មកស្រង់បទពិសោធន៍ CEO ប្រុសស្រីវ័យក្មេង៤រូប កំពុងជោគជ័យខ្លាំង

  • 2018-05-30 02:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តស៊ូ​ព្យាយាម​មិន​បោះបង់ ហ៊ាន​ប្រថុយ​ទទួល​យក​ហានិភ័យ​រាប់​មិន​អស់ រហូត​ក្លាយ​ជា​សហគ្រិន​វ័យ​ជោគជ័យ​មួយ​រូប​ គឺ​មិន​មែន​ជា​រឿង​ងាយ​នោះ​ឡើយ​។  ​ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​នូវ​បទពិសោធន៍ ល្អៗ​ជា​ច្រើន​ពី​នាយក​ប្រតិបត្តិ​វ័យ​ក្មេង​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។

១. ឃន ឈុនដារ៉ា

លោក ឃន ឈុនដារ៉ា ​ជា​​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Karanak Capital KOI ​​បច្ចុប្បន្ន​ លោក​ជា​សហគ្រិន​វ័យ​ក្មេង​កំពុង​ជោគជ័យ​ខ្លាំង​បំផុត ​ក្នុង​មុខ​ជំនួញ​។ ​មិន​ត្រឹម​តែ ជា​សហគ្រិន វ័យ​ក្មេង​ប៉ុណ្ណោះ​ទេ តែ​លោក​ថែម​ទាំង​មាន​ចិត្ត​ល្អ ​​ចែក​រំលែក​នូវ​គន្លឹះ​សំខាន់​ៗ​ដើម្បី​ក្លាយ​ជា​សហគ្រិន​​ជោគជ័យ​មួយ​រូប​ទៀត​ផង​។ នាយក​ប្រតិបត្តិ​ KOI រូប​នេះ បាន​ប្រាប់​ពី​គន្លឹះ​សំខាន់ៗ មួយ​ចំនួន​ ដើម្បី​ក្លាយ​ជា​សហគ្រិន​វ័យ​ក្មេង​ដូចជា៖ ​ភាព​ក្លាហាន​ក្នុង​ការ​ទទួល​យក​ហានិភ័យ ទំនុក​ចិត្ត​ខ្ពស់​ទៅ​លើ​ខ្លួន​ឯង ត្រូវ​មាន​បណ្ដាញ​ទំនាក់ទំនង​ច្រើន យល់​ដឹង​ពី​សមាសភាព​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់​លាស់ មាន​ចក្ខុ​វិស័យ​ច្បាស់លាស់​ ចេះ​ស្រាវជ្រាវ ហ៊ាន​អារកាត់​ និង​វិនិច្ឆ័យ មិន​បោះ​បង់​ការ​ព្យាយាម។

២. លោក គង់ សុលី​យ៉ា

 លោក គង់ សុលី​យ៉ា ​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដឹក​ជញ្ជូន "Joonaak Delievery” ​។ រូប​លោក​ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​កត់​សម្គាល់​ថា ជា​នាយក​ប្រតិបត្តិ​មួយ​រូប មាន​ចរិត​ស្លូត​បូត​ សុភាព​រាប​សា​​គួរ​ឱ្យ​គោរព​ស្រឡាញ់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កន្លង​មក​ លោក​ធ្លាបើ​ចែក​រំលែក បទ​ពិសោធន៍​ ដើម្បី​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ទៀត​ផង​។

​CEO វ័យ​ក្មេង​រូប​នេះ អះ​អាង​ថា បើ​ចង់​រក​ស៊ី​ជោគជ័យ ត្រូវ​ចាប់​ឱកាស​ឲ្យ​បាន នោះ​ភាគ​រយ​មាន​ខ្ពស់។ ទោះ​យ៉ាងណា លោក សុលីយ៉ា បាន​បន្ថែម​ថា បន្ទាប់​ពី​ចាប់​ឱកាស​បាន​ហើយ ត្រូវ​ពុះពារ​ឲ្យ​ខ្លាំង ព្រោះ​ភាព​ជោគជ័យ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ អ្នក​ជំនួញ​វ័យ​ក្មេង​បាន​​បង្ហើរ​ពាក្យ​មួយ​ឃ្លា​ថា "ហ៊ាន​ចាប់​ផ្ដើម ទើប​ដឹង​ថា​ជោគ​ជ័យ​ឬ​អត់"។

៣. អ្នក​ស្រី ឈឿន ​ម៉ានីន

បាន​រំដោះខ្លួនចេញជីវិត​ជាស្ត្រី​មេផ្ទះ​ ​ងាក​មក​ប្រឡូក​ក្នុងវិថី​ជំនួញ​លើក​ដំបូង​ ដោយ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​បើក​ហាង​កាហ្វេកូន​ខ្មែរ​មាន​ស្ដង់ដា​មិន​ឲ្យចាញ់​បរទេស​ឡើយ​។ មានដើម​កំណើត​ជាអ្នក​បាត់ដំបង​ សហគ្រិន​ស្ត្រី​កម្ពុជាវ័យ​ ២៥ឆ្នាំ ​អ្នកនាង ម៉ានីន​ បាន​លើក​ឡើង​ថា ហាង​កាហ្វេ​មានស្តង់ដា​ក្នុងស្រុក​ពុំមាន​ច្រើន​នោះទេ​។ ​នេះ​ជាដើម​ចមមួយ​ ​ដែល​អ្នកនិយម​ញ៉ាំ​កាហ្វេ​រូបនេះ​ ហ៊ាន​បោះទុន​ជាមួយដៃ​គូប្រមាណ​ជាង១៣ម៉ឺនដុល្លារ​ បើក​ហាង​កាហ្វេ​ឈ្មោះ​ថា P.Plus Coffee ស្ថិត​តាម​ផ្លូវ​ឧកញ៉ា ​ទ្រី ហេង​។

សហគ្រិន​ស្ត្រីរូប​នេះ ​បង្ហាញ​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ស្រី្ត​មេផ្ទះ​សម័យ​ថ្មីនេះ​ គួរកុំ​ធ្វើជា​បន្ទុក​គ្រួសារ​ និង​សម្លឹង​រកអ្វី​ដែលខ្លួន​ស្រឡាញ់​ រៀនធ្វើ ​និង​ទុកចិត្ត​លើខ្លួនឯង​ ហើយ​បង្កើតក្ដី​ស្រមៃ​និងពុះពារ​ធ្វើវាឲ្យ​ក្លាយ​ជាការពិត ​ហើយគ្រប់ៗ​ពេលដែល​អ្នកដួល​ ចូរប្រាប់​ខ្លួនឯង​ថា វាគ្រាន់​តែជា​មេរៀន​ ងើប​ឡើង​ ធ្វើត​ទៀត។

៤. អ្នកស្រី ឃីន ស្រីនាថ

ក្រោយ​ឆ្អិន​នឹង​ការ​ងារ​រយៈ​ពេល​៥ឆ្នាំ​ អ្នកស្រី ឃីន ស្រីនាថ​ បាន​សម្រេច​បោះ​បង់​ការងារមាន​ប្រាក់​ខែ​ច្រើន​ក្នុង​ស្ថាប័ន​ឯក​ជនមួយ​ដើម្បី​មក​បើក​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង​ ឈ្មោះ​ថា VIRGO Cambodia។ ក្រុម​ហ៊ុននេះ​​ជាភ្នាក់ងារ​រើស​បុគ្គលិក​ សម្រាប់​បំពេញ​ការ​ងារ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៅតាម​តម្រូវការ។

អ្នកស្រី ឃីត ស្រីនាថ ជាអតីបុគ្គលិក​ផ្នែក​ធនធានមនុស្ស​នៅក្រុម​ហ៊ុន​ឯកជន​មួយ មុន​នឹង​អ្នកស្រី​បើក​ក្រុម​ហ៊ុន​ផ្ទាល់ខ្លួល។ ដោយ​សារតែធ្វើការ​លើ​ផ្នែក​ធនធាន​មនុស្ស​ប្រាំឆ្នាំ បានធ្វើ​ឲ្យ​អ្នកស្រី​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិកឲ្យត្រូវទៅតាម​ជំនាញ និង​តម្រូវការ​របស់​ក្រុម​ហ៊ុន​នីមួយៗ៕ ចុចអានបន្ត

អត្ថបទ៖ វឌ្ឍនៈ