តោះចាប់ផ្តើមធ្វើរឿងទាំងនេះ កុំចាំតែប្រៀបធៀប បើចង់បានចរាចរណ៍ស្រុកខ្មែរល្អដូចគេ
- 2018-05-23 04:14:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះចាប់ផ្តើមធ្វើរឿងទាំងនេះ កុំចាំតែប្រៀបធៀប បើចង់បានចរាចរណ៍ស្រុកខ្មែរល្អដូចគេ
ចន្លោះមិនឃើញ
ជារឿយៗ តែងតែមានសំណួរ និងមតិរិះគន់ ប្រៀបធៀបថា ចង់ដឹងពីស្ថានភាពប្រទេសណា១ មិនបាច់មើលអីច្រើនទេ មើលតែការធ្វើចរាចរណ៍ទៅមក នឹងដឹងច្បាស់តែម្ដង។ ហេតុអ្វីចរាចរណ៍ស្រុកគេល្អ មានសណ្ដាប់ធ្នាប់ ហើយពលរដ្ឋគេគោរពច្បាប់បានល្អ?
ងាកមក បញ្ហាចរាចរណ៍ស្រុកខ្មែរ កកស្ទះចង់ខ្យល់ចាប់ ឈឺក្បាល វិលមុខរៀងរាល់ថ្ងៃ។
មតិ និងសំណួរទាំងនេះ បើតាមអ្នកជំនាញសុវត្ថិភាពចរាចរណ៍ បានទទួលស្គាល់ថា ធម្មតាទេ រឿងទាំងនេះ មុនកើតមានគឺវាមានបញ្ហា និងឫសគល់ ពីអាជ្ញាធរ និងប្រជាពលរដ្ឋ។ បញ្ហាចរាចរណ៍ ដែលតែងកើតមាននៅស្រុកខ្មែរ គឺការលក់ដូរ រំលោភចិញ្ចើមផ្លូវ ការជិះបញ្ច្រាស ការជិះម៉ូតូមិនពាក់មួក រួមនឹងករណីល្មើសច្បាប់ផ្សេងទៀត។
លោក គង់ សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍ បានមានប្រសាសន៍ថា បើយើងចង់ឲ្យស្ថានភាពចរាចរណ៍ស្រុកខ្មែរបានល្អដូចប្រទេសគេ ទាល់តែមានការសហការគ្នាទាំងខាងអាជ្ញាធរ និងខាងប្រជាជន។
ជាក់ស្ដែងប្រសិនបើមានការកកស្ទះជាប្រចាំ នៅចំណុចណា១ លោក គង់ សុវណ្ណ បន្តថា ភាគីអាជ្ញាធរ ត្រូវចាប់ផ្ដើមចុះអង្កេតផ្ទាល់ និងសិក្សា ពីដើមហេតុ នៃបញ្ហា ថាម៉ោងណាស្ទះខ្លាំង? តើមានអ្នកលក់ដូរបំពានចិញ្ចើមផ្លូវទេ? ត្រូវឲ្យអ្នកលក់ធ្វើចំណត មុនបើកអាជីវកម្ម ឬត្រូវដាក់ សមត្ថកិច្ចចុះសម្រួលពេលកកស្ទះ ឬបង្កើនការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ បង្កើតប្រព័ន្ធពិន័យឲ្យមានប្រសិទ្ធភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាដើម។
ក្រៅពីនេះ សមត្ថកិច្ចក៏ត្រូវហ៊ានទទួលស្គាល់កំហុសឆ្គង និងទទួលយកការរិះគន់ ពីសាធារណជនលើចំណុចខ្វះខាត។
ចំណែកភាគី ប្រជាពលរដ្ឋវិញ កុំចាំតែប្រៀបធៀប ឬសរសើរតែស្រុកគេល្អអីចេះ១ អីចុះ២ យើងគួរចាប់ផ្ដើមទាំងអស់គ្នា ដូចជា ពេលជិះម៉ូតូដាច់ខាតត្រូវពាក់មួកឲ្យត្រឹមត្រូវ ជិះឡានត្រូវដាក់ខ្មែរក្រវាត់សុវត្ថិភាពកុំជិះបញ្ច្រាសទិស មានសីលធម៌ខ្ពស់ក្នុងការបើកបរ និងគោរពច្បាប់ឲ្យបានល្អ។
ពេលមានបញ្ហាត្រូវចូលរួមដោះស្រាយ ដើម្បីកែលម្អ មិនមែនជាន់ពន្លិចគ្នា ឬយកមកបរិហារលេងសើចតាម ហ្វេសប៊ុកទេ។
បើតាមរបាយការណ៍ ពីមន្ត្រីសុវត្ថិភាពចរាចរណ៍ បានឲ្យដឹងថា បច្ចុប្បន្នប្រទេសដែលមានស្ថានភាពចរាចរណ៍ និងការគោរពច្បាប់ល្អជាងគេក្នុងពិភពលោក មាននៅ៣ប្រទេសគឺ ហូឡង់ សិង្ហបុរី និងប្រទេសជប៉ុន។