ជីវិត​តស៊ូ​របស់ Sanchez៖ ពី​អ្នក​លាង​ឡាន​រហូត​ដល់​រក​បាន​រាប់​សែន​ក្នុង​មួយ​អាទិត្យៗ

  • 2018-05-25 13:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal ខ្សែ​ប្រយុទ្ធ Alexis Sanchez បច្ចុប្បន្ន​គឺ​ជា​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កីឡាករ Premier League។ បើ​ទោះ​ជា​ទិន្នន័យ​ហាក់​ខុស​គ្នា​បន្តិច យោង​តាម​ប្រភព​ដដែល កីឡាករ​រក​បាន​ ៣៥ ម៊ឺន​ផោន​ (ប្រមាណ ៤៦ ម៊ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក) ក្នុង​មួយ​សប្ដាហ៍​នៅ Manchester United។ យ៉ាង​នេះ​ក្ដី កីឡាករ​បាន​ឆ្លង​កាត់​វិថី​ជីវិត​ច្រើន ទម្រាំ​ឈាន​ជើង​មក​ដល់​ស្ថានភាព​ដូច​សព្វ​ថ្ងៃ។

កីឡាករ​ Sanchez បាន​កើត​នៅ​ទីក្រុង​តូច​មួយ​ឈ្មោះ Tocopilla នៅ​ប្រទេស​ឈីលី។ ក្នុង​បទ​សម្ភាសន៍​ជា​ច្រើន​កាល​ពី​ពេល​កន្លង​ទៅ ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ឲ្យ​ដឹង​ថា កាល​ពី​នៅ​ក្មេង ខ្លួន​បាន​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​ច្រើន។

ឪពុក​របស់​ Sanchez ​បាន​ចាក​ចោល​ពី​គ្រួសារ តាំង​ពី​កីឡាករ​ទើប​នឹង​កើត​ម្ល៉េះ ជាហេតុ​ធ្វើ​ឲ្យ​បន្ទុក​រ៉ាប់រង​ជីវភាព​គ្រួសារ​ធ្លាក់​លើ​ម្ដាយ។ ម្ដាយ​របស់​ Sanchez បាន​ប្រកប​របរ​លក់​ត្រី​ និង​បោស​សម្អាត​នៅ​តាម​សាលា​រៀន​នៅ​ជិត​ផ្ទះ​របស់​ខ្លួន ដើម្បី​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ។

ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ ២០១៤ កីឡាករ​ឈីលី បាន​ទម្លាយ​ថា​ដោយ​គ្រួសារ​មាន​ជីវភាព​ទីទ័ល​ក្រ​ពេក ខ្សែ​ប្រយុទ្ធ​ក៏​បាន​សម្រេច​ធ្វើ​ការងារ​មួយ​ចំនួន​ ដើម្បី​ព្យាយាម​រក​ចំណូល​។

កីឡាករ​ធ្លាប់​ធ្វើ​ការ​លោត​ដាំ​ដូង​ថយ​ក្រោយ (Somersault) និង​លាង​ឡាន ដើម្បី​បាន​ជា​ប្រាក់​កម្រៃ​បន្តិចបន្តួច។ Sanchez បាន​និយាយ​ថា៖ "ដោយ​ខ្ញុំ​ចេះ​លោត​ដាំ​ដូង​ថយ​ក្រោយ មាន​មនុស្ស​មួយ​ចំនួន​ស្នើ​ឲ្យ​ខ្ញុំ​ធ្វើ​បែប​នេះ ហើយ​ពួក​គេ​ឲ្យ​ប្រាក់​ខ្ញុំ​ពី ៥០ ទៅ ១០០ Peso (ប្រមាណ ៥០០ រៀល)។ ដើម្បី​រក​ប្រាក់​ ខ្ញុំ​ក៏​ធ្លាប់​លាង​ឡាន​ឲ្យ​គេ​ផង​ដែរ"។

ជីវិត​របស់​ Sanchez បាន​ជួប​នឹង​របត់​ថ្មី​មួយ​ ពេល​កីឡាករ​ប្ដេជ្ញា​នឹង​ក្លាយ​ជា​កីឡាករ​បាល់ទាត់ ដើម្បី​ស្រោច​ស្រង់​ជីវភាព​គ្រួសារ​ពី​ភាព​ក្រីក្រ។ កាល​ពី​នៅ​តូច កីឡាករ​បាន​ធ្លាប់​ប្រាប់​ម្ដាយ​ខ្លួន​ថា៖ "កុំ​ភ័យ​អី ខ្ញុំ​នឹង​ក្លាយ​ជា​កីឡាករ​បាល់ទាត់ បើ​សិន​ជា​អាជីព​ជោគជ័យ យើង​នឹង​មាន​លុយ"។

កាល​ពី​នៅ​ក្មេង Sanchez ត្រូវ​បាន​ប្រទះ​លេង​បាល់​នៅ​តាម​ដង​ផ្លូវ​នៅ​ទី​ក្រុង​កំណើត Tocopilla។ កីឡាករ​មាន​ភាព​​លេច​ធ្លោ​ត្រង់​លេង​បាល់​ជើង​ទទេ ហើយ​រត់​បាន​យ៉ាង​លឿន រហូត​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា Dilla (សត្វ​កំប្រុក)។ Sanchez បាន​ចូល​រួម​ជាមួយ​ក្លឹប​ឈីលី Arauco FC នៅ​វ័យ ៦​ឆ្នាំ និង​លេង​នៅ​ទី​នោះ​មុន​ពេល​ផ្ទេរ​ទៅ​ក្លឹប Rancagua នៅ​អាយុ ១៣​ឆ្នាំ។

ទេពកោសល្យ​របស់ Sanchez បាន​ទាក់ទាញ​ក្លឹប​ក្នុង​ស្រុក​មួយ​ទៀត​ឈ្មោះ Cobreloa។ កីឡាករ​លេង​ឲ្យ​ក្លឹប​ក្នុង​ឈុត​យុវជន​មួយ​រដូវ​កាល (២០០៤/០៥) មុន​ឡើង​មក​លេង​ឈុត​ធំ​មួយ​រដូវ​កាល​បន្ទាប់។ ដោយ​បង្ហាញ​ទម្រង់​លេង​ល្អ ក្រោយ​មក ក្លឹប​អ៊ីតាលី Udinese ក៏​បាន​សម្រេច​ទិញ Sanchez ពី Cobreloa។

កីឡាករ​ចាប់​ផ្ដើម​អភិវឌ្ឍ​ខ្លួន​បន្តិច​ម្ដងៗ រហូត​បាន​ផ្ទេរ​ទៅ​ក្លឹប​ Barcelona នៅ​ឆ្នាំ ២០១១។ នៅ​អេស្ប៉ាញ កីឡាករ​ស៊ុត​ចូល​សរុប ៤៧ គ្រាប់ ក្នុង​អំឡុង​ពេល ៣ ឆ្នាំ​នៅ​ទី​នោះ។

កីឡាករ​បាន​បន្ត​អាជីព​របស់​ខ្លួន​នៅ​ Arsenal នៅ​ឆ្នាំ ២០១៤។ នៅ​ក្លឹប​ឡុងដុង​នេះ​ហើយ ដែល​កីឡាករ​ក្លាយ​ជា​កីឡាករ​ដ៏​បង្គោល​របស់​ក្លឹប ហើយ​ចាប់​ផ្ដើម​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​ទទួល​ស្គាល់។ អំឡុង​ពេល ៤​ឆ្នាំ​ នៅ​ជាមួយ​ក្លឹប​កាំភ្លើង​ធំ កីឡាករ​ឈីលី​រក​បាន​សរុប ៨០ គ្រាប់។

ខ្សែ​ប្រយុទ្ធ​បាន​សម្រេច​ផ្ទេរ​មក​ក្លឹប​បិសាច​ក្រហម កាល​ពី​ដើម​ឆ្នាំ ២០១៨ នេះ។ រហូត​មក​ទល់​ពេល​នេះ​ Sanchez រក​បាន​ ៣ គ្រាប់​ហើយ​ឲ្យ​ក្លឹប​ថ្មី​ខ្លួន៕

ប្រភព៖ Dailymail | Metro | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី