បើកហាងមិនទាន់បានកន្លះឆ្នាំផង ណា​ខុន ស្រាប់តែចង់ដើរតាមគន្លង​ តូតា​​

  • 2018-05-30 04:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​បាន​កន្លះ​ឆ្នាំ​ស្រួល​បួល​ផង តារា​សម្ដែង​ស្រស់​សង្ហា​ដែល​មាន​ងារ​ជា​មន្ត្រី​ប៉ូលិស​នោះ លោក ណា​ខុន បាន​បើក​ហាងលក់គ្រឿង​សមុទ្រ រហូត​ដល់​ពីរ​កន្លែង​ហើយ។ អនាគត​​លោក​​មាន​​បំណង​ចង់​បើក​ឲ្យ​បាន​ច្រើន​កន្លែង ពោល​គឺ​ដូច​ទៅ​នឹង កញ្ញា ម៉ាក សែនសូនីតា ដែល​ល្បី​ខាង​រក​ស៊ី​​បើក​​ហាង​ច្រើន​​ទីតាំង​​ប្រើ​ទុន​​រាប់​សិប​លាន​ដុល្លារ​​កន្លង​មក។

ហាង​ទី១​​របស់​លោក​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទីតាំង​នៅ​ផ្សារ​កុងទីន័រ​ 2040 ដោយ​​លោក​បាន​បាន​ប្រើ​ទុន​ជិត​២ម៉ឺន​ដុល្លារ។ ​ដំណើរ​ការ​មិន​បាន​ប៉ុន្មាន​ផង ណា​​ខុន​បាន​សម្រេច​បើក​ទីតាំង​១ទៀត​នៅមុខស្ថានទូត​អូស្ត្រាលី។ ប៉ុន្តែ​ការ​បើក​សាខា​ទី២​នោះ តារា​សម្ដែង​រូប​នេះ មិន​បាន​ដាក់​ឈ្មោះ​ដូច​គ្នា​ឡើយ គឺ​លោក​បាន​ដាក់​ឈ្មោះ"​ព្រៃ​កោងកាង" ទៅ​វិញ ដោយ​លោក​ចង់​ផ្សារភ្ជាប់​ម្ហូប​នៅ​ហាង​របស់​លោក​ទៅ​នឹង​ធម្មជាតិ​តែ​ម្ដង។ ហាង​ទី២ ណាខុន ប្រាប់​ថា ខ្លួន​បាន​ប្រើ​ដើម​ទុន​អស់​ជាង​២ម៉ឺន​ដុល្លារ។

លោក​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​​សម្រេច​ចិត្ត​បើក​ហាង​ផឹក​ស៊ី​ជា​បន្ត​បន្ទាប់ ខណៈ​ការងារ​សិល្បៈ​រវល់​ស្ទើរ​មិន​មាន​ពេល​សម្រាក​នេះ ក៏​ព្រោះ​តែ​លោក​សម្លឹង​ឃើញ​ថា មុខរបរ​​ហាង​​​លក់​បែប​គ្រឿង​សមុទ្រ​នេះ បច្ចុប្បន្ន​មាន​​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អតិថិជន ម្យ៉ាង​លោក​ចង់​មាន​មុខរបរ​បន្ទាប់​បន្សំ​ផ្សេង​ទៀត​ក្រៅ​ពី​សិល្បៈ ព្រោះ​បើ​ពឹង​តែ​លើ​​ការងារ​សិល្បៈ​មួយ​មុខ ​ទៅ​ថ្ងៃ​អនាគត មិន​អាច​​មាន​ទ្រព្យ​ច្រើន​ឡើយ​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​បើក​ហាង​នេះ​​ខ្លួន​​​ជួយ​​បង្កើន​មុខរបរ​ច្រើន​ដល់​អ្នក​នេសាទ​នៅ​ខេត្ត​កោះកុង​មួយ​ក្រុម ត្បិត​អី​គ្រប់​គ្រឿង​សមុទ្រ ដែល​លោក​នាំ​មក​លក់ ​គឺ​​​បាន​កុម្ម៉ង់​ពី​ក្រុម​អ្នក​នេសាទ ​មក​ពី​ខេត្ត​មួយ​នោះ​ដោយ​ផ្ទាល់ ពេល​នេសាទ​បាន​ភ្លាមៗ ធ្វើ​ឲ្យ​ក្រុម​អ្នក​នេសាទ​ទាំង​នោះ​មិន​ខ្វល់​លើ​ទីផ្សារ​ពេល​ដែល​នេសាទ​បាន​ហើយ មិន​មាន​អ្នក​ទិញ។

ដូច​បាន​លើក​ឡើង​ខាង​លើ ណា​ខុន មាន​​បំណង​ចង់​​ពង្រីក​សាខា​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពោល​គឺ​ចង់​ឲ្យ​មាន​សាខា​ច្រើន ដូច​ហាង​ផែ​សមុទ្រ​របស់ ​កញ្ញា​តូតា អីចឹង៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម