ប្រុស​សង្ហាក្រុមជម្រើសជាតិ ចុះ​បង្រៀនក្មេងៗឲ្យសម្រេច​​សុបិន​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​

  • 2018-05-21 10:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​កុមារ​ប្រមាណ ៣០០ នាក់​បាន​ចូលរួម​នៅ​ក្នុង​វ​គ្គ​ហ្វឹកហាត់​នៅ​ទីលាន​បាល់ទាត់​ក្លឹប​ភ្នំ​ពេញ​ក្រោ​ន ជាមួយ​នឹង​ការ​ជួយ​ណែនាំ​ពី​​កីឡាករ​កម្ពុជា​ដូចជា​លោក អន ចាន់​ប៉ូ​លីន សឿត បារាំង និង​ អ៊ុក សុវណ្ណ​។

នេះ​ជា​ការ​រៀប​ចំ​ដោយក្រុមហ៊ុន SCG ហើយ​នឹង​​​បន្ត​បង្ហាញ​ការតាំងចិត្ត​របស់ខ្លួន​ ដើម្បីគាំទ្រ​ដល់​កុមារ​កម្ពុជា​ ដែល​ចាប់អារម្មណ៍​លើ​កីឡាបាល់ទាត់ តាម​រយៈ​កម្មវិធី​ហ្វឹកហាត់​កីឡាបាល់ទាត់ “Kick and Share”។

លោក វ៉ា​រុត តេ​ចាសុ​ផា​តគុល (Varut Techasupatkul) ប្រធាន​ផ្នែក​ម៉ាក​យីហោ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ SCG បានឲ្យដឹងថា​៖ “​ព្រឹត្តិការណ៍​នេះ​បង្ហាញឲ្យឃើញ​ពី​ការ​ប្ដេជ្ញាចិត្ត និង​សេចក្តី​តាំងចិត្ត​របស់​យើង​ក្នុង​ការធ្វើ​ជា​ក្រុមហ៊ុន​ដ៏​ល្អ​នៅក្នុង​សហ​គមន៍​ ហើយ​យើង​នឹង​បន្ត​ជួយ​បង្កើន​ឱកាស​ដល់​កុមារ​កម្ពុជា ដែល​ចង់ព​ង្រឹ​ង​ទេពកោសល្យ​ផ្នែក​កីឡាបាល់ទាត់​របស់ខ្លួន ហើយ​សង្ឃឹម​ចង់​សម្រេច​ក្តី​សុបិន​របស់ខ្លួន​ក្នុងការ​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​”​។​

អេស​ស៊ីជី បាន​បង្កើត​នូ​វ​កម្មវិធី​ឧបត្ថម្ភ​ជាច្រើន​សម្រាប់​ការ​អភិ​វ​ឌ្ឍ​កីឡាបាល់ទាត់​នៅ​កម្ពុជា ដូចជា ការឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ជ​ម្រើសជាតិ និង​ការ​រៀបចំ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​រវាងក្រុម​កីឡាករ​ច​ម្រុះ K-Cement All Stars ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​កីឡាករ​ប្រចាំ​ក្លឹប​នៅ​កម្ពុជា ជាមួយនឹង​ក្លឹប​បាល់ទាត់ SCG Muangthong United ដែល​ជា​ក្លឹប​បាល់ទាត់​ឈានមុខ​គេ​របស់​ប្រទេស​ថៃ​។

កាលពី​ឆ្នាំមុន កីឡាករ​បាល់ទាត់​មក​ពី​ក្លឹប SCG Muangthong United បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក មក​ជួយ​បណ្ដុះ​បណ្ដាល​កុមារ​កម្ពុជា​រាប់​រយ​នាក់​នៅ​ឯ​ពហុកីឡាដ្ឋាន​អូឡាំពិក​ក្នុង​រាជធានី​ភ្នំ​ពេញ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ដំ​ណើ​រ​ទស្សនកិច្ច​របស់​ក្លឹប​បាល់ទាត់​នេះ​ក្នុង​តំ​បន់​អាស៊ាន​។

កម្មវិធី​ហ្វឹកហាត់​បាល់ទាត់ “Kick and Share” គឺជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​អេស​ស៊ីជី និង​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ដែល​ជា​ក្លឹប​បាល់ទាត់​ឈានមុខ​គេ​នៅ​កម្ពុជា​។ គ្រូបង្វឹក និង​កីឡាករ​របស់​ក្លឹប​បាន​ជួយផ្ដល់​នូ​វ​គ​ន្លឹះ និង​បច្ចេកទេស​នានា​នៃ​ការលេង​បាល់ទាត់ ដល់​ក្មេងៗដែល​បាន​ចូលរួម​៕


ដោយ៖ ថា ម៉ាលីដា