លើក​ទី​ប៉ុន្មាន​ហើយ ដែល​លោក Mourinho បញ្ចប់​រដូវ​កាល​ដោយ​គ្មាន​ពាន​ តាំង​ពី​ចាប់​អាជីព​ចាត់​ការ​មក?

  • 2018-05-21 11:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាញ់​ FA Cup ក្រោម​ថ្វី​ជើង​ Chelsea កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ មាន​ន័យ​ថា Manchester United ក្រោម​ការ​ដឹកនាំ​ដោយ​លោក Jose Mourinho បាន​បញ្ចប់​រដូវ​កាល ២០១៧/១៨ ដោយ​មិន​បាន​ឈ្នះ​ពាន​សូម្បី​តែ​មួយ។ នេះ​ជា​លើក​ទី ៤ ហើយ ដែល​អ្នក​ចាត់​ការ​ព័រទុយហ្គាល់​បញ្ចប់​រដូវ​កាល​ក្នុង​ស្ថាន​ភាព​បែប​នេះ។

តាំង​ពី​ចាប់​ដឹកនាំ​ផ្លូវ​ការ​មក​កាល​ពី​ឆ្នាំ ២០០២ លោក​ Mourinho តែង​បញ្ចប់​រដូវ​កាល​ដោយ​ឈ្នះ​ពាន​យ៉ាង​តិច​ក៏​ ១ ដែរ លើក​លែង​តែ​រដូវ​កាល ២០០៧/០៨, ២០១៣/១៤, ២០១៥/១៦ (ដឹកនាំ​ក្លឹប Chelsea) និង​លើក​ទី ៤ គឺ​រដូវ​កាល ២០១៧/១៨ នេះ​ឯង។

ក្នុង​ចំណោម​រដូវ​កាល​ទាំង ៤ ខាង​លើ មាន​ ២ លើក​ដែល​លោក​ត្រូវ​បាន​បញ្ចប់​ពី​ការងារ (រដូវ​កាល ២០០៧/០៨ និង​ ២០១៥/១៦)។

ប្រភព៖ Marca

បើ​មើល​តាម​គម្លាត​នៃ​រដូវ​កាល ​ឃើញ​ថា លោក​អ្នក​ចាត់​ការ​ព័រទុយហ្គាល់​បាន​បញ្ចប់​រដូវ​កាល​ដោយ​ដៃ​ទទេ​ដល់​ទៅ ៣ លើក (២០១៣/១៤, ២០១៥/១៦ និង២០១៧/១៨) ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​ចុង​ក្រោយ។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​រដូវ​កាល ២០១៧/១៨​នេះ លោក Jose Mourinho បាន​ជួយ​ក្លឹប​បិសាច​ក្រហម​ឲ្យ​បាន​ចំណាត់​ថ្នាក់​លេខ ២ ក្នុង Premier League ជាមួយ​នឹង​ពិន្ទុ​ចំនួន ៨១។ ទោះ​ជា​យ៉ាង​ណា ក្លឹប​ជើង​ឯក​អង់គ្លេស ២០​សម័យ ត្រូវ​បាន​ទម្លាក់​ដោយ​ក្លឹប Bristol City ក្នុង​ League Cup នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ហើយ​បាន​ធ្លាក់​ពី Champions League ក្រោម​ថ្វី​ជើង Sevilla ក្នុង​វគ្គ ១៦ ក្រុម និង​ចុង​ក្រោយ​ចាញ់ Chelsea ១-០ ក្នុង​កម្មវិធី FA Cup វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី