ក្នុង​ថ្ងៃ​នេះ ក្លឹប​ ២ រក​ឃើញ​គ្រូ​ថ្មី ខណៈ​គ្រូ​អេស្ប៉ាញ​ត​កុង​ត្រា

  • 2018-05-22 12:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ ក្លឹប West Ham និង Borussia Dortmund បាន​តែង​តាំង​អ្នក​ចាត់​ការ​ថ្មី​របស់​ខ្លួន។ ដោយ​ឡែក​ នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ គ្រូ​បង្វឹក​ Julen Lopetegui បាន​បន្ត​កុងត្រា​ថ្មី។

នៅ​រសៀល​ថ្ងៃ​នេះ ក្លឹប West Ham នៃ​លីគ​កំពូល​អង់គ្លេស បាន​តែង​តាំង​អតីត​អ្នក​ចាត់​ការ​ក្លឹប Manchester City លោក Manuel Pellegrini ក្នុង​កុងត្រា​រយៈ​ពេល ៣​ឆ្នាំ។ អ្នក​ចាត់​ការ​ទើប​ចាក​ចេញ​ពី​ក្លឹប​ចិន Hebei China Fortune កាល​ពី​ចុង​សប្ដាហ៍​បន្ទាប់​ពី​ដឹកនាំ​មិន​សូវ​បាន​ជោគ​ជ័យ។ ក្លឹប​ញញួរ បាន​ហៅ​លោក​ Pelleigrini ថា​ជា​អ្នក​ចាត់​ការ​ដែល​មាន"​កេរ្តិ៍ឈ្មោះ​ក្នុង​ការ​ដឹក​នាំ​ក្លឹប​ឲ្យ​លេង​បាល់​ទម្រង់​ប្រយុទ្ធ"។ ការ​តែង​តាំង​នេះ​ធ្វើ​ឲ្យ​លោក Pellegrini ក្លាយ​អ្នក​ចាត់​ការ​ទី​មួយ ក្នុង​ប្រវត្តិសាស្ត្រ West Ham ដែល​ធ្លាប់​ឈ្នះ Premier League (២០១៣/១៤)។

នៅ​អាល្លឺម៉ង់​វិញ ក្លឹប Dortmund បាន​រក​ឃើញ​អ្នក​ចាត់​ការ​ថ្មី​របស់​ខ្លួន។ អ្នក​ចាត់​ការ​នោះ​គឺ​លោក Lucien Favre ដែល​ទើប​ចាក​ចេញ​ពី​តំណែង​ជា​អ្នក​ចាត់​ការ​ក្លឹប Nice របស់​បារាំង។ ក្នុង Bundesliga លោក Favre ធ្លាប់​ដឹកនាំ​ក្លឹប Hertha Berlin (២០០៧-០៩) និង Borussia Monchengladbach (២០១១-១៥) មុន​ចេញ​ទៅ​ក្របខ័ណ្ឌ Ligue 1 ធ្វើ​ជា​អ្នក​ចាត់​ការ​ក្លឹប Nice រយៈ​ពេល ២​រដូវ​កាល។ គិត​ចាប់​ពី​រដូវ​កាល ២០០៨/០៩ មិន​មាន​អ្នក​ចាត់​ការ​ណា​ក្រៅ​ពី​លោក Jurgen Klopp (៥​លើក) ធ្លាប់​ឈ្នះ Bayern Munich ក្នុង​លីគ​កំពូល​អាល្លឺម៉ង់​ លើស​លោក Lucien Favre (៤​លើក) ឡើយ។

ដោយ​ឡែក​ក្នុង​ក្រុម​ជម្រើស​ជាតិ​​អេស្ប៉ាញ គ្រូ​បង្វឹក Julen Lopetegui ​បាន​ត​កុងត្រា​ថ្មី​រហូត​ដល់​ឆ្នាំ ២០២០។ ការ​ផ្ដល់​កុងត្រា​ថ្មី​ធ្វើ​ឡើង​ជិត ១ ខែ​ទៀត​ប៉ុណ្ណោះ​មុន World Cup។ តាំង​ពី​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​អេស្ប៉ាញ​កាល​ពី​ឆ្នាំ ២០១៦ មក លោក Lopetegui បាន​បង្ហាញ​ទម្រង់​នៃ​ការ​ដឹកនាំ​បាន​ល្អ។ ក្នុង​ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់​លោក​សរុប​ចំនួន ១៨ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​មិន​ដែល​ស្គាល់​រសជាតិ​ចាញ់​ឡើយ (ឈ្នះ ១៣ និង​ស្មើ ៥)។

ចំណែក Arsenal វិញ នឹងប្រកាស​ផ្លូវការក្នុងការតែងតាំងអតីតអ្នកចាត់ការ PSG លោក Unai Emery ជំនួសអ្នកចាត់ការចាស់វស្សា Arsene Wenger ក្នុងសប្ដាហ៍នេះ។ នេះ​បើតាមការចុះផ្សាយរបស់ BBC៕​

ប្រភព៖ BBC | Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី