Zenbook Pro 15 តម្លៃ​មិន​សំខាន់ តែ​​កម្លាំង​ម៉ាស៊ីន​ទំនើប​កប់​ពពក

  • 2018-05-20 02:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Asus បាន​ប្រកាស​បង្ហាញ​នូវ​កុំព្យូទ័រ​យួរដៃ​ជំនាន់​ថ្មី​ម៉ូឌែល Zenbook Pro 15 បំពាក់​កម្លាំង​ម៉ាស៊ីន​ខ្លាំង ល្មម​ឲ្យ​គូ​ប្រជែង​ខ្លាច​រអា។ គែម​ព័ទ្ធ​ជុំវិញ​កម្រាស់ ១៨,៩ ម.ម មាន​ទម្ងន់​ស្រាល​ត្រឹម ១,៨៥ គីឡូក្រាម បន្សំ​អង្គ​គណនា​ Core i9 Hexacore ជាមួយ GPU ធុន​ខ្ពស់ GTX 1050 លាយឡំ​ការ​បន្ថែម​នូវ​ឧបករណ៍​បំពង​សំឡេង (Speaker) ស្លាកយីហោ​ល្បី​ពី Harman Kardon និង​ដំឡើង​កម្រិត​រូបភាព​ច្បាស់​លើ​អេក្រង់​ដល់ 4K។

CPU ជំនាន់ Core i9 ប្រទះ​ឃើញ​មាន​តិច​បំផុត​លើ​ Laptop សេរ៊ី​បច្ចុប្បន្ន ប៉ុន្តែ​ចំពោះ Zenbook Pro 15 ក៏​មាន​ជម្រើស​អង្គ​គណនា​ធុន​កណ្តាល 6 Core ជំនាន់ Core i7-8750H ឬ 4 Core ជំនាន់ Core i5-8300H និង​ប្រភេទ​ទាំង​ពីរ​ប្រើ​អេក្រង់​ទំហំ ១៥,៥ អ៊ីញ IPS LCD កម្រិត 4K/1080P ដូច​គ្នា។

ការ​រចនា​តួ​ខ្លួន​ខាង​ក្រៅ​ទាក់​ភ្នែក​អ្នក​ប្រើប្រាស់ ដោយ​លាយឡំ​ពណ៌ Rose Gold នៅ​តាម​គែម​ព័ទ្ធ​សង​ខាង ជាមួយ​សារធាតុ​អាលុយមីញ៉ូម​ល្បី​ឈ្មោះ Deep Dive Blue ។ ចំពោះ​ RAM ក៏​មាន​ជម្រើស 8/16GB ហើយ​ក្រុមហ៊ុន Asus ផ្តល់​ជូន​នូវ SSD ធំ​ឡើង​ដល់ 1TB (Pcle 3.0 x4/NVMe)។ អ្នក​អាច​ទទួល​បាន​រន្ធ​ដោត Thunderbolt 3 ចំនួន ២ រន្ធ, USB 3.1 Gen 2 ចំនួន ២ រន្ធ, រន្ធ​ដោត HDMI, រន្ធ microSD និង​រន្ធ​សំឡេង TRRS។

កម្លាំង​ថាមពល​ថ្ម​ប្រភេទ Li-Poly ទំហំ 71 វ៉ាត់​ម៉ោង ដោយ Asus បញ្ជាក់​យ៉ាង​ច្បាស់​ថា​កុំព្យូទ័រ​យួរ​ដៃ​មួយ​នេះ​នឹង​អាច​ប្រើប្រាស់​បាន​ដល់ ៩,៥ ម៉ោង ខណៈ​តម្លៃ​និង​ទីផ្សារ​ចេញ​លក់ មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​បង្ហើប​ប្រាប់​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា