Ramos ​ចេញ​មុខ​និយាយ​ហើយ រឿង​គេ​ចោទ​ថា​ធ្វើ​ឱ្យ Salah ​របួស​ស្មា

  • 2018-05-27 04:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន ​រិះគន់​ថា​ជា​អ្នក​ធ្វើ​ឱ្យ Salah ​រង​របួស​ស្មា​ធ្ងន់ ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​៣១ ​តង់​ទី​១ ​នៃ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​យប់មិញ​នេះ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​មាន​អ្នក​គាំទ្រ​ច្រើន​ដាក់​បន្ទុក​ទៅ​លើ Ramos ​ចំពោះ​របួស​ខាង​លើ​ដែល​បណ្ដាលមក​ពី​ការ​ប្រជែង​គ្នា​យក​បាល់​។ យ៉ាងណាមិញ ​មាន​អ្នក​វិភាគ​២​នាក់ គឺ Frank Lampard ​និង ​Rio Ferdinand ​ដែល​ជា​អតីត​កីឡាករ​លេង​រាប់​ឆ្នាំ ​គិត​ថា​មិន​គួរ​អ្នក​គាំទ្រ​គិត​ថា​ប្រធាន​ក្រុម​ Real Madrid ​ខុស​ទេ ព្រោះ​កាលៈទេសៈ​នោះ​ជា​ពេល​ដែល​មាន​ការ​ប្រជែង​ខ្ពស់ ​ហើយ​ឱកាស​នៃ​ការ​រង​របួស​ក៏​មាន​ច្រើន​ដែរ បើ​មិន​ប្រុងប្រយ័ត្ន​ខ្ពស់។

បើ​ទោះ​ជា​មាន​ការ​រិះ​គន់​ច្រើន​យ៉ាង​ណា​ក៏​ដោយ ​ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​ ៖ “ពេល​ខ្លះ ​បាល់ទាត់​បាន​បង្ហាញ​អ្នក ​ថា​ពេល​ខ្លះ​នៅ​ខាង​ល្អ ​ហើយ​ពេល​ខ្លះ​ទៀត​នោះ ​នៅ​ខាង​អាក្រក់។ ​តែ​យើង​នៅ​តែ​ជា​​ជើង​ឯក​ដដែល។ ជូនពរ ​ឆាប់​ជា​សះស្បើយ Salah … អនាគត​កំពុង​រង់ចាំ​អ្នក”។

បើ​តាម​ការ​បញ្ជាក់​របស់​លោក Klopp ​គឺ Salah ​រង​របួស​ធ្ងន់​ត្រង់​ស្មា​របស់​គេ​ខ្លាំង ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​អាច​ជា​ទាន់​ពេល​លេង World Cup ​ឬ​យ៉ាង​ណា​ទេ។ ដោយ​ឡែក​ខាង​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​វិញ ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន ​ដាច់​សរសៃ​ឈាម​ត្រង់​ស្មា ​ហើយ​ត្រូវ​ការ​ពេល​ពិនិត្យ​បន្ថែម​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម