អតីត​យុវជន​បាទី សាន គឹមហេង ស៊ុត២​គ្រាប់ ជួយ​ វិសាខា ឈ្នះ​ ការពារ​ជាតិ​ ២-០

  • 2018-05-19 09:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ​​មិន​អាច​ស្វែងរក​ពិន្ទុ​បាន​ទេ​ក្នុង​សប្តាហ៍​ទី​៦ ​​នៃ​លីគ​កំពូល​កម្ពុជា​​ល្ងាច​ថ្ងៃ​សៅរ៍​​នេះ បន្ទាប់​​ចាញ់​ក្រុម​ខ្លាំង​ចំណូល​ថ្មី វិសាខា ដោយ​លទ្ធផល ២-០ នៅ​កីឡដ្ឋាន​វេស្ទើន។

ក្រុម​វិសាខា

ការ​​ប្រកួត​ទាំង​ពីរ​វគ្គ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​​ថា តំបន់​ប្រយុទ្ធ និង​តំបន់​ការពារ​របស់​ វិសាខា ពិត​ជា​ល្អ​ដែល​ធ្វើ​ឲ្យ​ក្រសួង​ការពារ​ជាតិ​មិន​អាច​បំប៉ោង​សំណាញ់​ទី​របស់​ខ្លួន​បាន​ឡើយ។ ខ្សែ​បម្រើ​កូរ៉េ​ខាង​ជើង​ទាំង​ឆ្វេង និង​ស្តាំ​របស់​​វិសាខា​ជា​ផ្នែក​ដ៏​សំខាន់​ដែល​ជួយ​ដល់​អតីត​​យុវជន​សាលា​បាល់ទាត់​ទន្លេ​បាទី សាន គឹមហេង ដែល​លេង​តំបន់​កណ្តាល​​ដើម្បី​រក​គ្រាប់​បាល់។ ២​គ្រាប់​របស់ សាន គឹមហេង រក​បាន​​នៅ​នាទីទី​៤៥+ នៃ​វគ្គ​ទី​១ និង​នៅ​នាទី​ទី​៧៤​នៃ​វគ្គ​ទី​២។ រហូត​ដល់​សប្តាហ៍​នេះ អតីត​យុវជន​បាទី​រក​បាន​៣​គ្រាប់​ហើយ​ក្នុង​លីគ​​កំពូល​កម្ពុជា។

ចំណែក​ក្រសួង​ការពារ​ជាតិ​ក៏​មាន​ឱកាស​ស៊ុត​ម្តង​ម្កាល​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ដោយ​អ្នក​ចាំ​ទី កែវ សុខសិលា ជួយ​សង្គ្រោះ​បាន​រហូត និង​ខ្សែ​ការពារ​របស់​វិសាខា ក៏​រឹង​មាំ​ថែម​ទៀត។

ក្រុម​ក្រសួង​ការពារ​ជាតិ

ចំណែក​មួយ​គូ​ទៀត ក្រុម​អាស៊ី​អឺរ៉ុប និង​​អង្គរ​ថាយហ្គឺរ​ ចែក​គ្នា​បាន​១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ បន្ទាប់​ពី​បញ្ចប់​៩០​នាទី​ដោយ​លទ្ធផល ២-២៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម