មាន​ ៣ លើក​ដែល Real ឈ្នះ UCL ក្រោយ​បាន​​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៣​ក្នុង​លីគ

  • 2018-05-22 13:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មាន​តាម​ប្រវត្តិសាស្ត្រ​ មាន​បី​លើក​ដែល Real Madrid លើក​ពាន Champions League ក្រោយ​បាន​បញ្ចប់​រដូវ​កាល​ត្រឹម​លេខ ៣ ក្នុង​លីគ​កំពូល​អេស្ប៉ាញ។

ឆ្នាំ​ទាំង​នោះ គឺ ១៩៥៦ ២០០២ និង ២០១៤។

ក្នុង​រដូវ​កាល ១៩៥៥/៥៦ Real Madrid បាន​ជាប់​លេខ ៣ ក្នុង​លីគ​ជាមួយ​នឹង​ពិន្ទុ​ចំនួន ៣៨។ ក្នុង​រដូវ​កាល​នោះ ក្លឹប Athletic Bilbao ជា​ម្ចាស់​ជើង​ឯក La Liga ខណៈ Barcelona ជាប់​លេខ ២។ ទោះ​ជា​យ៉ាង​ណា ក្នុង​ក្របខ័ណ្ឌ​ក្រៅ​ស្រុក Real Madrid បាន​ឈ្នះ​ក្លឹប​អ៊ីតាលី Fiorentina ក្នុង​លទ្ធផល ២-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប។

រដូវ​កាល​មួយ​ទៀត គឺ រដូវ​កាល ២០០១/០២ ដែល Real Madrid បញ្ចប់​រដូវ​កាល La Liga ក្នុង​ចំណាត់​ថ្នាក់​លេខ ៣ (៦៦ពិន្ទុ) តែ​បាន​ឈ្នះ​ពាន Champions League។ ក្នុង​លីគ​ កាល​នោះ ក្លឹប​លេខ​ ១ គឺ​ក្លឹប Valencia ចំណែក​ក្លឹប​លេខ ២ គឺ Deportivo La Coruna។ ក្នុង​ Champions League រដូវ​កាល​នោះ Real Madrid បាន​យក​ឈ្នះ Bayer Leverkusen របស់​អាល្លឺម៉ង់​ក្នុង​លទ្ធផល ២ ទល់​នឹង ១។

នៅ​រដូវ​កាល​ ២០១៣/១៤ ក្លឹប Real Madrid បាន​ស្គាល់​ស្ថានភាព​បែប​នេះ​ម្ដង​ទៀត។ ក្នុង​លីគ​ Atletico Madrid ជា​ជើង​ឯក ខណៈ​ Barcelona ជា​ជើង​ឯក​រង ចំណែក​ឯ​ Real Madrid បាន​លេខ ៣ ជាមួយ​នឹង ៨៧ពិន្ទុ។ យ៉ាង​នេះ​ក្ដី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ក្លឹប​អធិរាជ​ពណ៌​ស ធ្វើ​បាន​សម្រេច​ក្នុង​ការ​វាយ​បក​ក្លឹប Atletico យក​ឈ្នះ​ក្នុង​លទ្ធផល ៤ ទល់​នឹង ១។

សូម​បញ្ជាក់​ផង​ដែរ​ថា នា​រដូវ​កាល ២០១៧/១៨​នេះ Real Madrid ហាក់​មិន​សូវ​បាន​បង្ហាញ​ទម្រង់​លេង​ក្នុង​លីគ​បាន​ល្អ​ឡើយ​ បើ​ធៀប​នឹង​រដូវ​កាល​មុន ដោយ​ក្លឹប​បាន​ចាញ់​ និង​ស្មើ​ជា​ច្រើន​ប្រកួត។ ក្លឹប​បាន​ត្រឹម​លេខ ៣ (៧៦ពិន្ទុ) ក្នុង La Liga ។

យ៉ាង​នេះ​ក្ដី ក្លឹប​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​លើក​ឡើង​ថា​នៅ​តែ​បន្ត​ទម្រង់​លេង​ល្អ​របស់​ខ្លួន ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​លើក​នេះ បន្ទាប់​ពី​ឈ្នះ​ពាន​កម្មវិធី ដល់​ទៅ ៣ លើក ក្នុង​ ៤​រដូវ​កាល​ចុង​ក្រោយ។

Real Madrid នឹង​ត្រូវ​ប៉ះ​ជាមួយ Liverpool ក្នុង​ Champions Leagueវគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី ២៦ ឧសភា ខាង​មុខ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម