ទើប​ប្រឡូក​សិល្បៈ​ ខ្លឹម ស្រី​គា ​មាន​ទីផ្សារ​សិល្បៈ​ខ្ពស់​ ដល់ថ្នាក់ផ្អាកការសិក្សា

  • 2018-05-22 03:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រឡង​ Miss Grand Cambodia 2017 កញ្ញា ខ្លឹម​ ស្រី​គា​ បាន​កសាង​ប្រជាប្រិយ​ភាព​របស់​ខ្លួន​ ហើយ​មាន​បណ្ដា​ផលិត​កម្ម​ និង​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ទាក់​ទង​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​កញ្ញា​ទទួល​បាន​ឱកាស​ការងារ​ក្នុង​សិល្បៈ រហូត​ត្រូវ​ផ្អាក​ការសិក្សា​មួយ​រយៈ​​។

​ស្រី​ស្អាត​រូប​នេះ​ប្រាប់​ថា ​នាង​បាន​ថត​ខ្សែ​ភាព​យន្ត​ភាគ​ឲ្យ​ទូរទស្សន៍​បាយ័ន​​មាន​ចំណង​ជើង​ថា "​ភូមិ​គ្រឹះ​ជំពាក់​ស្នេហ៍" សម្តែងរួម​គ្នា​ជាមួយ​តួ​ឯក​ប្រុស​វ័យ​ក្មេង លោក ទ្រី ​តារា​វុធ ដែល​ថត​​បាន​ប្រមាណ​៥០​ភាគ​រយ​ហើយ​។ ​បើ​ទោះ​ជា​លើក​ដំបូង​​ក៏​ពិត​មែន​ តែ​តារា​ពន្លក​ថ្មី​រូប​នេះ​ប្រាប់​ថា​ ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ឲ្យ​ខ្សែ​រឿង​នេះ​ទទួល​បាន​ជោគ​ជ័យ។

​លើស​ពី​នេះ​ ស្រី​គា​បាន​ក្ដាប់​ឱកាស​ធ្វើ​ជា​ពិធី​ការីនី​ របស់​កម្មវិធី “Freshie Girls & Boys” ជា​ការ​ងារ​ថ្មី​សន្លាង​សម្រាប់​កញ្ញា​ផង​ដែរ។ ​ក្រៅ​ពី​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ហៅ​កញ្ញា​សម្រាប់​ថត​ដើរ​ម៉ូដ ក៏​ដូច​ជា​ស្ប៉ត់ពាណិជ្ជកម្ម​ផ្សេងៗ​ តែ​កញ្ញា​មិន​ទាន់​មាន​ពេល​គ្រប់​គ្រាន់ ទើប​មិន​អាច​ទទួល​បាន​ទាំង​អស់​។

ស្រី​គា​និយាយ​ថា៖ "​បើ​ទោះ​ការងារ​សិល្បៈ​មួយ​ចំនួន​ ថ្មី​សម្រាប់​នាង​ខ្ញុំ ​តែ​នាង​ខ្ញុំ​ខិត​ខំ​ធ្វើ​ឲ្យ​បាន​ និង​អរគុណ​ក្រុមហ៊ុន​ដែល​បាន​ផ្ដល់​ឱកាស​​ឲ្យ​នាងខ្ញុំ​បាន​បញ្ចេញ​សមត្ថភាព។ ចំពោះ​ការ​សិក្សា​នៅ​ថ្នាក់​ទី​១២​​វិញ កញ្ញា​ថា​មិន​បោះ​បង់​នោះ​ទេ បើ​សិន​ជា​មាន​ពេល​វេលា​គ្រប់​គ្រាន់​ជាង​នេះ​កញ្ញា​នឹង​បន្ត​។​​

​​ខ្លឹម ស្រី​គា​ ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​២នាក់ មាន​ស្រុក​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ។ កញ្ញា​​តំណាង​ឲ្យ​កម្ពុជា​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ Miss Grand International នៅ​កោះ​ត្រល់​កាល​ពី​ចុ​ង​ឆ្នាំ​ ២០១៧។ ស្រី​គា​មិន​ទទួល​ជយ​លាភី​ទេ ​តែ​កញ្ញា​បាន​សាង​មុខមាត់​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ដោយ​ដណ្ដើម​បាន​ពាន​រង្វាន់​ពិសេស​មួយ​គឺ" ពាន​ប្រជាប្រិយភាព"​៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម