តិចនិចទាំង១៧ រស់នៅឆាប់ចុះសម្រុងគេ ហើយសម្បូរអ្នកស្រលាញ់ទៀត!

  • 2018-05-21 06:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រស់​នៅ​ឲ្យ​ចុះ​សម្រុង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​គឺ​ជា​រឿង​សំខាន់​ណាស់ ព្រោះ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ យើង​ចាំ​បាច់​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ច្រើន​ប្រភេទ។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​អ្នក​ដែល​អាច​អនុវត្ត​បាន​ច្រើន​នូវ​ចំណុច​ខាង​ក្រោម​នេះ ប្រាកដ​ជា​មិន​សូវ​មាន​បញ្ហា​ ទាស់ទែង​ជាមួយ​អ្នក​ដទៃ​ ហើយ​ថែម​ទាំង​មាន​គេ​ស្រឡាញ់​រាប់​អាន​ច្រើន​ទៀត។

១. មើល​ឃើញ​ចំណុច​ល្អ​ពិត​​របស់​គេ​ ហើយ​និយាយ​សរសើរ​គេ​ពេល​មាន​ឱកាស។

២. មើល​ឃើញ​ចំណុច​អាក្រក់​ពិត​​របស់​គេ​ ហើយ​ចាំ​ប្រុង​ប្រយ័ត្ន កុំ​ប្រមាថ។

៣. កុំ​និយាយ​​អាក្រក់​ពី​គេ ពេល​គេ​មិន​នៅ។

៤. កុំ​បង្រៀន​​គេ​នូវ​អ្វី​ដែល​ខ្លួន​មិន​ចេះ។ ត្រូវ​ណែនាំ​នៅ​ពេល​គេ​ត្រូវ​ការ​ មិន​មែន​នៅ​ពេល​យើង​ចង់​និយាយ​នោះ​ទេ។

៥. មាន​ចិត្ត​ជួយ​យក​អាសារ​អ្នក​ដទៃ នូវ​អ្វី​ដែល​ខ្លួន​អាច​ជួយ​បាន​និង​ត្រូវ​កាលៈទេសៈ។

៦. កុំ​សរសើរ​ខ្លាំង​ពេក កុំ​បង្អាប់​ខ្លាំង​ពេក។ ពាក្យ​ឥត​ប្រយោជន៍ ហើយ​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​អ្នក​ដទៃ គួរ​កុំ​និយាយ។

៧. ធ្វើ​ចិត្ត​ជា​កណ្ដាល កុំ​ក្អេងក្អាង​ពេល​មាន​គេ​សរសើរ កុំ​ឱនទ្រោម​ពេល​​ត្រូវ​គេ​ជេរ​ស្ដី។

៨. បើក​ចិត្ត​ស្ដាប់​សម្ដី​​អ្នក​ដទៃ ចេះ​សង្រួម​ឥរិយាបថ។

៩. គោរព​ភាព​ចាស់​ទុំ គោរព​ភាព​ចេះដឹង និង​គោរព​អំពើ​ល្អ​របស់​គេ។ គោរព​អ្វី​ដែល​គេ​គោរព និង​គោរព​អ្នក​មាន​គុណ​របស់​គេ។

១០. ធ្វើ​ជា​ខ្លួន​ឯង មិន​បត់បែន​តាម​គេ​រហូត​លែង​មាន​ជំហរ​ខ្លួន​ឯង។

១១. ពេល​ធ្វើ​ខុស​ត្រូវ​សុំ​ទោស នៅ​ពេល​ខឹង​ត្រូវ​នៅ​ស្ងៀម។

១២. ធ្វើ​ល្អ​ជា​មួយ​គេ ប៉ុន្តែ​កុំ​រំពឹង​ផល​តប​ស្នង។ កុំ​ទាមទារ​គុណបុណ្យ កុំ​អាង​ខ្លួន​ជា​សាច់​ញាតិ កុំ​អាង​ខ្នង​បង្អែក។

១៣. យក​ចិត្ត​គេ​មក​ដាក់​ក្នុង​ចិត្ត​​ខ្លួន​ ចេះ​មេត្តា អភ័យ​ទោស​អ្នក​រាល់​គ្នា​ដែល​ធ្វើ​ខុស​ដោយ​អចេតនា។

១៤. មិន​ទុក​ចិត្ត​គេ​ខ្លាំង​ពេក មិន​ព្រួយ​បារម្ភ​​ហួស​ហេតុ កុំ​អភ័យ​ទោស​ឲ្យ​នរណា​ម្នាក់​លើស​ពី​៣​ដង កុំ​នៅ​ក្បែរ​មនុស្ស​អាក្រក់ ហើយ​ក៏​កុំ​ចាក់​អ្នក​ដទៃ​ពី​ក្រោយ​ខ្នង​វិញ​ដូច​គ្នា។

១៥. យើង​​ត្រូវ​ការ​ផល​ប្រយោជន៍ គេ​ក៏​​ត្រូវ​ការ​ផល​ប្រយោជន៍ ដូច្នេះ​ធ្វើ​អ្វី​ៗ​ត្រូវ​​ចេះ​ថ្លឹងថ្លែង។

១៦. ចេះ​ឲ្យ​សិន សឹម​ធ្វើ​អ្នក​ទទួល​។​ កុំ​ចេះ​តែ​ទទួល​ពី​គេ​តែ​ម្យ៉ាង។

១៧. រៀន​សូត្រ​ពី​គេ តែ​កុំ​ធ្វើ​តាម​គេ។ កុំ​រស់​នៅ​ក្រោម​ស្រមោល​របស់​អ្នក​ដទៃ ព្រោះ​មនុស្ស​គ្រប់​គ្នា​អាច​អស្ចារ្យ​បាន​តាម​របៀប​របប​របស់​ខ្លួន​ឯង ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន