ឫស​គល់​ធ្វើ​ឲ្យ​បទ​ចម្រៀង​ស្លាប់​មុន​ម្ចាស់

  • 2018-05-24 04:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​វិស័យ​តែង​និពន្ធ​បទ​ចម្រៀង​ហាក់​មាន​សន្ទុះ​គួរ​ឲ្យ​កត់​សម្គាល់ ការ​តែង​និពន្ធ​បទ​ថ្មី​មិន​ចម្លង​ពី​គេ ដែល​ហៅ​ថា Original Song នោះ​ក៏​កាន់​ផុស​ផុល។ ស្រប​ពេល​សន្ទុះ​នៃ​ការ​ងើប​ឡើង​វិញ នៃ​វិស័យ​នេះ​ជា​ច្រើន​ឆ្នាំ​មក​នេះ ក៏​មាន​លេច​ឮ​នូវ​ពាក្យ​មួយ​ឃ្លា​ថា«ស្នាដៃ​ស្លាប់​ចោល​ម្ចាស់» ត្បិតពាក្យ​នេះ​មិន​មែន​ជា​ការ​វាយ​តម្លៃ​ស្នាដៃ​តែង​និពន្ធ​ជាក់​លាក់​ក្តី តែ​នេះ​ជា​ផ្នែក​មួយ​ស​បញ្ជាក់​ថា ស្នាដៃ​ទាំង​នោះ​មិន​ទាន់​ជ្រាប​ដល់​ក្រអៅ​បេះដូង​អ្នក​ស្តាប់​គ្រប់​ស្រទាប់​នៅ​ឡើយ​ទេ ពោល​គឺ​ទទួល​បាន​ការ​គាំទ្រ​តែ​ពី​សំណាក់​យុវវ័យ​ប៉ុណ្ណោះ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ស្នាដៃ​ចម្រៀង​ទាំង​នោះ ល្បី​តែ​មួយ​ប្រាវ ហើយ​ស្ងាត់​បាត់ទៅវិញ?

ទស្សនៈ​អ្នក​និពន្ធ​ជើង​ចាស់​ទៅ​លើ​ភាព​ខុស​ប្លែក​គ្នា​រវាង​បទ​ចម្រៀង​សម័យ​មុន និង​បច្ចុប្បន្ន៖

មិន​មាន​ទឡ្ហីករណ៍​ណា​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​ឲ្យ​ស៊ី​ជម្រៅ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ​មាន​ការ​ជជែក​វែក​ញែក និង​ការ​លើក​ឡើង​ពី​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​រឿង​ទាំង​នេះ​ច្រើន​ដែរ ដោយ​ក្នុង​នោះ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា បទ​ចម្រៀង​កាល​ពី​ជំនាន់​ទសវត្សរ៍៥០ ដល់៧០ ដែល​មាន​អ្នក​ចម្រៀង​ល្បីៗ ដូច​ជា​លោក ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា លោក សុះ ម៉ាត់ លោក អ៊ឹង ណារី អ្នកស្រី ប៉ែន រ៉ន អ្នកស្រី ហួយ មាស ជាដើម ត្បិត​តែ​ម្ចាស់​ស្នាដៃ​មួយ​ចំនួន​បាន​ស្លាប់​បាត់​បង់​ទៅ​ហើយ​ក្តី ប៉ុន្តែ​ស្នាដៃ​របស់​អ្នក​ចម្រៀង និង​តន្រ្តីករ​សម័យ​នោះ​នៅ​តែ​ដក់​ជាប់​ក្នុង​អារម្មណ៍​អ្នក​ស្តាប់​រហូត​ដល់​បច្ចុប្បន្ន។

អ្នកស្រលាញ់បទចម្រៀងចាស់ៗកំពុងពិនិត្យ និងចាក់ស្តាប់ថាសចម្រៀងសម័យដើម ក្នុងហាងមួយនៅភ្នំពេញ

ត្បិត​តែ​សម័យ​នេះ​មាន​ឧបករណ៍​ទំនើបៗ​ដែល​អាច​ជួយ​ដល់​បច្ចេកទេស​សំឡេង និង​បទ​ភ្លេង​ឲ្យ​កាន់​តែ​ពីរោះ​លន្លង់​លន្លោច​ក្តី តែ​គុណភាព​នៃ​បទ​ចម្រៀង​ទាំង​នោះ​ហាក់​នៅ​មាន​កម្រិត​ឡើយ។ ទំនុក​ច្រៀង (Melody) ដែល​មាន​អត្ថន័យ​អប់រំ​​ជា​សកល​ មិន​សម្រាប់​ក្រុម​មនុស្ស​ណា​មួយ​ស្ដាប់​ ជា​ចំណុច​​សំខាន់​ដែល​ធ្វើ​ឲ្យ "​ស្នា​ដៃ​របស់​អ្នក​និពន្ធ​រស់​បាន​យូរ​ជាង​ជីវិត​អ្នក​ផលិត"។ ប៉ុន្តែ​បើ​ផលិត​ផល​ចេញ​មក​ខុស​ពី​ចំណុច​ខាង​លើ គឺ​ស្នាដៃ​ស្លាប់​ចោល​ម្ចាស់​ហើយ​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​និពន្ធ​ជើង​ចាស់ ​ឯក​ឧត្តម​ ជ័យ ​ចាប ទីប្រឹក្សា​សម្ដេច​ជហ្វា​​វាំង​ គង់ សំអុល។

ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពី​លោក​សង្កេត​ឃើញ​ថា​បទ​ចម្រៀង​បច្ចុប្បន្ន​មួយ​ចំនួន​ដែល​ចេញ​ផ្សាយ​ និង​បង្ហាញ​ខ្លួន​លើ​ទី​ផ្សារ​ ដើម្បី​បម្រើ​អារម្មណ៍​អ្នក​ស្ដាប់​​បាន​តែ​មួយ​រយៈ ​ក៏​ស្រាប់​តែ​បាត់​ស្រមោល លែង​មាន​ការ​និយម​ទៀត។ ខុស​​បទ​ចម្រៀង​សម័យ​មុន នៅ​តែ​អាច​បំពេ​អារម្មណ៍​អ្នកស្ដាប់​ឲ្យ​ជាប់​ចិត្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​​។

ឯក​ឧត្តម​ ជ័យ ​ចាប

ទឹក​ដម​សំឡេង និង​រូប​សម្រស់​តែ​ម្យ៉ាង​មិន​អាច​យឹត​យោង​ចម្រៀង​មួយ​បទ​ឲ្យ​ពីរោះ​រណ្តំ​ចិត្ត​នៅ ឡើយ​ទេ ជុំវិញ​បញ្ហា​នេះ ឯក​ឧត្តម​ ជ័យ ​ចាប ​ពន្យល់​ថា​ "អ្នក​និពន្ធ​ជា​ផ្នែក​មួយ​សំខាន់​ដែរ"។ លោក​ថា អ្នកនិពន្ធ​មួយ​រូបត្រូវ​មាន​ចំណេះ​ទូទៅ​​ឲ្យ​ទូលាយ​ ទាំង​បញ្ហា​សង្គម ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ផ្នត់​គំនិត​មនុស្ស​គ្រប់​វ័យ ជាពិសេស​ទំនុកច្រៀង គឺ​មាន​លក្ខណៈ​ជាសាកល​ ដោយ​មិន​សម្រាប់​ក្រុម​មនុស្ស​ណាមួយ​​ទើប​អ្នក​និពន្ធ​នោះ​អាច​ចង​ចិត្ត​អ្នកគាំទ្រ​បាន​។ លោក​បន្ត​ថា អ្នកសរសេរ​ទំនុក​​ចម្រៀង​ត្រូវ​ពូកែ​លើ​កំណាព្យ​ និង​ចេះ​ដឹង​អក្សរ​សាស្រ្ត​ជាតិ​ ដើម្បី​ឲ្យ​ការ​សរសេរ​ឃ្លា​ប្រយោគ​ទៅ​ធ្វើ​ឲ្យ​គេ​ស្ដាប់​បាន​។ "ពាក្យ​ក្នុង​ចម្រៀង​ និង​កំណាព្យ​គឺ​សម្រិតសម្រាំង​ពាក្យ​ល្អ​បំផុត​ ព្រោះ​ក្នុង​ចម្រៀង​មាន​ពាក្យ​​តិច ប៉ុន្តែ​ពោរ​ពេញ​ដោយ​ខ្លឹម​សារ​ ដែល​​មាន​តម្លៃ​អប់រំ​ឲ្យ​មនុស្ស​ក្លាយ​ជាគំរូ​ជន​ក្នុង​សង្គម​។ អ្នក​និពន្ធ​មិន​ត្រូវ​យក​ពាក្យ​ផ្សារ​ផ្សោ​ មក​ដាក់​ក្នុង​បទ​ចម្រៀង​ទេ ​ព្រោះ​វា​ធ្វើ​ឲ្យ​បាត់​សោភ័ណ​របស់​ចម្រៀង ទើប​ចម្រៀង​នោះ​មាន​ន័យ​ រស់​នៅ​គង់​វង្ស​យូរ​អង្វែង" ឯក​ឧត្តម ជ័យ ចាប បន្ថែម។

ទាក់​ទង​នឹង​បទ​ចម្រៀង​សម័យ​បច្ចុប្បន្ន​ហាក់​មាន​តែ​បរិមាណ តែ​ថម​ថយ​នូវ​រសជាតិ​នេះ អ្នក​និពន្ធ អ្នក​ស្រី កែវ ចាន់​បូរណ៍ ធ្លាប់​ឡើង​កន្លង​មក​រួមមាន ការ​ចម្លង​បទភ្លេង​ពី​បរទេស ធ្វើ​ឱ្យ​បាត់បង់​រសជាតិ​សាច់ភ្លេង ដែល​​មាន​ព្រលឹង​វិញ្ញាណ​​របៀប​ជា​ខ្មែរ ការ​ផលិត​មិន​ផ្ចិតផ្ចង់ បង្ខំ​ឱ្យ​លឿន ឆាប់​បាន​​ចេញ​លក់ ដោយ​មិន​គិត​​ពី​គុណ​ភាព ការ​និពន្ធ​ទំនុក​ច្រៀង ដោយ​មិន​ស្គាល់មនោ​សញ្ចេតនា នៅ​ក្នុង​ចង្វាក់​ភ្លេង នៃ​បទ​នីមួយៗ​ជា​ដើម។

ការ​លើក​ឡើង​បែប​នេះ​ដោយ​សារ​តែ​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ត្បិត​វិស័យ​ចម្រៀង​រីក​ដុះ​ដាល​ខ្លាំង​នោះ ផលិត​កម្ម​ក្នុង​ស្រុក​ជា​ច្រើន​បាន​លួច​ចម្លង​ស្នាដៃ​បរទេស មាន​ទាំង​បទ​ភ្លេង ទំនុក​ច្រៀង រួម​ទាំង​កាយ​វិការ​សម្តែង​ទាំង​ដុល​ក៏​មាន។

បញ្ហា​នេះ​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ដុត​ដៃ​ដុត​ជើង អំពាវនាវ​ជា​ញយ​ដង​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​កុំ​លួច​ចម្លង​ស្នាដៃ​ពី​បរទេស ឲ្យ​ព្យាយាម​និពន្ធ​ទំនុក​ច្រៀង និង​បទ​ភ្លេង​ដោយ​ខ្លួន​ឯង​ទើប​មាន​តម្លៃ។

ដោយ​សារ​ជា​សម័យ​បច្ចេក​វិទ្យា​ទៅ​ហើយ ការ​លួច​ចម្លង​ស្នាដៃ​បរទេស​ពិត​ជា​ងាយ​ស្រួល ធ្លាប់​មាន​ម្ចាស់​ស្នាដៃ​ដើម​ពី​បរទេស​ប្រតិកម្ម​រិះគន់​ចង្អុល​ចំៗ​អ្នក​ចម្រៀង និង​ផលិតកម្ម ថែម​ទាំង​ត្រូវ​មហា​ជន​ក្នុង​ស្រុក​រិះ​គន់​មិន​ប្រណី​ដៃ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។

ទាំងនេះ​ជា​សារ​ភ្ញោច និង​ដាស់​ដឿន​ដល់​​កវី​និពន្ធ រហូត​មាន​តារា​ចម្រៀង​ខ្មែរ​មួយ​ចំនួន​ឈឺ​ចាប់​ពេក ​ប្រកាស​ខ្លួន​ឈប់​ច្រៀង​ចម្រៀង​​ចម្លង​ពី​បរទេស ដោយ​ផ្តោត​មក​ច្រៀង​បទ​និពន្ធ​ថ្មី​ (Original) ជា​ស្នាដៃ​កូន​ខ្មែរវិញ។

ក្នុង​ឆ្នាំ២០១០ Sai ជា​តារា​ចម្រៀង Original Song ម្នាក់​ដែល​ឈឺ​ចាប់​នឹង​ពាក្យ​សួរ​នាំ​ក្នុង​ន័យ​បញ្ចើច​បញ្ចើ​របស់​មិត្ត​ភក្តិ​នៅ​អាស៊ាន​ម្នាក់​ថា "ម៉េច​ហើយ នៅ​ខ្មែរ​គេ​អាច​និពន្ធ​បទ​ចម្រៀង​ខ្លួន​ឯង​បាន​ឬ​នៅ"?​ Sai ចាប់​ផ្តើម​រៀន​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី ចាប់​ពី​ពេល​នោះ​មក។ Sai ក៏​ជា​សមាជិក​រួម​បង្កើត ក្រុម Original Song ជាមួយ​តារា Original Song មួយ​ចំនួន​ទៀត ដែល​មាន​គំនិត​រួម​មួយ គឺ​ដើម្បី​បង្កើត​សិល្បៈ​តែង​និពន្ធ​ថ្មី សាច់​ភ្លេង​ថ្មី រសជាតិ​ថ្មី។

ទស្សនៈ​អ្នក​និពន្ធ​ជំនាន់​ក្រោយ៖

ពី​មួយ​សម័យ​កាល​ទៅ​មួយ​សម័យ អ្វីៗ​មិន​ស្ថិត​ស្ថេរ​ទាំង​អស់​នោះ​ទេ គឺ​មាន​ការ​ផ្លាស់​ប្តូរ​ជា​និច្ច ដូច​ពាក្យ​មួយ​ឃ្លា​ថា​ "មនុស្ស​រត់​តាម​សម័យ​កាល"។ អ្នក​និពន្ធ​ជំនាន់​ក្រោយ លោក សុខ ចាន់ផល ហាក់​មិន​ឯកភាព​នឹង​​គំនិត​រៀម​ច្បង​ខាង​លើ​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក​ទទួល​ស្គាល់​ពី​គុណភាព​នៃ​បទ​ចម្រៀង​ពី​សម័យ​មុន​ថា ពិត​ជា​ល្អ​ជាង បច្ចុប្បន្ន។ ទស្សនៈ​លោក បទ​ចម្រៀង​ខុស​គ្នា​ទៅ​តាម​សម័យ​កាល ដោយ​ផ្អែក​លើ​គំនិត​ផ្សេង​គ្នា​របស់​អ្នក​និពន្ធ ដូច្នេះ​មិន​អាច​វាយ​តម្លៃ​ថា បទ​ចម្រៀង​សម័យ​នោះ​ល្អ សម័យ​នេះ​មិន​ល្អ​នោះ​ទេ។

មាន​ចំណុច​មិន​ជា​ច្រើន​ប៉ុន្មាន​នោះ​ទេ​ដែល​អ្នក​និពន្ធ​ល្បី​ឈ្មោះ​បោះ​សំឡេង​ជើង​ថ្មី​រូប​នេះ គិត​ថា​បទ​ចម្រៀង​សម័យ​នេះ​មិន​ទាន់​ឈាន​ដល់​ចំណុច ដែល​ចង់​បាន​របស់​មហាជន នោះ​គឺ​ "ផ្តោត​លើ​បរិមាណ ជា​ជាង​គុណភាព"។ "ដរាប​ណា​អ្នក​និពន្ធ​ផ្តោត​បរិមាណ​ជា​ចម្បង ចង់​មិន​ចង់ គុណភាព​ច្បាស់​ជា​ធ្លាក់​ចុះ​មិន​ខាន ខ្ញុំ​មិន​ដែល​ឃើញ​ប្រទេស​ណា​ចេញ​បទ​ចម្រៀង​ច្រើន​ដូច​ស្រុក​ខ្មែរ​ទេ ពេល​ខ្លះ​ផលិត​កម្ម​៣​ខែ ចេញ​៣វ៉ុល​ អីចឹង​បទ​ទាំង​ហ្នឹង​ មិន​បាន​ប៉ុន្មាន​ទេ​វា​សាប​ហើយ"។

ទន្ទឹម​នឹង​មើល​ឃើញ​ផល​អវិជ្ជមាន​ខ្លះៗ អ្នក​និពន្ធ សុខ ចាន់ផល ហាក់​មាន​គំនិត​សុទិដ្ឋ​និយម​លើ​ការ​រីក​ចម្រើន​របស់​វិស័យ​ចម្រៀង​បច្ចុប្បន្ន អ្វី​ដែល​លោក​ចង់​បាន​នោះ គឺ​សូម​ឲ្យ​អ្នក​ធ្វើការ​ក្នុង​វិស័យ​នេះ ​ធ្វើ​ដោយ​ចិត្ត​ស្រលាញ់​ចេញ​ពី​បេះដូង ដាក់​ចិត្ត​គំនិត​លើ​ការ​តែង​និពន្ធ ជា​ជាង​ធ្វើការ​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​មិន​ខ្វល់​តម្លៃ​សិល្បៈ​ខ្មែរ។

ការ​លើក​ឡើង​បែប​នេះ​ហាក់​ស៊ី​គ្នា​ទៅ​នឹង​គំនិត​របស់​អ្នក​និពន្ធ និង​ជា​អ្នក​ដឹក​នាំ​រឿង​ជើង​ចាស់​មួយ​រូប គឺ​ឯក​ឧត្តម ម៉ៅ អាយុទ្ធ។ ឯកឧត្តម​មើល​ឃើញ​ថា បទ​ចម្រៀង​បច្ចុប្បន្ន​ហាក់​ដូច​ជា​បញ្ចូល​ស្ទីល​បរទេស​ច្រើន កម្រ​មាន​បទ​ចម្រៀង​ណា​ស្តាប់​ទៅ​ជា​របស់​ខ្មែរ​ណាស់។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា​រូប​នេះ​មិន​ប្រៀប​ធៀប​គុណភាព​ចម្រៀង​ពី​មុន​និង​ឥឡូវ​យ៉ាង​ណា​នោះ​ទេ​ តែ​លោក​បាន​លើក​ពី​ដើម​ចម​ដែល​ធ្វើ​ឲ្យ​ចម្រៀង​មរតក​ដើម​មានការ​គាំទ្រ​ខ្លាំង​ និង​មិន​សាប​រលាប នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​ពលរដ្ឋ​ខ្មែរ​ថា​ 'ការ​និពន្ធ​ទាំង​បទ​ភ្លេង​ ទំនុក សំឡេង​របស់​តារា​ចម្រៀង​ពី​សម័យ​មុន គឺ​បាន​បង្កប់​នូវ​អត្តសញ្ញាណ​ជាតិ​ ​និង​ផ្នត់​គំនិត​ខ្មែរ​"។ ក្នុង​នាម​ជា​ចាស់​ទុំ​ក្នុង​វិស័យ​សិល្បៈ ឯក​ឧត្តម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ផលិត​បទ​ចម្រៀង​ថ្មី​គួរ​តែ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ទាំង​នេះ​ដើម្បី​ឲ្យ​ស្នា​ដៃ​របស់​ខ្លួន​មាន​លក្ខណៈ​ជា​សកល​ និង​បន្ត​ជីវិត​បាន​យូរ​អង្វែង​​។

រស​និយម​អ្នក​ស្តាប់​បទ​ចម្រៀង​ទាំង​២​សម័យ​កាល៖

ក្នុង​នាម​ជា​អ្នក​និយម​ស្តាប់​បទ​ចម្រៀង​ទាំង​ពីរ​សម័យ​កាល អ្នកនាង ស្រីទូច បាន​ឲ្យ​តម្លៃ​បទ​ចម្រៀង​ដើម​ទៅ​លើ​ចុង​ចួន និង​អត្ថបទ​ន័យ​ខ្ពស់​ជាង​បទ​បច្ចុប្បន្ន​បន្តិច តែ​ទោះ​យ៉ាង​ណា បទ​ចម្រៀង​ខ្លះ​ពីរោះ​ទៅ​តាម​វេលា​នៃ​ការ​ស្តាប់។ អ្នក​ស្តាប់​វ័យ​ជាង​៣០​ឆ្នាំ​រូប​ថា ចូល​ចិត្ត​ស្តាប់​ពី​បទ​ដើម​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដើរ​កម្សាន្ត​ទៅ​​ទីណា​ឆ្ងាយៗ ព្រោះ​អត្ថន័យ​បទ​ទាំង​នោះ​ហាក់​ស៊ី​នឹង​បរិយាកាស​ដែល​ពណ៌នា​អំពី​ទេសភាព ទីកន្លែង​នីមួយៗ​បាន​ល្អ ស្តាប់​ទៅ​មាន​រូបារម្មណ៍ ស្រមៃ​ឃើញ​រូប​ភាព​ពិតៗ។ ចំពោះ​បទ​សម័យ​បច្ចុប្បន្ន​វិញ គឺ​ត្រូវ​នឹង​ពេល​មាន​ស្នេហា ទាំង​ពេល​ជួប ពេល​ផ្អែម​ល្ហែម ឬ​ពេល​បែក​ជា​ដើម ព្រោះ​ត្រូវ​នឹង​បរិបទ​សម័យ​អ៊ីនធឺណែត​នេះ។

"ខ្ញុំ​អត់​សូវ​ចេះ​ស្គាល់​បទ​ពី​ដើម​ទេ ហើយ​ក៏​មិន​ចូល​ចិត្ត​ស្តាប់​បទ​​ពី​ដើម​ដែរ បើ​តែ​បទ​សម័យ​ឥឡូវ ចេះ​ស្ទើរ​គ្រប់​បទហ្មង ឲ្យ​តែ​ចេញ​ម៉ោ​មិន​ទាន់​ទេ"។ នេះ​ជា​សម្តី​របស់​យុវជន​វ័យ​ប្រមាណ​២០​ឆ្នាំ។ ចំពោះ​មូលហេតុ​វិញ​ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ម្នាក់​នេះ​អះ​អាង​ថា មិន​ចូល​ចិត្ត​ស្តាប់​ប​ទ​ពី​ដើម​នោះ​ព្រោះ​ខ្លួន​គិ​តថា​បទ​ទាំង​នោះ ត្រូវ​នឹង​សម័យ​កាល​ពី​មុនៗ ស្តាប់​ទៅ​ដូច​មិន​ទាន់​សម័យ​នឹង​គេ​សោះ។

​រាង​ខ្ពស់​ស្រឡះ បុរស​មជ្ឈឹម​វ័យ​ម្នាក់​ឆ្លើយ​នឹង​សំណួរ​ថា រវាង​បទ​ពី​សម័យ និង​បទ​ចម្រៀង​បច្ចុប្បន្ន លោក​ចូល​ចិត្ត​ស្តាប់​បទ​ណា​ជាង​គេ? ចម្លើយ​យ៉ាង​ខ្លី គឺ «ខ្ញុំ​មិន​ចេះ​ស្តាប់​ទេ​បទ​ក្មេងៗ​ឥឡូវ​នោះ បែក​ស្លុយ គ្មានន័យ គ្មាន​ចុង​ចួន ច្រៀង​អក្សរ​ខ្មែ​រ​មិន​ច្បាស់​ផង »។ អាច​ថា អ្នក​ស្តាប់​ម្នាក់​នេះ​ងប់​ងុល និង​ឲ្យ​តម្លៃ​បទ​ពី​ដើម​លើស​លុប​មែន តែ​លោក​មិន​​បន្ទោស ឬ​ទម្លាក់​កំហុស​ទៅ​នរណា​ម្នាក់ទេ លោក​ថា មក​ពី​វ័យ​លោក​ក៏​មិន​ដឹង ដែល​ស្តាប់​បទ​សម័យ​នេះ​មិន​ចូល​នោះ។

ហាងមួយនៅរាជធានីភ្នំពេញ ប្រគំតន្រ្តី ច្រៀង និងចាក់តែបទសម័យមុន

ចម្លើយ​ដ៏​ចាក់​ដោត​នេះ ត្រូវ​បាន​អ្នក​គ្រប់គ្រង​​ផលិតកម្ម​មួយ​រូប​សូម​បញ្ចេញ​ឈ្មោះ បកស្រាយ​ភ្លាមៗ​ថា អ្នក​ស្តាប់​ភាគ​ច្រើន​ជា​យុវវ័យ ដូច្នេះ​ចាំ​បាច់​ត្រូវ​តែ​ផលិត​បទ​ចម្រៀង​ទីផ្សារ បើ​មិន​ដូច្នេះ​ទេ​ផលិត​កម្ម​បាន​ថវិកា​ទ្រទ្រង់​ឯណា​ដើម្បី​រស់​នោះ។ ទន្ទឹម​នឹង​ផលិត​បទ​ចម្រៀង​ដែល​ជា​ទី​ពេញ និយម​របស់​យុវវ័យ​សម័យ​នេះ៧០ទៅ៨០%នោះ អ្នក​គ្រប់​គ្រង​ផលិត​កម្ម​ដដែល​នេះ​អះ​អាង​ថា ២០​ទៅ​៣០% ទៀត​ខាង​ផលិតកម្ម​ក៏​បាន​ផលិត​បទ​ចម្រៀង​សម្រាប់​មនុស្ស​វ័យ​កណ្តាល​ផង​ដែរ។

ងាក​មក​អ្នក​គ្រប់​គ្រង​ផលិត​កម្ម​ ថោន លោក មាស សុខរតនៈ វិញ​អះ​អាងថា​ ត្បិត​តែ​រត់​តាម​ទីផ្សារ​ក្តី តែ​ខាង​ផលិតកម្ម​លោក​ក៏​បាន​ប្រិត​ប្រៀង​នូវ​គុណភាព​ចម្រៀង​ផង​ដែរ ដោយ​ក្នុង​នោះ​បទ​​ភាគ​ច្រើន​តម្រូវ​ទីផ្សារ​យុវវ័យ ៦០ ទៅ៧០% ពិត​មែន ប៉ុន្តែ​មិន​ភ្លេច​បញ្ចូល​សារ​អប់រំ​នោះ​ទេ។

៦០ ទៅ៨០% ជា​បទ​ចម្រៀង​ផលិត​ថ្មី នេះ​ជា​តួ​លេខ​ដែល​អ្នក​គ្រប់​គ្រង​ដដែល​រូប​នេះ​បញ្ជាក់​ថា​ផលិតកម្ម​ធ្វើ​បាន​នា​ពេល​បច្ចុប្បន្ន។ អាច​និយាយ​បាន​ថា ​តួ​លេខ​នេះ​ហាក់​ខ្ពស់​គួរ​សម តែ​យ៉ាង​​ណា​លោក​ថា មិន​មែន​ផលិតកម្ម​មិន​ចង់​ផ្តាច់​ទាំង​ស្រុង​ពី​ការ​ចម្លង​ស្នាដៃ​បរទេស​នោះ​ទេ ល្គឹក​ណា​កម្ពុជា​មាន​ធន​ធាន​មនុស្ស​គ្រប់​គ្រាន់ មាន​តម្លៃ​ទីផ្សារ​ពលកម្ម​ខ្ពស់ កម្មសិទ្ធិ​បញ្ញា​ក្នុង​ស្រុក​ត្រូវ​បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព នោះ​អ្វីៗ​នឹង​កាត់​ផ្តាច់​ទាំង​ស្រុង។

សរុប​ជា​រួម​ទោះ​ជា​សង្កេត​ឃើញ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ក្តី អ្នក​និពន្ធ​ជើង​ចាស់​ដែល​ធ្លាប់​មាន​ស្នាដៃ លើ​ការ​តែង​និពន្ធ​បទ​ចម្រៀង​ក៏​បាន​សាទរ​នូវ​ការ​រីក​ចម្រើន​លើ​វិស័យ​តន្រ្តី​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​រួម​មាន​ការ​បង្កើត​បទ​ចម្រៀង​ថ្មីៗ​ដោយ​ខ្លួន​ឯង កាត់​បន្ថយ​ការ​ចម្លង​ស្នាដៃ​ពី​បរទេស និង​មាន​ការ​កែ​ច្នៃ​ចង្វាក់​ហ៊ីបហប រ៉េប ដែល​ជា​ចង្វាក់​លោក​ខាង​លិច មាន​ជា​លក្ខណៈ​ខ្មែរ​ជា​ដើម។

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម