ដឹងតែមិនតិចនាក់ទេភ្ញាក់​ផ្អើល​ពេល​ដឹង​ឫសគល់​ពាក្យ «ជើងក្រាន»

  • 2018-05-24 10:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ​រមែង​មាន​កម្ចីពាក្យ​ពីជាតិ​សាសន៍​មួយ​ផ្សេង​ទៀត​មិន​ថា​តិច​ឬច្រើន​ក្តី។ អ្នក​ស្រាវជ្រាវ​ផ្នែកភាសា​ខ្មែរ​បាន​លើក​ឡើង​ថា​ក្នុង​ភាសាផ្ទះបាយ​ខ្មែរ​ក៏មាន​ដែរ​ការ​យក​ពាក្យ​របស់​សាសន៍ដទៃមក​ប្រើ​ប្រាស់។​

(លោក ចៅ វាសនា ធ្វើ​បាឋកថា​ទាក់ទងនឹង​ភាសាផ្ទះបាយខ្មែរនៅ​ពុទ្ធសានបណ្ឌិត្យ​កាលពីព្រឹក​មិញ)

ក្នុង​បាឋកថា​មួយ​ស្តី​ពីភាសា​ក្នុង​ផ្ទះ​បាយ​ខ្មែរ​នៅ​ពុទ្ធ​សានបណ្ឌិត្យ​កាលពី​ព្រឹក​មិញ​ លោក ចៅ វាសនា អ្នក​ស្រាវជ្រាវ​ផ្នែក​ភាសា​ខ្មែរ​ លើក​ឡើងថា​ពាក្យ​ជើង​ក្រាន ឬចង្ក្រាន​ ខ្មែ​បាន​ខ្ចីពាក្យ​របស់​ជ្វា «Keran» ដែល​ខ្មែរ​សរសេរថា​ «ក្រាន»។ លោក​បញ្ជាក់ថា​​ក្រោយ​មក​ទៀត​ខ្មែរ​ក៏បន្ថែមពាក្យ «ជើង» នៅ​ពីខាង​មុខ​ពាក្យ «ក្រាន» ដែល​នាំទៅ​ដល់​ពាក្យ​ថា​ «ជើង​ក្រាន»។

សម្រាប់​ពាក្យ​ខ្មែរ​ហៅ​ថា «ផ្ទិល» ឧបករណ៍​សម្រាប់​ដង​ទឹក លោក​ថា​មកពី​ពាក្យ​ជ្វាថា «Patil» ខណៈ​ដែល​ពាក្យ​ថា «បបរ» មកពី​ពាក្យជ្វា ដែល​លោក​សំដៅលើ​ឥណ្ឌូនេស៊ី​ច្ចុប្បន្ន​ថា «Bubur»។

បើ​តាម​លោក ចៅ​ វាសនា មាន​ភាសា​ជ្វា​ច្រើន​ផ្សេងទៀត​ដែល​នៅមាន​ប្រើ​ក្នុង​សង្គម​ខ្មែរ។ លោក​បន្ថែមថា៖ «ភាសាខ្មែរ​មកពី​ជ្វា​ហ្នឹង​មួយ​កំភ្លូសធំ...​ពាក្យ​ថា​Keran ពាក្យ​ជ្វា ខ្មែរ​យើងថា​ «ក្រាន» អ៊ីចឹង តែ​យើង​ថែម «ជើង» ពាក្យ​ «ក្រាន» ខ្ចីពីជ្វា​មក យើង​យក​មក​ដាក់​ដុំឥដ្ឋកល់ ហើយ​ខ្មែរ​យើង​ចេញ​ពាក្យ​មួយ​ថា​ «ជើងក្រាន​»...​ត្រូវ​ដឹងថា​ភាសា​ដែលចូល​មក​ហ្នឹង ជ្រាបក្នុង​ភាសាខ្មែរ»។

​ត្រង់​ចំណុចនេះ​ថា​តើ​ជ្វា​បាន​ចូល​មក​កាន់​ទឹកដី​កម្ពុជា​តាំងពី​ពេល​ណា​នោះ លោក ចៅ វាសនា ថា​មិនទាន់​មាន​ការសិក្សា​ណាមួយ​បញ្ជាក់​ច្បាស់​នោះទេ។ ទោះយ៉ាងណា​លោក​ថា​ពាក្យ «ជ្វា» មាន​និយាយ​តាំងពី​ដើម​សម័យ​អង្គរ​ក្នុង​រាជព្រះបាទជយវម៌្ម​ទី​២​មក​ម្លេះ។

បើ​តាម​អ្នកស្រាវជ្រាវ​រូបនេះ ជនជាតិជ្វា​អាច​មក​កម្ពុជា​ដើម្បី​ធ្វើជំនួញ​ ដោយ​អ្នក​ទាំង​នោះ​ចាត់​ទុក​​ទឹក​ដី​ខ្មែរ​ថា​ជា​ដែន​ដី​​សម្បូរទៅ​ដោយ​ធន​ធាន។ អ្វី​ដែល​កាន់តែ​ច្បាស់​លោក​ថា​ក្នុង​រឿង​ព្រេង​ខ្មែរ​មាន​និយាយពី​ «ជ្វាសម្ពាយ» ដែល​ទំនង​សំដៅ​ដល់​​ជ្វា​ដែល​មក​រក​ស៊ី​លក់​ដូរ​ក្រណាត់​ឬសំពត់​នៅ​ដែនដី​ខ្មែរ។

លោក​រំឭកថា​ខ្មែរយើង​កន្លង​កម​ធ្លាប់​និយាយ​ពាក្យថា «សារុងប៉ាតិ» ដែល​ពាក្យ​ជ្វា «Batik» ហើយ​រហូត​ដល់​សព្វ​ថ្ងៃពាក្យក្រណាត់​Batik នេះ​មាន​ប្រើ​ក្នុង​ប្រ​ទេស​ឥណ្ឌូនេស៊ី៕

អត្ថបទ៖ ទូច សុខា