បន្ថែមលើការជូនដំណឹង កម្ពុជាគួរមានវិធានតឹងរឹង លើផលិតផលប៉ះពាល់សុខភាព

  • 2018-05-22 09:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ការ​ចេញ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ជា​បន្តបន្ទាប់ ស្ដី​ការ​ហាម​ប្រើប្រាស់ និង​ចែកចាយ​ផលិតផល​ខូច​សុខភាព និង​ប៉ះ​ពាល់​ដល់​ជីវិត​ អ្នកឃ្លាំមើលបញ្ហាសង្គម១រូបថា បាន​លើក​ឡើង​ថា កម្ពុជា គួរ​តែ​មាន​វិធានការ​ច្បាប់​តឹង​រឹង​ ដើម្បី​ប្រសិទ្ធភាព​រយៈ​ពេល​វែង។

ផលិតផលបំប៉នផ្លូវភេទ ដែលក្រសួងសុខាភិបាលបានប្រកាសហាមឃាត់

លោក សន ជ័យ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​ជា​នាយក​ប្រតិបត្តិ​ នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម បាន​លើក​ឡើង​ថា មិន​គ្រប់គ្រាន់​ទេ បើ​គ្រាន់​តែ​ក្រសួង​ចេញ​ការ​ជូនដំណឹង ចំពោះ​ចរាចរ​ និង​ការ​ចែកចាយ​ផលិតផល​ប៉ះពាល់​សុខភាព មាន​ដូចជា ផលិតផល​ជំនួយ​ផ្លូវ​ភេទ អាហារ​បំប៉ន​សុខភាព ឬ​ថ្នាំ​សម្រក​ទម្ងន់​ដែល​នៅតែ​មាន​ច្រើន។ លោក​ថា សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ​ដែល​ធ្លាប់​បាន​ចេញ​កន្លង​ទៅ ពុំ​មាន​ផ្ទុក​វិធាន​គតិ​យុទ្ធ​អ្វី​ធ្ងន់​ឡើយ។

រូបលោក លោក សន ជ័យ (ពីហេ្វសប៊ុក)

លោក សន ជ័យ ចង់​ឲ្យ​មាន​មាន​វិធានការ​ច្បាប់​ជាក់លាក់ រួម​នឹង​កា​អនុវត្ត និង​ការ​ចុះ​ទៅ​បង្ក្រាប​ដល់កន្លែង ឬ​បិទ​ទីតាំង​អាជីវកម្ម​ខូច​សុខភាព​នោះ។ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម បន្ត​ថា​ការ​អនុវត្ត​ទោស ចំពោះ​អ្នក​ល្មើស ក៏​ជា​កត្តា​ចាំបាច់ ដើម្បីជាគម្រូ១ ការពារ​ករណី​​ក្រោយៗ បន្ថែម​ពី​ការ​រាយ​ការណ៍ ឬ​ជូន​ដំណឹង​មក​ក្រសួង​តាម​ទូរសព្ទ។

កន្លង​ទៅ​ លោក ឃ្លាំង សាម៉េត ឱសថការី និង​ជា​ប្រធាន​ការិយាល័យ​និយ័ត កម្ម នៃ​ក្រសួង​សុខាភិបាល ធ្លាប់​បាន​ប្រាប់ Sabay ថា​ចំណាត់​ការ ជា​ដំបូង​ ក្រសួង​ធ្វើ​សេចក្ដី​ជូន​ដំណឹង​សិន បើ​នៅ​តែ​ល្មើស​ទៀត​ នោះ​ក្រសួង​នឹង​សហការ​ជាមួយ​ព្រះរាជអាជ្ញា ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់ គឺ​ចុះ​បង្ក្រាប នឹង​កសាង​សំណុំរឿង​មុន​បញ្ជូន​បន្ត​ទៅ​តុលាការ​៕

រូបលោក ឃ្លាំង សាម៉េត ឱសថការី និង​ជា​ប្រធាន​ការិយាល័យ​និយ័តកម្ម នៃ​ក្រសួង​សុខាភិបាល (ពីហេ្វសប៊ុក)

អត្ថបទ៖ ពៅ រក្សា