ប្រធាន​ក្លឹប Chelsea​ កំពុង​ជាប់​នៅ​រុស្សី ក្រោយ​អង់គ្លេស​​មិន​បន្ត Visa ឲ្យ

  • 2018-05-21 02:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​រុស្សី​​លោក Roman Abramovich ដែល​ជា​ប្រធាន​ក្លឹប Chelsea មិន​ទាន់​​បាន​បន្ត​ ទិដ្ឋាការ (Visa) នៅ​ប្រទេស​អង់គ្លេស​នៅ​ឡើយ​ទេ ក្រោយ​អស់​សុពលភាព​កាល​ពី​ខែ​មុន។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ពេល​ Chelsea យក​ឈ្នះ Man Utd ១-០ Roman មិន​បាន​បង្ហាញ​វត្តមាន​ទេ ដោយ​ជាប់​គាំ​នៅ​ប្រទេស​រុស្សី ហើយ​មិន​អាច​វិល​ចូល​ប្រទេស​អង់គ្លេស​វិញ​បាន​ដោយ​សារ Visa​ហួស​កំណត់។

យោ​តាម​ប្រភព​ជិតស្និទ្ធ​បាន​ឲ្យ​ដឹង​ថា ពាក្យ​សុំ​ធ្វើ​ទិដ្ឋាការ​ថ្មី​របស់ Abramovich មិន​ត្រូវ​បាន​បដិសេធ​ទេ ប៉ុន្តែ​​អាជ្ញាធរ​ចក្រភព​អង់គ្លេស​សុំ​គិត​​រយៈពេល​វែង​ខុស​ពី​ធម្មតា​បន្តិច​សម្រាប់​ការ​បន្ត ទិដ្ឋាការ​នេះ​ ដោយ​មិន​ផ្ដល់​ការ​ពន្យល់​ណា​មួយ​ឡើយ។

មួយ​រយៈ​ចុងក្រោយ​​ការ​ទូត​រវាង​ប្រទេស​រុស្សី​និង​អង់គ្លេស​កំពុង​មាន​ភាព​តានតឹង​នឹង​គ្នា ក្រោយ​អតីត​ភ្នាក់ងារ​យក​ការ​របស់​អង់គ្លេស​ម្នាក់​ត្រូវ​បាន​គេ​បំពុល​​​ក្នុង​ទីក្រុង Salisbury ប្រទេស​អង់គ្លេស​កាល​ពី​ខែ មីនា​កន្លង​ទៅ។ Roman Abramovich បាន​ចូល​កាន់កាប់​ក្លឹប Chelsea​ កាល​ពី​ឆ្នាំ​២០០៣។ ផ្អែក​តាម​ទស្សនាវដ្ដី Forbes ក្នុង​ឆ្នាំ​២០១៨​នេះ សេដ្ឋី​វ័យ​៥១​ឆ្នាំ​មាន​ទ្រព្យសម្បត្តិ​១០,៨​ប៊ីលាន​ដុល្លារ ធ្វើ​ឲ្យ​គេ​ឈរ​លេខ​១១​ជា​អ្នក​មាន​ជាង​គេ​នៅ​រុស្សី៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ