លើ​ដង​ខ្លួន ពេជ្រ អាវីហ្សា មាន​ចំណុច​ពិសេស២ សុទ្ធតែ​​បង្កប់​ជំនឿ​អាថ៌កំបាំង​

  • 2018-05-22 07:24:48
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រៅ​ពី​ស្នាម​សាក់​យ័ន្ត​៨ទិស នៅ​លើ​​ស្មា​ និង​កញ្ចឹងក តារា​សាច់​សខ្ចី​ល្បី​ធ្លាប់​រង​អំពើ​ហិង្សា​​​ពី​សំណាក់​សង្សារ​ជា​​ច្រើន​លើក កញ្ញា ពេជ្រ អាវីហ្សា បាន​ទម្លាយ​ឲ្យ​ដឹង​ថា នៅ​លើ​​​ដង​ខ្លួន​នាង មាន​ចំណុច​ពិសេស​មួយ​ទៀត​ ដែល​ចំណុច​នោះ​​​មាន​អានុភាព​​បង្កប់​នូវ​ជំនឿ ធ្វើ​ឲ្យ​​​​មនុស្ស​​ដែល​ស្គាល់​នាង​ចូល​ចិត្ត លង់​ស្នេហ៍​ស្ទើរ​​ដក​ខ្លួន​មិន​​រួច​នោះ​ឡើយ។

ចំណុច​ទី១ គឺ​ស្នាម​សាក់​យ័ន្ត​៨ទិស នៅ​លើ​​ស្មា​និង​កញ្ចឹងក ដែល​ស្នាម​សាក់នេះ អាវីហ្សា ​បាន​សាក់​ឡើង​ជាង​២ឆ្នាំ​មក​ហើយ ។ តាម​ជំនឿ តារា​ស្រី​​រូប​នេះ និយាយ​ថា គឺ​ធ្វើ​ឲ្យ​មនុស្ស​មាន​រាសី ​មាន​អ្នក​តាម​ការពារ និងធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​អាណិត​ស្រលាញ់។ នាង​ថា តាំង​ពី​នាង​សាក់​​មក ទីផ្សារ​សិល្បៈ​របស់​នាង​ហាក់​ដូច​ប្រសើរ​ឡើង មាន​គេ​អាណិត​ច្រើន ជាក់​ស្ដែង​ដូច​កាល​ដែល​នាង​មាន​រឿង​ជា​មួយ​សង្សារ​របស់​នាង គឺ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​ច្រើន ហើយ​​ចំពោះ​ប្រជាប្រិយភាព​របស់​នាង​ ​ទោះបី​ជា​​នាង​មិន​សូវ​ជា​ចេញ​មុខ​លើ​វិថី​សិល្បៈ​ច្រើន​ដូច​មុន​ក៏​នៅ​តែ​​ទស្សនិកជន​មិន​ភ្លេច​មុខ អ្នក​សិល្បៈ​រួម​អាជីព​ក៏​ដូច​ជា​អ្នក​ដឹក​នាំ​សម្ដែង​សិល្បៈ​ដែល​ធ្លាប់​រាប់​អាន​ធ្វើ​ការ​ជា​មួយ​គ្នា នៅ​តែ​រាប់រក​គ្នា​ដដែល។

នាង​ថា ដោយសារតែស្នាម​សាក់​យ័ន្ត​៨ទិស ដូច​ដែល​នាង​បាន​សាក់​ឡើង វា​មាន​សម្រស់​ស្រស់​ស្អាត ហើយ​បង្កប់​អត្ថន័យ​ផង​នោះ ​បច្ចុប្បន្ន​មាន​មនុស្ស​ជា​ច្រើន​បាន​សាក់​ជា​មន្ត​បន្ទាប់។ នាង​​និយាយ​ថា ដើម្បី​ឲ្យ​​ស្នាម​សាក់​យ័ន្ត​៨ទិស​ខាង​លើ​មាន​​ប្រសិទ្ធភាព​ ​ក៏​ត្រូវ​តម​នូវត្រណម​ជា​ច្រើន​ផង​ដែរ ​ក្នុង​នោះ​មាន​ហាម​យក​ប្ដី​គេ ហាម​ញ៉ាំ​សាច់​គោ ហាម​នៅ​ក្រោម​ស្នួខោ​អាវ​គេ​ជា​ដើម ។

ចំណុច​ទី២ គឺ មាន​ចំណុច​​ពិសេស​នៅ​លើ​ដើម​ទ្រូង អាវីហ្សា បាន​បង្ហើប​ឲ្យ​ដឹង​ថា នាង​មាន​ប្រជ្រុយ​​ពី​កំណើត​នៅ​​ដើម​ទ្រូង​ខាង​ឆ្វេង​របស់​ខ្លួន ដែល​​​តាម​ជំនឿ​ចាស់​បុរាណថា អ្នក​ដែល​មាន​​​ប្រជ្រុយ​នេះ​គឺ​ជា​មនុស្ស​ស្វាក់​ឬ​មនុស្ស​ដែល​មាន​មន្ត​ស្នេហ៍ ប្រុស​ដែល​បាក់​ចិត្ត​ស្រលាញ់​ហើយ ច្បាស់​ជា​ងើប​មុខ​មិន​រួច​ឡើយ។

អាវីហ្សា សូម​មិនបរិយាយ​ពី​ប្រជ្រុយ​នេះ​ឲ្យ​​​លម្អិត​ជាង​នេះ​​ឡើយ ​នាំ​ឲ្យ​មាន​ប្រិយមិត្តវិភាគ​វែង​ឆ្ងាយ។ ងាក​មក​រឿង​ស្នេហា​វិញ គិត​មក​ដល់​ពេល​នេះ ពេជ្រ អាវីហ្សា ប្រាប់​ថា នាង​ធ្លាប់​មាន​សង្សារ​រហូត​ដល់​ទៅ​៣នាក់​មក​ហើយ ដោយ​ទំនាក់ទំនង​សង្សារ​នីមួយៗមិន​ក្រោម៣​ទៅ៤ឆ្នាំ​ឡើយ។ នាង​ទើប​តែ​ផ្ដាច់​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​សង្សារ​ចុង​ក្រោយ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្អូន​ថ្លៃ​ឧកញ៉ា​មាន​ឥទ្ធិពល​ម្នាក់ បន្ទាប់​ពី​សង្សារ​រូប​នោះ​បាន​​ប្រព្រឹត្តិ​អំពើ​ហិង្សា​មក​លើ​រូប​នាង​យ៉ាង​ធ្ងន់ធ្ងរ​ជា​ញឹក​ញាប់​មក។ បច្ចុប្បន្ន​នាង​ ​បញ្ជាក់​ថា មិន​ទាន់​មាន​សង្សារ​ទៀត​នៅ​ឡើយ​ទេ៕


អត្ថបទៈ ស៊ុនហួត