លើសពីមនុស្សធម្មតា! យុវជន​ពិការ​ភ្នែក​ទាំង​សងខាងម្នាក់នេះ ​ចេះ​លេង​ឧបករណ៍​ភ្លេងជាង​១០​ប្រភេទ

  • 2018-05-25 01:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​តន្ត្រី​បុរាណ​មាន​ ស្គរ​សម្ភោរ ស្គរដៃ ស្គរធំ ខ្លុយ ចាប៉ី សាយដៀវ តាខេ​ ចំណែក ឯ​ឧបករណ៍ សម័យ​មាន ម៉ុង​ដូ​លីន Saxophone ព្យាណូ ហ្គីតា​គ្រប់​ប្រភេទ​នេះ​គឺ​ជា​សមត្ថភាព​ ដែល​យុវជន​ពិបាក​ភ្នែក ចាន់​ រិទ្ធី ​ចេះ ​និង​អាច​លេង​បាន​​។ មុន​នឹង​ទទួល​បាន​ចំណេះ​ទាំង​នេះ​ យុវជន​ ចាន់​ រិទ្ធី​ បាន​ឆ្លង​កាត់​ភាព​លំបាក​រាប់​មិន​អស់​ដោយ​ជីវភាព​លំបាក។

ចាន់ រិទ្ធី កាន់ឧបករណ៍ចាប៉ី

ជា​ជន​ពិការ​ម្នាក់​ដែល​មក​ផ្ញើជីវិត​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​រស់​នៅ​ជា​មិត្ត​ភក្តិ​ ដើម្បី​បន្ត​ការ​សិក្សា​ផ្នែក​តន្រ្តី​ដោយ​សង្ឃឹម​ថា​ជីវិត​រស្មី​ប្រសើរ​ជាង​បច្ចុប្បន្ន។ ពេលនេះ​រិទ្ធី​ជា​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ ទ្រឹស្ដី​តន្រ្តី នៃ​មហាវិទ្យាល័យ​តូរ្យតន្រ្តី​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​​ចិត្រ​សិល្បៈ។

ពិការ​កាយ​តែ​ចិត្ត​លោក​មិន​ពិការ​ឡើយ​ លោក​ថា​ ការ​រៀន​តន្ត្រី​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទាំង​ស្ដាប់​និង​មើល​ ​តែ​លោក​មិន​អាច​មើល​ឃើញ​នោះ​ទេ​គឺ​បា​ត្រឹម​តែ​ស្ដាប់​តែ​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​ដល់​​លោក​គ្រូ​អ្នក​គ្រូ​ក្នុង​ការ​បង្ហា​ព្រោះ​ត្រូវ​ចំណាយ​ពេល​ច្រើន ដើម្បី​បង្ហាត់​។ ដោយ​សារ​ក្ដី​អាណិត​ចំពោះ​ចិត្ត​ចង់​រៀន​តន្ត្រី​ដ៏​មោះមុត​​របស់​រិទ្ធី​ បាន​ធ្វើ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ ប្រឹង​បង្ហាត់​លោក​ទាំង​លំបាក តែ​លោក​មិន​រា​។

យុវជន រិទ្ធី ៖« លោក​គ្រូ​លោក​ពិបាក​ណាស់​​ព្រោះ​ខ្ញុំ​មើល​មិន​ឃើញ​គាត់​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​ខ្ញុំ​រៀន​ឲ្យ​ទាន់​គេ​ ហើយ​យើង​ត្រូវ​រៀន​អក្សរ​ភ្លេង​ដែល​​វា​កាន់​ពិបាក​សម្រាប់​ខ្ញុំ​។»

លោក​ចាប់​ផ្តើម​ចូល​រៀន​ឧបករណ៍​តន្ត្រី​តាំង​ពី​ក្មេង​ គេ​ជា​សិស្ស​ម្នាក់​ដែល​សង្វាត​សិក្សា​ គេ​ត្រូវ​បាន​លោក​គ្រូ អ្នក​គ្រូ​ស្រលាញ់​ចូល​ចិត្ត​ច្រើន​។ នៅ​ក្នុង​សាកល​វិទ្យាល័យ​មិន​ទាន់​​អក្សរ​ស្ទាប​សម្រាប់​ជន​ពិការ​រៀន​អក្សរ​ភ្លេង​នោះ​ទេ​ យុវជន​រិទ្ធី​បាន​ព្យាយាម​ កែច្នៃ​អក្សរ​ស្ទាប​ដោយ​ខ្លួន​​ឯង​ ដើម្បី​ជា​ការ​ចំណាំ​ផ្ទាល់​ខ្លួន។ ទោះ​ជំនាញ​សិល្បៈ​យុវជន​រូប​នេះ​ចេះ​ច្រើន​ប៉ុន្តែ​ លោក​មិន​ទាន់​អាច​ទទួល​បាន​ចំណូល​សម្រាប់​ការ​ផ្គត់​ផ្គង់​ជីវភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​នោះ​ទេ​ ! ក្នុង​មួយ​ខែ​លោក​ទទួល​បាន​ប្រមាណ​ ៣០ ទៅ ៥០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ព្រោះ​លោក​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សម្ដែង​​ និង​មិនសូវ​មាន​ការ​អញ្ជើញ​ ។លោក​ថា​ ខែ​​ខ្លះ​ស៊យ​គ្មាន​មួយ​រៀល​​ចូល​សោះ​ក៏​មាន​។ កត្តា​នេះ​តម្រូវ​ឲ្យ​លោក​ត្រូវ​ពឹង​ក្រុម​គ្រួសារ​ ដែល​ផ្ដល់​ឲ្យ​លោក​ប្រមាណ​៦០ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ទ្រទ្រង់​ជី​វ​ភាព​រស់​នៅ​ភ្នំពេញ និង​ការ​សិក្សា​។

យុវជន​ រិទ្ធី​« ម៉ែ​ពុក​លោក​បាន​ផ្ញើ​ឲ្យ​ត្រឹម ៦០ ដុល្លារ​ឲ្យ​ចាយ​ក្នុង​មួយ​ខែ​ព្រោះ​លោក​ក៏​លំបាក​ដែរ​ លុយ​នេះ​ខ្ញុំ​ចំណាយ​ចំពោះ​បន្ទប់​ស្នាក់​ ខ្លះ​ តែ​ពេល ខ្លះ​មិត្ត​ខ្ញុំ​គេ​មិន​ឲ្យ​ខ្ញុំ មិន​ឲ្យ​ចេញ​ទេ​ មិត្ត​ភក្តិ​ខ្ញុំ​ជួយ​ចិញ្ចឹម​និង​ជួយ​ដឹក​ដៃ​ជា​ដើម្បី​​។»

ទោះ​ជា​រស់​ដោយ​ត្រដាបត្រដួស​ក្នុង​លំបាក​យ៉ាង​ណា​ក៏​ដោយ​ក៏​អ្នក​កំពង់ធំ​រូប​នេះ​មិន​បោះ​ចោល​ក្តី​​ស្រមៃ​របស់​ខ្លួន​នោះ​ឡើយ ព្រោះ​លោក​សង្ឃឹម​ ក្រោយ​ពី​លោក​រៀន​ចប់​លោក​និង​ទទួល​បាន​ការងារ​ល្អ​មួយ​​សម្រាប់​ជីវិត​។ លោក​ចង់​ក្លាយ​ជា​គ្រូ​បង្ហាត់​តន្ត្រី​ឧបករណ៍​បុរាណ​ខ្មែរ​មួយ​រូប ដល់​ក្មេង​ជំនាន់​ក្រោយ​ ។ ចាន់ រិទ្ធី​ ៖«ជីវិត​ខ្ញុំ​ខ្លះ​គ្រប់​យ៉ាង​ បើ​ខ្ញុំ​ខ្លះ​​ក្ដី​សង្ឃឹម​ទៀត​តើ​ខ្ញុំ​រស់​បាន​យ៉ាង​មិច​ទៅ​? ខ្ញុំ​សង្ឃឹម​ថា​​និង​អាច​ក្លាយ​ជា​ចំណែក​​មួយ​ការ​ថែ​រក្សា​វប្បធម៌​ខ្មែរ។»

ចាន់​ រិទ្ធី​កូន ច្បង​ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​៣នាក់​១ម្នាក់​ស្រី​២នាក់​ហើយ​មាន​ឪពុក​ម្ដាយ​ជា​កសិករ​ លោក​ ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ កាល​ពី​អាយុ៣ឆ្នាំ​ដោយ​ជំងឺ​កញ្ជ្រិល​​​​។ មាន វ័យ ៣០ឆ្នាំ​យុវជន​ពិការ​រូប​នេះ​អាច​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​មាន​អ្នក​ដឹក​ដៃ​នោះ​ទេ​នៅ​ក្នុង​បរិវេណ​សាលារៀន​ព្រោះ​លោក​ជា​ចំណាំ​បាន​ ហើយ​សាលា​ដូច​ជា​ផ្ទះ​លោក​ទៅ​ហើយ​៕​

​​​​​​​​​​

អត្ថបទ៖ ច្រឹក ស្រីអូន

រូបភាពផ្តល់សិទ្ធិដោយ ចាន់ រិទ្ធី

អត្ថបទពេញនិយម