ក្រោយ​សារភាព​ថា​បាន​ជួប​មេៗ Real នាយក Bayern បញ្ជាក់​ពី​ស្ថានភាព Lewandowski

  • 2018-05-18 13:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​សារភាព​ថា​បាន​ជួប​នាយក​ៗ​របស់ Real Madrid កាល​ពី​ពេល​កន្លង​ទៅ នាយក​ប្រតិបត្តិ​ក្លឹប Bayern លោក Karl-Heinz Rummenigge បាន​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ខ្សែ​ប្រយុទ្ធ Robert Lewandowski នឹង​ចាក​ចេញ​ពី​ក្លឹប​ ទៅ​ក្លឹប​យក្ស​អេស្ប៉ាញ។

លោក Karl-Heinz Rummenigge

នៅ​ពេល​សួរ​ទាក់​ទង​ពី​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ លោក Rummenigge បាន​ប្រាប់​ Muenchner Merkur ថា៖ “Robert កំពុង​តែ​ស្មោះ​ស្ម័គ្រ​យ៉ាង​ខ្លាំង​ចំពោះ​ក្លឹប យើង​មិន​ដឹង ហើយ​ក៏​មិន​ខ្វល់​ដែរ​ថា ពាក្យ​ចចាមអារ៉ាម​នេះ (Robert Lewandowski នឹង​ចាក​ចេញ​ទៅ Real Madrid) ចេញ​ពី​ណា​នោះ"។

នាយក​ប្រតិបត្តិ​ក្លឹប​រូប​នេះ បាន​បន្ត៖ "កាល​ពី​ពេល​ថ្មីៗ​នេះ​ យើង​ទើប​តែ​បាន​ជួប និង​ទទួលទានបាយ​ថ្ងៃ​ត្រង់​បាន​ពីរ​ពេល​ជាមួយ​នាយក​ៗ​របស់ Real Madrid។ ក្នុង​ជំនួប​ទាំង​នោះ ពួក​យើង​មិន​បាន​និយាយ​សូម្បី​មួយ​ម៉ាត់​អំពី Lewandowski"។

យ៉ាង​នេះ​ក្ដី លោក​បាន​សង្កត់​ធ្ងន់​ថា រយៈ​ពេល​នៃ​កុងត្រា​កីឡាករ​គឺ​ជា​រឿង​សំខាន់។ លោក​បាន​និយាយ​ថា បើ​សិន​ជា​មាន​ក្លឹប​ណា ហ៊ាន​ចេញ​មុខ​មក​ឲ្យ​ថ្លៃ​តាម​តម្លៃ​កុងត្រា ក្លឹប Bayern នឹង​ពិចារណា។

Lewandowski មាន​កុងត្រា​ជាមួយ​ក្លឹប Bayern រហូត​ដល់ ២០២១។ បើ​តាម​សម្ដី​របស់​លោក Rummenigge កាល​ពី​ឆ្នាំ ២០១៦ កុងត្រា​របស់​ Lewandowski មិន​មាន​តម្លៃ​ផ្ដាច់​កុងត្រា​នោះ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា កីឡាករ​ប៉ូឡូញ Lewandowski អាច​ចេញ​ពី Bayern ក្នុង​ទីផ្សារ​ដោះ​ដូរ​ខាង​មុខ​នេះ។ របាយ​ការណ៍​ទាំង​នោះ ភាគ​ច្រើន​និយាយ​ដូច​ៗ​គ្នា​ថា Real Madrid កំពុង​ស្ថិត​ក្នុង​បេក្ខភាព​ជួរ​មុខ។

Lewandowski ស៊ុត​ចូល ៤០គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ Bayern ចំនួន ៤៧ ប្រកួត​ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម