៨ ហេតុផល មិន​ចាំ​បាច់​លោត​ដល់ iPad Pro ទេ ទិញ​ត្រឹម iPad ក៏​បាន​ដែរ

  • 2018-05-20 02:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចេញ​លក់​ iPad ៤ ម៉ូដែល​ មាន​ iPad Mini 4, The iPad និង​ iPad Pro ពីរ​ជំនាន់​។ លើកលែង​តែ​អ្នក​ចូលចិត្ត​រាង​របស់​ Mini តែ​​អ្នកប្រើប្រាស់​ភាគច្រើន​នឹង​ជ្រើសរើស​​រវាង​ iPad និង​ ម៉ូដែល​ពីរ​របស់​ iPad Pro។

តើ iPad និង iPad Pro មាន​ចំណុចខុស​គ្នា​យ៉ា​ងណា​?

១) តម្លៃ

iPad មាន​តម្លៃ​ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ iPad Pro ដោយ​៖

  • iPad ទំហំ ៩.៧ អ៊ីង​ តម្លៃចាប់​ពី​ ៣២៩ ដុល្លារ​ ទៅ​ ៥៥៩ ដុល្លារ​
  • iPad Pro ទំហំ ១០.៥ អ៊ីង​ តម្លៃ​ចាប់​ពី​ ៦៤៩ ទៅ​ ១ ១២៩ ដុល្លារ​
  • iPad Pro ទំហំ ១២.៩ អ៊ីង​ តម្លៃ​ចាប់​ពី​ ៧៩៩ ទៅ ១ ២៧៩ ដុល្លារ​

២) iPad Pro មាន​បច្ចេកវិទ្យា​ថ្មី​ តែ​ស្តង់ដារ​អេក្រង់​របស់​ iPad នៅ​តែ​មាន​គុណភាព​ខ្ពស់

ចំណុច​ខុសគ្នា​ធំ​បំផុត​រវាង​ iPad និង​ iPad Pro គឺ​អេក្រង់​។ ម៉ូដែល​ iPad Pro ប្រើ​បច្ចេកវិទ្យា​ ProMotion មាន​កម្រិត​ Refresh ១២០ Hz ជួយ​ឲ្យ​ការ​ប្រើប្រាស់​ដូចជា​អូស​មើល​វេបសាយ​ ឬ​មើល​វីដេអូ​បាន​រលូន​ល្អ​។ ជាពិសេស​ ពេល​ប្រើ​ជាមួយ​ Apple Pencil កម្រិត​ Refresh បែប​នេះ​ ជួយ​ឲ្យ​ការ​សរសេរ​លើ​ iPad មើល​ទៅ​ដូច​សរសេរ​លើ​ក្រដាស​អីចឹង​។

iPad ទំហំ​ ៩.៧ អ៊ីង​ថ្មី​អាច​ប្រើ​ Apple Pencil ដូចគ្នា​ ហើយ​គ្រប់​យ៉ាង​មើល​ទៅ​នៅ​ល្អ​លើ​អេក្រង់​ប្រភេទ​ Retina។ ពេល​កាន់​ iPad និង​ iPad Pro ប្រាកដ​ជា​សម្គាល់​ឃើញ​ចំណុច​ខុសគ្នា​ តែ​មិន​ជា​ខកចិត្ត​ច្រើន​នោះ​ទេ​ បើ​ iPad មិន​ប្រើ​ ProMotion។

៣) iPad ទំហំ​ ៩.៧ អ៊ីង​ មិន​អាច​ភ្ជាប់​ប្រើ​មុខងារ​ Smart Keyboard របស់​ Apple

iPad អាច​ភ្ជាប់​ប្រើ​ស្ទើរ​តែ​គ្រប់​យ៉ាង​​ដូច​ម៉ូដែល​ iPad Pro ដោយសារ​ប្រើ​បច្ចេកវិទ្យា​ Bluetooth និង​ WiFi ដូចគ្នា​ រួម​ទាំង​អាច​ប្រើ​ Apple Pencil បាន​ដូច​គ្នា។

ឧបករណ៍​មួយ​ប៉ុណ្ណោះ​ប្រើ​បាន​តែ​លើ​ម៉ូដែល​ iPad Pro គឺ​ Smart Keyboard របស់​ Apple។ ដោយ​ Smart Connectors បំពាក់​ក្នុង​ iPad Pro អាច​ភ្ជាប់​ប្រើ​ Smart Keyboard ដោយ​ស្វ័យប្រវត្តិ​ ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ និង​ថាមពល​។ រីឯ​តម្លៃ​ Smart Keyboard មាន​ជិត​ ២០០ ដុល្លារ​។

៤) អេក្រង់​ធំ​ មិន​តែងតែ​ល្អ​នោះ​ទេ

iPad រចនា​ដំបូង​ ពី​ឆ្នាំ​ ២០១០ មាន​ទំហំ​អេក្រង់​ ៩.៧ អ៊ីង​ ហើយ​តាំង​ពី​នោះ​មក​ Apple នៅ​រក្សា​ទំហំ​នៅ​ដដែល​ ត្បិត​បន្ថែម​ជម្រើស​ទំហំ​ផ្សេង​ទៀត​ ដូចជា​ iPad Mini និង​ iPad Pro។

iPad ៩.៧ អ៊ីង នៅ​តែ​ជា​ទំហំ​​អ្នកប្រើប្រាស់​ភាគច្រើន​​ចូលចិត្ត ដោយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​តាម​ខ្លួន​។

៥) iPad Pro មាន​កាមេរ៉ា​ល្អ​ អាច​ថត​វីដេអូ​កម្រិត​ 4K និង​ថត​ Super slow motion ក្នុង​ល្បឿន​ ២៤០ Frames ក្នុង​មួយ​វិនាទី​ តែ​អ្នក​ពិត​ទេ​យក​វា​ផលិត​ខ្សែ​ភាពយន្ត

អ្នក​ប្រហែល​មិន​ត្រូវការ​គុណភាព​កម្រិត​ 4K សម្រាប់​ថត​វីដេអូ​នៅ​ផ្ទះ​នោះ​ទេ​ ហើយ​ក៏​ប្រហែល​មិន​យក​ iPad ទៅ​ថត​វីដេអូ​នៅ​សាធារណៈ​ដែរ​ ព្រោះ​មើល​ទៅ​ដូច​មិន​សូវ​សម​។

៦) ម៉ូដែល​ iPad Pro កាមេរ៉ា​ FaceTime ល្អ​ប្រសើរ​ តែ​ត្រឹម​គុណភាព​ HD ល្មម​អាច​ប្រើ​បាន

ម៉ូដែល​ iPad Pro អាច​ថត​វីដេអូ​កម្រិត​ ១០៨០p HD ខណៈ iPad អាច​ថត​កម្រិត​ ៧២០p HD។ លុះត្រា​តែ​ អ្នក​ប្រើ​ថត​ផលិត​វីដេអូ​ខ្លួន​ឯង​ កម្រិត​ត្រឹម​ ៧២០p HD នៅ​តែ​ល្អ​ ល្មម​អាច​ប្រើ​បាន​។

៧) iPad ទំហំ​ ៩.៧ អ៊ីង និង​ iPad Pro ទំហំ ១០.៥ អ៊ីង​មាន​ទម្ងន់​ដូចគ្នា​ ខណៈ​ iPad Pro ទំហំ​ ១២.៩ អ៊ីង​ ធ្ងន់​ជាង

iPad Pro ១២.៩ អ៊ីង​ មាន​ទម្ងន់​ប្រហែល​ ០.៦ គីឡូក្រាម​ ខណៈ​ Device ពីរ​ផ្សេង​ទៀត​មាន​ត្រឹម​ ០.៤ គីឡូក្រាម​។ មើល​ទៅ​មិន​ប៉ុន្មាន​នោះ​ទេ​ តែ​ពេល​កាន់​ប្រើ​យូរ​ៗ នឹង​មាន​អារម្មណ៍​ពិបាក​កាន់​ប្រើ​។

៨) iPad Pro មិន​មាន​កម្មវិធី​អ្វី​ប្លែក​លើ​ iPad នោះ​ទេ

ទាំង iPad និង iPad Pro ប្រើ​ iOS មាន​កម្មវិធី​នានា​ដូចគ្នា​ តែ​គ្រាន់​ម៉ូដែល​ iPad Pro អាច​ប្រើ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​ (៣ កម្មវិធី) ខណៈ​លើ​ iPad ប្រើ​បាន​កម្មវិធី​ពីរ​ក្នុង​ពេល​តែ​មួយ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន