OnePlus តម្លៃ​តាំង​ពី​ ២៩៩ ដុល្លារ ឡើង​ដល់​ ៥២៩ ដុល្លារ​

  • 2018-05-21 03:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus ជា​ម៉ាក​ទូរសព្ទ​មាន​លក្ខណៈ​សម្បត្តិ​ខ្លាំង និង​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត បើ​ធៀប​នឹង​ស្មាតហ្វូន​ដទៃ។ ជាក់​ស្ដែង​​ OnePlus One ដែល​​ចេញ​នៅ​ឆ្នាំ​ ២០១៣ មាន​តម្លៃ​ត្រឹម​ ២៩៩ ដុល្លារ (តម្លៃ​លើ​ទីផ្សារ​បរទេស)។

យ៉ាងណាក្ដី​តម្លៃ​របស់​​ស្មាតហ្វូន​ OnePlus ក៏​បន្ត​មាន​ការ​កើន​ឡើង​ពី​មួយ​ស៊េរី ទៅ​មួយ​ស៊េរី ប៉ុន្តែ​មាន​ការ​កើន​ឡើង​តិច​តួច​បំផុត។ ខាង​ក្រោម​នេះ​ បង្ហាញ​ពី​តម្លៃ​របស់​ស្មាតហ្វូន​ OnePlus ដែល​ចេញ​កន្លង​មក ៖

#OnePlus One តម្លៃ​ ២៩៩ ដុល្លារ​

ជា​មួយ​បន្ទះ​ឈីប​ Snapdragon 801, RAM ទំហំ​ ៣ GB, អេក្រង់​ LCD ទំហំ​ ៥,៥ អ៊ីញ​ បង្ហាញ​រូបភាព​ ១០៨០ ភីកសែល​ លក្ខណៈ​សម្បត្តិ​នេះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ ដោយ​វា​មាន​តម្លៃ​ត្រឹម​ ២៩៩ ដុល្លារ​ប៉ុណ្ណោះ។

#OnePlus Two តម្លៃ​ ៣២៩ ដុល្លារ​

OnePlus Two ប្រកាស​ចេញ​ក្រោយ​ OnePlus One បង្ហាញ​មុខ​បាន​ជាង​មួយ​ឆ្នាំ​ ជា​មួយ​បន្ទះ​ឈីប​ Snapdragon 810, RAM ទំហំ​ ៣ ឬ ៤ GB, ទ្រនាប់​ស្កេន​ម្រាម​ដៃ, រន្ធ​ USB-C, ថ្ម​ធំ​ជាង​មុន និង មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS លើ​កាមេរ៉ា​ផង​ដែរ។ លក្ខណៈ​សម្បត្តិ​កប់​ជាង​មុន ប៉ុន្តែ​តម្លៃ​របស់​វា​ឡើង​ថ្លៃ​តែ​ ៣០ ដុល្លារ​ប៉ុណ្ណោះ។

#OnePlus 3 តម្លៃ​ ៣៩៩ ដុល្លារ​

OnePlus 3 មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 820, មាន​ RAM ទំហំ​ ៦ GB, អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB, អេក្រង់​ AMOLED និង​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ Dash Charge។ កាមេរ៉ា​ខ្លាំង​ជាង​មុន ប៉ុន្តែ​ថាមពល​ថ្ម​បាន​ទម្លាក់​មក​នៅ​ត្រឹម​ ៣០០០ mAh ប៉ុណ្ណោះ។

#OnePlus 3T តម្លៃ​ ៤៣៩ ដុល្លារ

OnePlus 3T មាន​ការ​អាប់ដេត​បន្តិច​បន្តួច​លើស​ OnePlus 3 ដោយ​មាន​បន្ទះ​ឈីប​ Snapdragon 821, កាមេរ៉ា​មុខ​ ១៦ MP, ថ្ម​ ៣៤០០ mAh និង មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB។

#OnePlus 5 តម្លៃ​ ៤៧៩ ដុល្លារ​

រំលង​លេខ​ ៤ ដែល​ជា​លេខ​​តំណាង​ឲ្យ​សំណាង​អាក្រក់ OnePlus បាន​ចេញ​ OnePlus 5 យក​តែ​ម្ដង ដោយ​ជា​ស្មាតហ្វូន​ដំបូង​របស់​ OnePlus មាន​កាមេរ៉ា​ភ្លោះ។ វា​មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 835, RAM ទំហំ​ ៦ ឬ ៨ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ ឬ ១២៨ GB។

រូបរាង​របស់​ OnePlus 5 ស្រដៀង​គ្នា​នឹង iPhone 7 ហើយ​មាន​កាមេរ៉ា​ភ្លោះ​កម្រិត ១៦ MP លាយ​នឹង​ ២០ MP។ OnePlus 5 ទទួល​បាន​ការ​រិះគន់​ដោយ​មាន​ការ​ Upgrade ដែល​មិន​សម​នឹង​​មាន​ការ​ឡើង​ថ្លៃ​ លើស​​ជិត ១០០ ដុល្លារ។

#OnePlus 5T តម្លៃ​ ៤៧៩ ដុល្លារ

លក្ខណៈ​សម្បត្តិ​ 5T មិន​ខុស​ពី​ 5 ធម្មតា​ខ្លាំង​ប៉ុន្មាន​ឡើយ ពោល​មាន​ផ្លាស់​ប្ដូរ​តែ​អេក្រង់​​មាន​ទំហំ​ ៦ អ៊ីញ ដែល​មាន​មាត្រដ្ឋាន​ 18:9 និង​បាន​ប្ដូរ​ទ្រនាប់​ស្កេន​ទៅ​ខាង​ក្រោយ ហើយ​មាន​មុខងារ​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ។

#OnePlus 6 តម្លៃ​ ៥២៩ ដុល្លារ​

OnePlus 6 មាន​រូបរាង​ថ្មី​​ស្រោប​ដោយ​កញ្ចក់ និង មាន​អេក្រង់​ AMOLED ធំ​ជាង​មុន អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ខ្ពស់​ជាង​មុន និង​ មាន​បន្ទះ​ឈីប​ Snapdragon 845។ បន្ថែម​ពី​នេះ​មាន​​កាមេរ៉ា​ភ្លោះ​សមត្ថភាព​ប្រសើរ​ជាង​មុន, អាច​ធន់​នឹង​ទឹក ហើយ​អាច​ចូល​រួម​នឹង​កម្មវិធី​ Android P Beta ​ផង​ដែរ។

​តាម​ការ​បង្ហាញ​​​នេះ​ ឃើញ​ថា​ OnePlus 2 ឡើង​មក​​ OnePlus 3 មាន​ការ​កើន​ឡើង​តម្លៃ​ច្រើន​ជាង​គេ រហូត​ដល់​ ៧០ ដុល្លារ​។ ការ​ឡើង​ថ្លៃ​នេះ​មាន​​ថែម​គ្រឿង​ក្នុង​ថ្មី, ​ប្ដូរ​ប្រើ​អេក្រង់​ OLED និង ការ​បង្ហាញ​មុខ​របស់​បច្ចេកវិទ្យា​ Dash Charge ផង​ដែរ៕

​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម