ព័ត៌មាន​ខ្លះ​ៗពី ទំនាក់ទំនង​ស្នេហា​ Suzy និង Lee Dong Wook

  • 2018-05-22 07:50:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ទំនាក់ទំនង​ស្នេហា​រវាង​តារា​ចម្រៀង Suzy និង​តារា​សម្ដែង Lee Dong Wook បាន​ក្លាយ​​ជា​ព័ត៌មាន​ដ៏​ល្បីមួយ ដោយ​សារ​តែ​ពួក​គេ​ទាំង​ពីរ​នាក់​មិន​ដែល​ធ្លាប់​សម្ដែង​រឿង​ជាមួយ​គ្នា និង​កម្រ​ឡើង​កម្មវិធី​ទូរទស្សន៍​រួមគ្នា។ ពួក​គេ​បាន​ជួប​គ្នា​ គឺ​នៅ​ពេល​ដែលមាន​ការ​ជួប​ជុំ​ជា​លក្ខណៈ​ឯកជន​តែ​ប៉ុណ្ណោះ។

ពាក្យ​ចចាម​អារ៉ាម​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​របស់​តារា​ទាំង​២​រូប​នេះ កើត​មាន​ឡើង​ក្រោយ​ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​​នៅ​ជាមួយ​គ្នា​ដូច​គូ​ស្នេហ៍​ក្នុង​តំបន់​ Cheongdam Dong។​ សាក្សី​ដែល​បាន​ប្រទះ​ឃើញ​ពួក​គេ​នោះ បាន​និយាយ​ថា តារា​សម្ដែង Lee Dong Wook មើល​ទៅ​ហាក់​ដូច​ជា​ថ្នាក់ថ្នម និង​មើល​ថែ​ Suzy ណាស់ ដែល​នរណា​មើល​មក ក៏​ថា​ពួក​គេ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ដែរ។

ក្រោយ​ពាក្យ​ចចាម​អារ៉ាម​ទាំង​នេះ​បាន​ផ្សព្វផ្សាយ ខាង​ផលិតកម្ម​របស់​តារា​ទាំង​២​នេះ បាន​បក​ស្រាយ​ថា ពួក​គេ​កំពុង​នៅ​ស្វែង​យល់​ចិត្ត​គ្នា​នៅ​ឡើយ ហើយ​បានណាត់​ជួប​គ្នា​ម្ដង ឬ​ក៏​ពីរ​ដង​តែ​ប៉ុណ្ណោះ។

បើ​តាម​មិត្ត​ជិត​ស្និទ្ធ​របស់​ពួក​គេ​វិញ​ក៏​បាន​បញ្ជាក់​ដែរ​ថា Suzy និង​ Lee Dong Wook មិន​ទាន់​មាន​​ទំនាក់ទំនង​ស្នេហា​​​​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ នៅ​ពេល​ដែល​ព័ត៌មាន​ចាប់​ផ្ដើម​បែក​ធ្លាយ​នោះ។ រហូត​ដល់​ពេល​ដែល​បណ្ដាញ​សារព័ត៌មាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​​ខ្លាំង ក៏​ពេល​នោះ​ពួក​គេ​សម្រេច​ចិត្ត​ទាក់​ទង​គ្នា​ជា​ផ្លូវ​ការ​តែ​ម្ដង។

“Lee Dong Wook និង Suzy មិន​ទាន់​ទាក់ទង​គ្នា​ជា​ផ្លូវ​ការ​ទេ ដូច្នេះ​ហើយ​ពួក​គេ​ឧស្សាហ៍​ដើរ​លេង​ក្រៅ​ជាមួយ​គ្នា ទៅ​ហាង​កាហ្វេ ទៅ​នេះ​ទៅ​នោះ។ ខ្ញុំ​គិត​ថា បើ​ទោះ​បី​ជា​មាន​អ្នក​លួច​ថត​រូប​របស់​ពួក​គេ ក៏​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៀត​ដែរ។ ពួក​គេ​មាន​ការ​ភ្ញាក់ផ្អើល​ជាមួយ​ព័ត៌មាន​បែក​ធ្លាយ​ពី​ទំនាក់ទំនង​ស្នេហា​នេះ​ដែរ ប៉ុន្តែ​ពួក​គេ​ទាំង​២​ពិត​ជា​ពេញ​ចិត្ត​គ្នា​មែន ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា​ ពួក​គេ​សម្រេច​ចិត្ត​ទទួល​ស្គាល់​ពាក្យ​ចចាម​អារ៉ាម​នេះ ហើយ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​ជា​ផ្លូវ​ការ​តែ​ម្ដង" នេះ​បើ​តាម​មិត្ត​ជិត​ស្និទ្ធ​រូប​នោះ​បញ្ជាក់៕


ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា