ទម្លាយ​​មូល​ហេតុ​ដែល​មេ Twitter អត់​មាន Laptop ប្រើ

  • 2018-05-27 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ញៀន​ទូរស័ព្ទ​ដៃ​គឺ​ជា​អ្វី​ដែល​មនុស្ស​ស្ទើរ​គ្រប់​គ្នា​នៅ​សតវត្ស​ទី​២១​នេះ​មាន។ Twitter Instagram WhatsApp ឬ Facebook បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​សម័យ​ថ្មី។ សូម្បី នាយកប្រតិបត្តិ​ក្រុមហ៊ុន Twitter លោក Jack Dorsey ក៏​មិន​ប្រើ​​កុំព្យូទ័រ​យួរ​ដៃ (laptop) ​ដែរ។ នេះ​បើ​តាម Indy100 ទើប​បាន​ចុះ​ផ្សាយ។

មហាសេដ្ឋី​វ័យ​៤១​ឆ្នាំ​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សុក្រ​នា​ទីក្រុង​ស៊ីដនី​ថា តាម​ពិត​ទៅ​មូលហេតុ​ដែល​លោក​មិន​ប្រើ​ laptop ព្រោះ​លោក​ធ្វើ​ការងារ​ទាំង​​អស់​លើ​ទូរស័ព្ទ​ដៃ។ នៅ​ពេល​សួរ​ថា​តើ​លោក​ធ្វើ​ការ​លើ​ទូរស័ព្ទ​ដៃ​យ៉ាង​ម៉េច?

Dorsey ឆ្លើយ​ថា "ទូរស័ព្ទ​ទំនើបៗ ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ​អាច​ធ្វើ​អ្វី​ដែល​កុំព្យូទ័រ​យួរ​ដៃ​ភាគច្រើន​ធ្វើ​មិន​បាន​ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​ការ​ទាំង​ពីរ?”។ លោក​បន្ថែម​ថា លោក​បាន​ប្រើ​ប្រាស់​ App សំលេង​ដើម្បី​ឆ្លើយឆ្លង​សារ​ជា​ជាង​វាយ​អក្សរ​លើ keyboard ដ៏​តូច។

មេ Twitter បាន​និយាយ​ថា នៅ​ពេល​លោក​បើក​ទូរស័ព្ទ​ដៃ លោក​អាច​ផ្តោត​ទៅ​លើ App មួយ​ៗ​ដែល​នៅ​ចំពោះ​មុខ​លោក ដើម្បី​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​បើក​ tap ជា​ច្រើន​នៅ​លើ​កុំព្យូទ័រ​ក្នុង​ពេល​តែ​មួយ។

សូម្បី​តែ​ការ​ប្រជុំ​របស់​ក្រុម​ហ៊ុន Twitter ក៏​​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ។ CEO រូប​នេះ​បាន​និយាយ​ថា ទូរស័ព្ទ ហើយនិង កុំព្យូទ័រ​ត្រូវ​តែ​បិទ​ចោល​ដើម្បី​ឲ្យ​មនុស្ស​​មាន​ពេលវេលា​ដ៏​មាន​តម្លៃ​ជាមួយ​គ្នា។

មេ​បណ្ដាញ​សង្គម​យក្ស​​ខាង​លើ​បាន​បន្ថែម​ថា នៅ​ពេល​ដែល​យើង​បើក​ទូរស័ព្ទ​បើក​កុំព្យូទ័រ​ អ្វី​ៗ​នឹង​មក​រំខាន។ ដូច្នេះ អ្នក​ត្រូវ​ប្រាកដ​ថា ចូរ​ទុក​​ពេលវេលា​សម្រាប់​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​របស់​អ្នក៕

ប្រភព៖ indy100   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម