាន់​ដុល្លារ P20។

ត្រកូល Honor សេរ៊ី​ឆ្នាំ ២០១៨ មាន​បំពាក់​នូវ​អង្គ​គណនា Octa-core ឈីប Kirin 970 អម RAM 4/6GB ជាមួយ​ជម្រើស​អង្គ​ផ្ទុក 64/128GB។ ផ្នែក​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 16+24MP មាន​មួយ​គ្រាប់​ជា​លែន Monochrome និង​អាច​ថត​ Selfie បាន​ច្បាស់​ដល់​កម្រិត 24MP នៅ​ផ្នែក​ខាង​មុខ។

ថ្វី​បើ​យ៉ាងណាមិញ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ពុំ​ទាន់​បង្ហើប​ពី​គោលដៅ​វាយ​លុក​ទីផ្សារ​នា​ពេល​បន្ទាប់​នៅ​ឡើយ ប៉ុន្តែ​បើ​ស្លាកយីហោ​ Honor នៅ​តែ​បន្ត​ជោគជ័យ​បែប​នេះ នោះ​គូ​ប្រជែង​ធុន​ទាន​ដូច​ជា Xiaomi ដែល​កំពុង​ដុតដៃដុតជើង​ខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​ស្រុក អាច​ថា​ត្រូវ​ប្រឈម​បញ្ហា​ច្រើន​ជាង​មុន​បន្តិច។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា