សាលារៀនមួយ បង្រៀនក្មេងគិតលេខរហ័សតាមក្បួនចំណាស់ មិនបាច់ប្រើម៉ាស៊ីនជំនួយ

  • 2018-05-27 09:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅកុមារនៅពេលគិតលេខ គឺតែងប្រើដៃស្តាំ ដែលបញ្ជាដោយខួរក្បាលខាងឆ្វេងគិតលើអ្វីឃើញជាក់ស្ដែង ខណៈដៃឆ្វេងបញ្ជាដោយខួរក្បាលខាងស្ដាំគិតផ្ដោតលើអារម្មណ៍។ នេះហេតុផលមួយនៃក្រុមស្រាវជ្រាវជនជាតិចិនតៃវ៉ាន់បានចងក្រងកម្មវិធីគិតរហ័សមួយ ដោយប្រើដៃទាំងពីរគិតតាមក្បួនចិនបុរាណរាប់ពាន់ឆ្នាំ ហៅថា CMA Mental Arithmetic។

កម្មវិធីនេះ ត្រូវបាននាំមកកម្ពុជាតាមរយៈសាលា Brainy International នៅខេត្តសៀមរាប បានពង្រីកនិងសហការជាមួយសាលាអន្តរជាតិ FICAS ដោយបញ្ចូលកម្មវិធីសិក្សាគិតលេខនេះដល់អាណាព្យាបាល ដើម្បីឲ្យកូនៗកាន់តែពូកែលើផ្នែកគិតលេខដូចនៅប្រទេសជិតខាង និងប្រទេសអភិវឌ្ឍន៍ដទៃទៀត។

លោក រស់ ប៊ុនធី ជាគ្រូបង្វឹក និងនាយកសាលាបង្វឹកគិតលេខតាមក្បួនចិន ថ្លែងថា រូបមន្តអភិវឌ្ឍខួរក្បាលតាមវិធីនេះ ល្អបំផុតសម្រាប់កុមារអាយុពី ៣ ទៅ១៤ឆ្នាំ ជាវ័យដែលត្រូវវិវត្តន៍ការគិត ដោយអាចប្រើខួរក្បាលទាំងសងខាងគិតលេខបានលឿននិងច្បាស់ មិនបាច់ប្រើម៉ាស៊ីន។ ក្បួននេះ ប្រជាជនចិនបានអនុវត្តផ្ទាល់ក្នុងជីវភាពប្រចាំថ្ងៃ ហើយបង្រៀនក្មេងៗប្រទេសគេ ពូកែខាងគិតលេខមកស្រាប់តែម្ដង។ នេះជាការបង្រៀនមួយ ដែលអាចថាថ្មីសម្រាប់កម្ពុជា តែវាជួយឲ្យខួរក្បាលកុមារមានភាពរហ័សរហួន ពូកែមិនចាញ់ក្មេងនៅប្រទេសគេឡើយ។

លោកគ្រូ ឲ្យដឹងថា គន្លឹះគិតលេខតាមក្បួនចិននេះ មានឧបករណ៍ជាច្រើនសម្រាប់អនុវត្តផ្ទាល់ជាមួយគ្រូ និងអនឡាញ ដែលជួយឲ្យកុមារចេះចាំអស់មួយជីវិត និងចំណេញអត្ថប្រយោជន៍ដូចជា ជួយកុមារគណនាលេខបានរហ័ស, សមត្ថភាពចងចាំនិងឆ្លាតវៃ, សមត្ថភាពអង្កេតនិងស្ដាប់បានល្អ, គំនិតច្នៃប្រឌិត និងការបត់បែន, អាចវិភាគនិងសម្រេចចិត្តខ្លួនឯង និងកុមារជឿជាក់លើខ្លួនឯងដោយភាពក្លាហាន៕

អត្ថបទ៖ ស៊ិន សាវ៉េត