Arteta ព្រមព្រៀង​ធ្វើ​ជា​​គ្រូ​បង្វឹក​ថ្មី​របស់ Arsenal

  • 2018-05-19 01:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​បម្រើ​ក្លឹប​កាំភ្លើងធំ Mikel Arteta បាន​យល់​ព្រម​ដើម្បី​ជំនួស​លោក Arsene Wenger ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​នៅ Arsenal ដែល​គេ​ជឿ​ថា​ការ​ប្រកាស​ជា​ផ្លូវការ​នឹង​កើត​ឡើង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ នេះ​បើ​តាម​ Goal ទើប​បាន​ចុះ​ផ្សាយ។

បើ​ទោះ​ជា​ពុំ​ទាន់​មាន​ការ​ចុះ​កិច្ចសន្យា​ផ្លូវការ ប៉ុន្តែ​ប្រភព​ខាងលើ​ជឿ​ថា អតីត​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​នឹង​​ធ្វើ​ដំណើរទៅ​កាន់​ទឹកដី Emirates នា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ ដើម្បី​ជំនួស​តំណែង Wenger។

Arteta បច្ចុប្បន្ន​ជា​ជំនួយការ​​របស់​លោក Pep Guardiola នៅ​ក្លឹប Manchester City និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​ក្លឹប​របស់​​មហាសេដ្ឋី​ប្រេង​របស់​ប្រទេស​អារ៉ាប់រួម​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ។

នាយក​ប្រតិបត្តិ​ក្រុមកាំភ្លើងធំ​លោក Ivan Gazidis ជឿ​យ៉ាង​មុតមាំ​ថា Arteta វ័យ​៣៦​ឆ្នាំ​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​វ័យក្មេង​​ដែល​នឹង​អាច​​បង្កើត​រចនាសម្ព័ន្ធ​បាល់ទាត់​អឺរ៉ុប​សម័យ​ទំនើប។ គាំទ្រ​ដោយ​ប្រធាន​ជ្រើសតាំង​បុគ្គលិក​របស់​ក្លឹប គឺ ​លោក Sven Mislintatនិង ប្រធាន​ផ្នែក​ទំនាក់ទំនង លោក Raul Sanllehi សុទ្ធ​តែ​ជឿជាក់​​ដូច​គ្នា​ចំពោះ Arteta។ ​​​

ការ​លេច​ឡើង​ដែល​ថា Arteta គឺ​ជា​ជម្រើស​ចម្បង​របស់​ Arsenal ក្នុង​ការ​ជំនួស​តំណែង​លោក Wenger បាន​កើត​ឡើង​ក្រោយ​ពី​លោក Massimiliano Allegri បាន​សម្រេចចិត្ត​ថា​នឹង​បន្ត​នៅ​ដឹកនាំ Juventus ដោយ​មិន​ជ្រើស​យក​កាំភ្លើង​ធំ​ឡើយ។

លោក Luis Enrique ក៏ត្រូវបានគេចាត់ទុកថាជាបេក្ខភាព​គ្រូ​បង្វឹកថ្មី​សម្រាប់​ក្រុម​កាំភ្លើង​ធំ​ផងដែរ។ ប៉ុន្តែ ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ក្លឹប Arsenal លោក Sanllehi ដែល​បានស្គាល់​គ្រូ​បង្វឹក​វ័យ​៤៨​ឆ្នាំ​ អំឡុង​ពេល​​ពួកលោក​ធ្លាប់​នៅ Camp Nou ជា​មួយ​គ្នា បាន​ព្រមាន​ក្លឹប​ Arsenal មិន​ឲ្យ​​ជ្រើសរើស​អតីត​គ្រូ​បង្វឹក​ Barcelona រូប​នេះ​ឡើយ ដោយ​យោល​លើ​ហេតុ​ផល​ថា Enrique ជា​មនុស្ស​ពិបាក​ធ្វើការ​ជាមួយ។

Arteta បាន​ចាកចេញ​ពី Arsenal នៅ​ពេល​លោក​ចូល​និវត្តន៍​កាលពី​ឆ្នាំ ២០១៦ ដោយ​បាន​បង្ហាញ​ខ្លួន​ចំនួន ១៥០ ប្រកួត ទាត់​បញ្ចូល​ទី​បាន ១៦ គ្រាប់ អំឡុង​ពេល​លេង​បាន​៤​រដូវ​កាល​នៅ​ឯ​កីឡដ្ឋាន Emirates៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត