កំពូល​កីឡាករ​២​នាក់ គិត​ថា Ramos ​មិន​មាន​កំហុស​ទេ លើ Salah ​

  • 2018-05-26 23:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ Frank Lampard ​និង ​Rio Ferdinand ​គិត​ដូច​គ្នា​ថា ​របូស​របស់ Salah ​មិន​មែន​ជា​ចេតនា​របស់​ខ្សែ​ការពារ Sergio Ramos ​បង្កើត​ឡើង​នោះ​ទេ ដោយ​វា​ជា​របួស​ខ្លួន​ឯង។

Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​៣-១ ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់មិញ​នេះ។ ក្នុង​ការ​ប្រកួត​នោះ​ដែរ Salah ខ្សែ​ប្រយុទ្ធ​សំខាន់​បំផុត​របស់ Liverpool ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​ពាក់​កណ្ដាល​តង់​ទី​១ ​ដោយសារ​តែ​រង​របួស​ស្មា​ពេល​ប្រជែង​យក​បាល់​ជាមួយ Ramos ។

​ការ​របួស​កីឡាករ​សំខាន់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​បន្ទោស​ថា Ramos ​មាន​ល្បិច ចេតនា ចង់​ធ្វើ​ឱ្យ​កីឡាករ​អេហ្ស៊ីប​ម្នាក់​នេះ​របួស​តែ​ម្ដង ដោយ​បាន​គាប​ដៃ​របស់​គេ​ចាប់ ​ហើយ​ផ្ដួល​ទៅ​នឹង​ទីលាន។ យ៉ាងណាមិញ ​អ្នក​ជំនាញ​ខាង​កីឡា ​និង​អតីត​កីឡាករ​កំពូល​២​នាក់ Lampard ​និង Ferdinand ​មិន​គិត​ដូច​អ្នក​គ្រប់​គ្នា​ឡើយ ​ដោយ​ពួកគេ​លើក​ឡើង​ថា​ប្រធាន​ក្រុម Real Madrid ​គ្មាន​កំហុស​ទេ ព្រោះ​ជា​ការ​ប្រជែង​យក​បាល់​គ្នា បើ​មាន​កំហុស​អាជ្ញាកណ្ដាល​នឹង​ចាប់​ពេល​នោះ​ហើយ។

អតីត​កីឡាករ Chelsea ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​គិត​ថា​គាត់​ចង់​ធ្វើ​ឱ្យ​នរណា​របួស​ទេ។ គាត់​នៅ​កៀក​គ្នា ​ហើយ​ដូច​ដែល​ខ្សែ​ការពារ​ដទៃ​ទៀត​ធ្វើ គឺ​គេ​តែងតែ​ប្រជែង​និង​បិទ​យក​បាល់​ដូច្នេះ​ឯង។ ហើយ​វា​ចំ​ពេល​ដែល Salah ​ប្រជែង​យក​ខ្លាំង​ដែរ ទើប​បណ្ដាល​ឱ្យ​ប៉ះ​ស្មា​ខ្លាំង​យ៉ាង​នេះ”។

ដោយ​ឡែក​អតីត​ខ្សែ​ការពារ​ Manchester United ​វិញ​ក៏​បញ្ជាក់​ដែរ​ថា​៖ “ខ្ញុំ​គិត​ថា​វា​ជា​របៀប​ការ​ពារ​ល្អ​ណាស់​របស់ Ramos ​ហើយ​ខ្ញុំ​មិន​គិត​ថា​គាត់​ចង់​ធ្វើ​ឱ្យ Salah ​របួស​នោះ​ទេ។ នេះ​ជា​ការ​ប្រកួត​ធំ ដូច្នេះ​ការ​ប្រជែង​គ្នា​ខ្លាំង​តែ​កើត​មាន​ឡើង”។

ជ័យជម្នះ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ Real Madrid ​ក្លាយ​ជា​ក្លឹប​បាល់​ទាត់​ដំបូង​ឈ្នះ​ពាន UCL ​បាន​១៣​ដង ​និង​ការពារ​តំណែង​ជើង​ឯក​បាន​២​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ