លីគយុវជន​របស់​អង្គការផ្កាយសមុទ្រ មាន​១០០​ក្រុម​ចូលរួម​បាន​បិទ​បញ្ចប់​ហើយ​

  • 2018-05-28 06:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​ប្រកួត AIA-ISF Youth League ​ឆ្នាំ​២០១៧-១៨ ​(U10 U14 U18) ​មាន​ក្រុម​ចូល​រួម​១០០​ក្រុម ​ហើយ​ធ្វើ​ការ​ប្រកួត​វិលជុំ ​ជា​រៀងរាល់​សប្ដាហ៍​នៅ​កីឡដ្ឋាន​របស់​អង្គការ​ផ្កាយ​សមុទ្រ ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ម្សិលមិញ​នេះ។

លោក Leo Brogan ​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​ផ្កាយ​សមុទ្រ​បាន​និយាយ​ថា​នេះ​ជា​ការ​ប្រកួត​លីគ​យុវជន​មួយ​ដែល​បាន​បង្កើត​ឡើង ដើម្បី​អភិវឌ្ឍ​ថ្នាល​យុវជន។ ការ​ប្រកួត​ទាំង​៣​កម្រិត​ខាង​លើ​នេះ ​មាន​កីឡាករ​ចូលរួម​ច្រើន​ជាង​១​ពាន់​នាក់ និង​ធ្វើ​ឡើង​រយៈ​ពេល​៦​ខែ​មក​ហើយ។ កីឡាករ​ទាំងអស់ ​ជា​ពិសេស​ក្មេង​ស្រី ​បាន​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដោយ​ភាព​ស្វាហាប់​។ នេះ​ជា​ជំហាន​មួយ​ទៀត​សម្រាប់​ពួកគេ ដើម្បី​អភិវឌ្ឍ​ខ្លួន​ក្នុង​វិស័យ​បាល់ទាត់។ លោក Leo ​ក៏​បាន​អរគុណ​ផង​ដែរ​ចំពោះ​ការ​ចូលរួម​របស់ AIA ​ក្នុង​វិស័យ​បាល់ទាត់​នេះ។

លោក Leo Brogan និងកញ្ញា ជួប វិច្ឆិកា

ដោយឡែក​សម្រាប់​លោក Richard Bates ​អគ្គនាយក​ក្រុមហ៊ុន AIA ​ក៏​រីករាយ​ក្នុង​ការ​សហការ​គ្នា​នេះ​ដែរ ​ដើម្បី​ជា​ការ​ជួយ​ដល់​សង្គម ​និង​អភិវឌ្ឍ​វិស័យ​បាល់ទាត់។ ស្រប​គ្នា​នេះ​ដែរ ​ក្រុមហ៊ុន​របស់​លោក ​នឹង​ធ្វើ​ការ​កាន់​តែ​ជិតស្និទ្ធ​បន្ថែម​ទៀត ​ក្នុង​ការ​ជួយ​ដល់​សង្គម ​តាម​រយៈ​ការ​បង្កើត​ជា​កម្មវិធី​ផ្សេង​ៗ ​ព្រោះ​ថា​អង្គការ​ផ្កាយ​សមុទ្រ​មាន​កម្មវិធី​ច្រើន​ទៀត​ដើម្បី​ធ្វើ ​នា​ឆ្នាំ​ក្រោយ​ៗ​នេះ។

លោក Richard Bates

​កញ្ញា ជួប ​វិច្ឆិកា ​ប្រធាន​អង្គការ​ផ្កាយ​សមុទ្រ ​សប្បាយ​រីករាយ​នៅ​ពេល​ឃើញ​មាន​យុវជន​ចូល​រួម​ការ​ប្រកួត​ច្រើន​ដូច្នេះ។ ដោយសារ​តែ​មាន​ការ​ចូលរួម​ច្រើន​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ថ្នាល​យុវជន​របស់​អង្គការ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ក៏​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ជ្រើសរើស​ចូល​ក្រុម​ជម្រើស​ជាតិ​ច្រើន​។ តួយ៉ាង​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​យុវនារី​របស់​អង្គការ​ត្រូវ​បាន​សហព័ន្ធ​កោះហៅ​ឱ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​នារី​របស់​កម្ពុជា​ផង​​ដែរ។

ខាង​ក្រោម​នេះ​ជា​ចំណាត់​ថ្នាក់​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ៖

  • កុមារាក្រោមអាយុ១៨ឆ្នាំ: ក្រុម IEFC លេខ១
  • កុមារាក្រោមអាយុ១៤ឆ្នាំ Champion League: អង្គការ Sunrise កំពង់ស្ពឺ លេខ១
  • កុមារាក្រោមអាយុ១៤ឆ្នាំ Premier League: អង្គការ Chibodia លេខ១
  • កុមារាក្រោមអាយុ១០ឆ្នាំ: អង្គការឆ័ត្របៃតង (Green Umbrella) លេខ១
  • កុមារីក្រោមអាយុ១៤ឆ្នាំ: អង្គការ Sunrise កំពង់ស្ពឺ លេខ១
  • កុមារីក្រោមអាយុ១៨ឆ្នាំ: អង្គការ Chibodia ក្រុម១ លេខ១

ក្នុង​ការ​បិទ​ពាន​ម្សិលមិញ​នេះ​ក៏​មាន​ខាង​គ្រូ​របស់ Spurs ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ផង​ដែរ។ ដោយ​ថ្ងៃ​នេះ ​ពួកគេ​នឹង​ធ្វើ​ការ​បង្ហាត់​ក្រុម​គ្រូ​បង្វឹក​កម្ពុជា​របស់​អង្គការ​ម្ដង​ទៀត​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ