Hailey Baldwin បង្ហើប​រឿង​ទាក់ទង​ជាមួយ Shawn Mendes និង Justin Bieber

  • 2018-05-30 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ពេល​នេះ​តារា​ម៉ូដែល​ស្រស់​ស្អាត Hailey Baldwin និយាយ​ថា​នាង​នៅ​ទំនេរ​ ទោះ​បី​ជា​មាន​ការ​សង្ស័យ​ថា​នាង​កំពុង​តែ​ទាក់​ទង​ជាមួយ​តារា​ចម្រៀង Shawn Mendes ថ្មីៗ​នេះ​ក៏​ដោយ។

តារា​វ័យ ២១​ឆ្នាំ​នេះ​បាន​ជជែក​វែក​ញែក​​អំពី​រឿង​រ៉ាវ​ដែល​នាង​ទាក់ទង​ជាមួយ​តារា​ចម្រៀង​វ័យ​១៩​ឆ្នាំ​នេះ​នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​ "The Times UK” ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧​ថ្មី​ៗ​នេះ។

បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​បណ្ដើរ​គ្នា​នៅ​លើ​កម្រាល​ព្រំ​ក្រហម​កម្មវិធី​ MET Gala ជាមួយ​គ្នា​ដើម​ខែ​នេះ Hailey និង Shawn ត្រូវ​គេ​គិត​ថា​អ្នក​ទាំង​ពីរ​កំពុង​តែ​ទាក់ទង​គ្នា​ផ្លូវ​ការ​ហើយ។

“ពួក​យើង​ដើរ​លេង​ជាមួយ​គ្នា លោក​ពិត​ជា​បុរស​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ និង​ពិត​ជា​សុភាព​បុរស​។ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​នៅ​ទំនេរ​ទេ។" Hailey បញ្ជាក់។

នាង​បន្ថែម​ថា៖ "ការ​ស្វែង​រក​បុរស​ល្អ​ម្នាក់​ដើម្បី​ទាក់​ទង​គឺ​វា​មិន​ងាយ​ស្រួល​ទេ វា​ពិត​ជា​លំបាក​ក្នុង​ការ​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​មាន​គំនិត​និង​អារម្មណ៍​ស្រដៀង​ខ្ញុំ​។ ខ្ញុំ​ធ្លាប់​រក​បាន​មនុស្ស​ដូច​នេះ​ពី​មុន​​មក​ ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។"

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ Shawn ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ដែរ ដោយ​បញ្ជាក់​ថា​ពួក​គេ​គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា។

ចំពោះ​ទំនាក់ទំនង​របស់ Hailey និង Justin វិញ​គឺ​មាន​លក្ខណៈ​ច្របូក​ច្របល់​បន្តិច​ ដោយ​អ្នក​ទាំង​​ពីរ​ត្រូវ​គេ​ប្រទះ​ឃើញ​ដើរ​លេង​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ ២០១៥ នឹង​ត្រូវ​គេ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម។

Hailey បាន​និយាយ​ថា នាង​និង​ Justin គឺ​ជា​មិត្ត​ល្អ​ក្នុង​រយៈ​ពេល​ជា​យូរ​មក​ហើយ។ នាង​បាន​ជួប​ជាមួយ​ Justin នៅ​វ័យ​ក្មេង​គឺ​ខ្ទង់ ១៨ ១៩​ឆ្នាំ​ ដូច្នេះ​ហើយ​ទើប​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ច្របូកច្របល់។ នាង​បាន​ឆ្លង​កាត់​រយៈ​ពេល​មួយ​ ដែល​ពួក​គេ​ស្និទ្ធស្នាល​ខ្លាំង​ជាង​មិត្តភ័ក្ដិ ព្រម​ទាំង​ឆ្លង​កាត់​រឿង​រ៉ាវ​មិន​ល្អ​ជា​ច្រើន​ជា​មួយ​គ្នា ប៉ុន្តែ​ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​បំភ្លេច​រឿង​មិន​ល្អ​ទាំង​នោះ​អស់​ហើយ។

សម្រាប់​ពេល​នេះ​ Hailey មិន​ទាន់​ទាក់ទង​អ្នក​ណា​ម្នាក់​នោះ​ទេ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​អាជីព​ជា​តារា​ម៉ូដែល​របស់​នាង​ជំនួស​វិញ៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ