មាន៤ចំណុចនេះទៀត ធានាថាឡានក្រុងស្រុកខ្មែរ ដឹងតែមិនចាញ់ស្រុកគេ

  • 2018-05-24 04:52:49
  • ចំនួនមតិ 1 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​គាំ​ទ្រ​សេវា​ឡាន​ក្រុង​សាធារណៈ​ ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​និយម​ធ្វើ​ដំណើរ​ទៅ​មក​ជា​ប្រចាំ​ បាន​លើក​ឡើង​ថា​ ៤​ចំណុច​នេះ គួរ​តែ​បន្ថែម និង​កែ​សម្រួល ដើម្បី​ឲ្យ​សេវា​មួយ​នេះ ល្អ​មិន​ចាញ់​ស្រុក​គេ។

អ្នក​ធ្លាប់​ប្រើប្រាស់​សេវា​ឡាន​ក្រុង​សាធារណៈ​ ​ប្រហែល​ជា​ធ្លាប់​ជួប​រឿង​ទាំង​នេះ គឺ​ករណី​មិន​បាន​ត្រៀម​លុយ​បង់​សេវា​១ ៥០០​រៀល ការ​បើកបរ​មាន​ល្បឿន​លឿន​ ការ​បន្លំ​ដាក់​លុយ​មិន​គ្រប់​ និង​ការ​បន្ថែម​ខ្សែ​ដឹក​ជញ្ជូន​តាម​ផ្លូវ​តូច​ៗ ជាដើម។​​

១. គួរតែ​បន្ថែម​ ខ្សែ​ដឹក​ជញ្ជូន​តាម​ផ្លូវ​តូច​ៗ

​លោកស្រី យក់ ថាណាក់ ជាស្ត្រី​មេផ្ទះ ដែល​ជិះ​ឡាន​ក្រុង​ទៅមក​រាល់ថ្ងៃ​ជាមួយ​ចៅប្រុស​តូច​អាយុ​ប្រហែល​៣ឆ្នាំ​ និយាយថា សេវា​រថយន្ត​ក្រុង​ពិត​ជា​ល្អ​ ចំណាយ​តិច​និង​មាន​សុវត្ថិភាព។ លោកស្រី​បន្ត​ថា មានចំណុច១ ដែល​លោក​ស្រី​ចង់​បាន​​គឺ ការ​បន្ថែម​ខ្សែ​ដឹក​ជញ្ជូន​តាម​ផ្លូវ​តូច​ៗ ព្រោះ​កុំ​ឲ្យ​ពិបាក​រក​អី​ជិះ​មក​កាន់​ផ្លូវ​ធំ ជាក់ស្ដែង​លោកស្រី គឺ​ត្រូវ​ជិះ​ម៉ូតូ​១តង់មកសិន រួច​បាន​ដឹក​ដៃ​ចៅ​តូច​ឡើង​ឡាន​ក្រុង។

២. ការ​បើកបរ​មាន​ល្បឿន​លឿន​

ចំណែក​លោក​ស្រី សាយ ជា​បុគ្គលិក​ក្រុមហ៊ុន និយាយ​ថា​ការ​សម្គាល់​ពេល​ជិះ​ឡាន​ក្រុង​រាល់ថ្ងៃ​ ឃើញ​ថា អ្នក​បើកបរ​ឡាន​ក្រុង​ខ្លះ​ គឺ​បើក​លឿន​មែន និង​ចាប់​ហ្វ្រាំង​កញ្ឆក់​ៗ ពេល​ខ្លះ​ចង់​ពុល​អ្នក​ជិះ ហើយ​អាច​ដួល​អ្នកដំណើរ ដែល​ឈរ​តោង​បង្កាន់​ដៃ​លើ​ឡាន​ក្រុង។

៣. ករណី​អ្នកជិះឡានក្រុង មិន​បាន​ត្រៀម​លុយ​បង់​សេវា​១ ៥០០​រៀល

ក្រៅ​ពី​សំណូមពរ​ប្រជាពលរដ្ឋ អ្នកបើកបរឡានក្រុង១ខ្សែ សូម​មិន​បញ្ចេញ​ឈ្មោះ​ ក៏​មាន​សំណូម​ពរ​ដូច​គ្នា លោក​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ ត្រៀម​លុយ​រាយ​ ១ ៥០០រៀល​ ឲ្យ​ស្រេច​ មុន​ឡាន​មក​ដល់ កុំ​ឲ្យ​ពិបាក​យឺត​ពេល​អាប់​លុយ និង​នាំ​ស្ទះ​គេឯង​នៅ​លើ​ឡាន​ក្រុង។

៤. ការ​បន្លំ​ដាក់​លុយ​មិន​គ្រប់​

ក្រៅ​ពី​នេះ​ទៀត លោក​បន្ត​ថា ធ្លាប់​មាន​អ្នក​ជិះ​ខ្លះ​ បាន​បន្លំ​ដាក់​លុយ​មិន​គ្រប់ និង​អ្នក​ខ្លះ​ដាក់​លុយ​ក្លែងក្លាយ​ លុយ​ក្រដាស​សែន ចូល​ធុង​ក៏​មាន។

អ្នកបើកបរ ហួសចិត្ត​ដែល​មាន​បញ្ហា​នេះ​ ឆ្ងល់​ហេតុ​អី​អ្នក​ជិះ​ដាក់​លុយ​ធំ? ដឹង​អី​ក្រដាស​លុយ​សែន ២០ដុល្លារសោះ! លោក​ថា ​នេះ​ជា​ការ​ផ្ដល់​គំរូ​មិន​ល្អ ហើយ​ការ​ទទួលខុសត្រូវ​ គឺ​ធ្លាក់​លើ​អ្នកបើកបរ ត្រូវ​សង​ជំនួស។

សូម​ជម្រាប​ថា បច្ចុប្បន្ន​មាន​សេវា​រថយន្ត​ក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ ចំនួន៩ខ្សែ កំពុង​ដំណើរ​ការ ក្រោម​ជំនួយ​ឥត​សំណង​ ពី​រដ្ឋាភិបាល​ប្រទេស​ចិន។

នៅ​ខែ​មិថុនា​ ខាងមុខ​នេះ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់​រថយន្តក្រុង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចំនួន ១៤០​គ្រឿង បន្ថែម​ ស្មើនឹង​តម្លៃ​ជាង ៨លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០១៨ ដល់ ២០២០។ ក្នុង​ជំហាន​ទី១ រថយន្ត​ក្រុង​ចំនួន ៨០​គ្រឿង នឹង​មក​ដល់​រាជធានី​ភ្នំពេញ​៕


អត្ថបទ៖ ពៅ រក្សា