តិចនិក​រើស Laptop ឲ្យ​ត្រូវ​ចិត្ត សម្រាប់​អ្នក​សរសេរ​កម្មវិធី (Programmer)

  • 2018-05-21 04:07:51
  • ចំនួនមតិ 2 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

ការ​ជ្រើសរើស​ទិញ​ Laptop ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​អ្នក​សរសេរ​កម្មវិធី អាច​ថា​ជា​រឿង​ស្មុគស្មាញ។ Sabay លើក​ឡើង​ពី ៨ ចំណុច​​សម្រាប់ Programmer​ត្រូវ​គិត​ឲ្យ​បាន​ដិតដល់​មុន​សម្រេច​ចិត្ត​រើស​យក​ Laptop ម៉ូឌែល​ណា​មួយ។

១.រួបរាង:

ក្រៅ​ពី​ការ​សម្លឹង​មើល​តួ​ខ្លួន​និង​ទំហំ ត្រូវ​គិត​ដល់​រន្ធ​ដោត​ដែល​ត្រូវ​ការ​ប្រើប្រាស់ ជៀសវាង​ប្រភេទ​ខ្លះ​មាន​រន្ធ​ដោត​តិច ពិបាក​ត្រូវ​ទិញ​ឧបករណ៍​ជំនួយ​បន្ថែម​ទៀត។ បន្ថែម​ពី​នេះ​និយាយ​ដល់​ទំហំ​តួ​ម៉ាស៊ីន ក៏​ទាក់ទង​ទម្ងន់​និង​ខ្នាត​អេក្រង់ ប្រសិន​ណា​អ្នក​ឧស្សាហ៍​អង្គុយ​នៅ​មួយ​កន្លែង​ អាច​រើស​យក​អេក្រង់​ធំ​ដល់ ១៥ អ៊ីញ ឬ​ឧស្សាហ៍​ផ្លាស់​ទីតាំង​ញឹកញាប់​ជម្រើស ១៣ ឬ ១៤ អ៊ីញ ក៏​​ល្មម​បំផុត​ហើយ។

២.កម្រិត​បង្ហាញអេក្រង់:

កម្រិត​រូបភាព​ជះ​ចេញ​ពី​អេក្រង់​ជា​កត្តា​ចាំ​បាច់​មួយ​ដែល​អ្នក​សរសេរ​កម្មវិធី​ត្រូវ​ខ្វាយខ្វល់ ព្រោះ​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង​អង្គុយ​នៅ​មុខ​អេក្រង់​កុំព្យូទ័រ។ ជា​មធ្យម​កម្រិត​អេក្រង់​ Laptop បំពាក់​មក​នូវ​កម្រិត ១ ៣៦៦ x ៧៦៨ ភីកសែល ដែល​មើល​ទៅ​ពណ៌​មិន​ជា​សូវ​ដិត​ល្អ ហើយ​សាច់​រូប​ច្បាស់​ក៏​ពិបាក​ក្នុង​ការ​អាន។ ថ្វី​បើ​ត្រូវ​ជៀស​កម្រិត​អេក្រង់ 4K ដែល​មាន​តម្លៃ​ថ្លៃ​និង​ស៊ី​ថ្ម​ខ្លាំង អ្នក​ក៏​អាច​រើស​យក​ត្រឹម​កម្រិត Full HD ១ ៩២០ x ១ ០៨០ ភីកសែល ជា​រួម​កុំ​ឲ្យ​តូច​ជាង​នេះ​ឲ្យ​សោះ។

៣.CPU:

អង្គ​គណនា CPU ជា​ទូទៅ​អ្នក​ត្រូវ​លៃលក​រើស​ឲ្យ​បាន​ត្រឹម Intel Core i5 ឬ i7 ដែល​មាន​ល្បឿន 3GHz ឬ​ខ្ពស់​ជាង​នេះ។

៤.RAM:

ចាំ​បាច់​ត្រូវ​រំលង​ទំហំ RAM 4GB បើ​តាម​អ្នក​ជំនាញ​ណែនាំ យ៉ាង​តិច​បំផុត​ក៏​យក​ឲ្យ​បាន​ដល់ 8GB។ ដូច​ជា​កម្មវិធី Elctron ដែល​ទាមទារ​ទំហំ RAM ធំ បើ​មាន​ថវិកា​ច្រើន​ក៏​អាច​ចំណាយ​ដល់ 16GB កាន់​តែ​ប្រសើរ។

៥.អង្គ​ផ្ទុក:

បច្ចុប្បន្ន​គេ​និយម​បំផុត​អង្គ​ផ្ទុក​ប្រភេទ SSD ព្រោះ​ធ្វើ​ឲ្យ​ដំណើរការ​ម៉ាស៊ីន​រត់​លឿន​បាន​ល្អ មិន​ថា​តែ​ដំណើរការ OS ការ Compile កូដ និង​ដំណើរការ​បើក​កម្មវិធី​ជា​ដើម។ ធុន​ល្មម​ត្រឹម 256GB ឬ​ដល់ 512GB និង 1TB កាន់​តែ​ប្រសើរ ប៉ុន្តែ​រាង​អស់​លុយ​ក្រាស់​បន្តិច។

៦.ក្តារ​ចុច (Keyboard):

នេះ​ពុំ​មាន​ការ​កំណត់​ឬ​ជម្រើស​អ្វី​ឡើយ ធាតុ​ពិត​ផ្អែក​លើ​ការ​សាកល្បង​របស់​អ្នក​ផ្ទាល់ មុន​ពេល​សម្រេច​ចិត្ត​ទិញ។ ចំណុច​ពិសេស​គឺ​ក្តារ​ចុច​ភ្លឺ​ភ្លើង Back-lit ដែល​មាន​ប្រយោជន៍​សម្រាប់​ធ្វើ​ការ​​ពេលយប់។

៧.ថាមពល​ថ្ម:

តាម​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​រើស​យក Laptop មាន​ថាមពល​ថ្ម​យ៉ាង​តិច ៦ ម៉ោង ប៉ុន្តែ​កុំ​ជឿជាក់​លើ​ការ​បញ្ជាក់​ពី​ក្រដាស​របស់​ក្រុមហ៊ុន​ពេក យល់​ល្អ​គួរ​ស្រាវជ្រាវ​មើល​តាម​គេហទំព័រ​ឬ​អ្នក​ប្រើប្រាស់​ពិត​ប្រាកដ​ណា​មួយ។

៨.ប្រព័ន្ធ​ប្រតិបត្តិ:

ត្រង់​ប្រព័ន្ធ​ប្រតិបត្តិ​ក៏​សម្រេច​លើ​អ្នក​ប្រើ​ផ្ទាល់ ដោយ Windows ក៏​មាន​ច្រើន​ជម្រើស​នៃ​ការ​សរសេរ​កូដ ខុស​ពី macOS ដែល​មាន​ការ​កំណត់​នៃ​ម៉ាស៊ីន Macbook ផ្ទាល់។ ប៉ុន្តែ​ផ្អែក​តាម​មតិ​ភាគ​ច្រើន រាល់​អ្នក​សរសេរ​កម្មវិធី​និយម​រើស​យក​ពួក Macbook ច្រើន​ជាង Windows។

ប្រភព: freecodecamp.org/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ medium.freecodecamp.org   ប្រែ​សម្រួល៖ កៅ រក្សា