អ្នកជំនាញ​បង្ហាញ​គំរូ​មួយ​ដល់​កសិករ ដើម្បី​ផលិត​បន្លែ​ក្នុងស្រុក​បំពេញ​តម្រូវការ​ទីផ្សារ​

  • 2018-05-30 06:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នកជំនាញ​ខាង​កសិកម្ម​មើល​ឃើញ​ថា​និន្នាការ​ដាំបន្លែ​​សរីរាង្គ​របស់​ពល​រដ្ឋ​ខ្មែរ​បាន​កើនឡើង​ ខណៈ​ពេល​ដែល​អ្នក​​បរិភោគ​ចាប់​ផ្តើម​ងាក​មក​រក​ផលិត​ផល​បន្លែ​ខ្មែរ​ដោយ​​​បារម្ភ​ពី​បញ្ហា​សុខ​ភាព​ពេល​បរិភោគ​បន្លែ​មិន​ច្បាស់​ប្រ​ភព។

នៅតាម​ហាង​លក់​បន្លែ​ធម្មជាតិ​របស់​អង្គការ​សេដាក​មានតាំងលក់​បន្លែ​ និង​ផ្លែ​ឈើ​ច្រើន​មុខ​តែ​មិន​ច្រើន​ហូរហៀរ​នោះទេ។ បន្លែទាំងនេះត្រូវ​គេអះ​អាងថា​ជាបន្លែ​ដាំ​ដោយ​មិន​ប្រើ​សារធាតុ​គីមី​។

(បុគ្គលិក​ហាង​សហគមន៍​កសិផល​ធម្មជាតិ​កំពុង​រើស​ប្រភេទ​បន្លែ​ដែលអតិថិជនបញ្ជា​ទិញ​)

​បើ​តាម​ការ​សង្កេត​របស់​អ្នក​សារព័ត៌មាន​Sabay នៅ​ក្នុងហាង​ខាងលើ​ឃើញថា​មាន​អតិថិជន​ចេញ​ចូល​ទិញ​ជាបន្តបន្ទាប់​បើទោះបីជា​តម្លៃ​ហាក់​ថ្លៃខ្ពស់ជាង​បន្លែ​នៅ​តាម​ផ្សារ​ធម្មតា​បន្តិច​ក៏ដោយ។ អតិថិ​ជន​ខ្លះ​បាន​បញ្ជាទិញ​តាម​ទូរសព្ទ​អស់ទឹក​ប្រាក់ជាង​៥០​ដុល្លារ​ម្តង​ក៏មាន ហើយ​ពេល​ខ្លះ​បន្លែ​ដែល​អតិថិជន​បញ្ជាទិញ​មិនមាន​ផង​ដែរ ដោយ​អ្នក​លក់​អះអាង​ថា​អស់​ស្តុក​ជាដើម។

​​ផ្អែក​តាម​តួរលេខ​របស់​Global Finance វិស័យ​កសិកម្មបាន​រួចំណែក​​២៦,៧ភាគរយ​ក្នុង​សេដ្ឋកិច្ច​ជាតិក្នុង​ឆ្នាំ២០១៧។ បើ​និយាយពី​វិស័យ​កសិកម្ម​ហាក់​ទូលំទូលាយ​បន្តិច​​ដោយ​មានរាប់​ទាំង​ផលិតកម្ម​ស្រូវ ពោត សណ្តែក កៅស៊ូ​ ដំឡូងមី បន្លែ ត្រីសាច់ ជាដើម។ ក្នុង​ចំណោម​អ្វីដែលបាន​រៀប​រាប់​នេះ​បន្លែ​កំពុង​​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​​ក្នុង​សង្គម។

ធនាគារ​ពិភព​លលោក​កាលពី​ឆ្នាំ​២០១២ បានចាត់ទុក​ថាការ​ដាំបន្លែ​គឺ​ងាយ​ស្រួល​ក្នុងការ​រកចំណូល​ ខណៈដែល​ជំរឿន​កាលពី​ឆ្នាំ២០០៨បង្ហាញថា​ការ​ដាំ​បន្លែបាន​រួម​ចំណែក​ក្នុងផលិត​ផល​ជាតិ​សរុប​តែ​៣,៨​ភាគរយ។ សម្រាប់​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ឆ្នាំ២០១៥ ធនាគារ​ពិភព​លោក​ថា​ក្នុង​ឆ្នាំ​២០១៣​ការ​ដាំបន្លែ​ក្នុង​មួយ​ហិកតា​អាច​រក​ចំណូល​បាន១ ៣៩៣​ដុល្លារ ឬ​៧,២ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

ថ្វីត្បិត​តែ​មាន​និន្នាការ​ដាំ​បន្លែ​ធម្មជាតិ​បែបនេះ​ក្តីតែ​អ្នកជំនាញ​កសិកម្ម​ថានៅ​មិនទាន់​គ្រប់​សម្រាប់​តម្រូវការ​ក្នុង​ស្រុក​នៅ​ឡើង។ ទីភ្នាក់​ងារសារព័ត៌មាន​កម្ពុជា AKP កាលពី​ឆ្នាំ​២០១៧ បាន​ដក​ស្រង់​​របាយការណ៍​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​មក​ចុះ​ផ្សាយ​ថា​កម្ពុជា​មាន​បន្លែ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ផ្ទាល់​ខ្លួន​​ត្រឹម​តែ​៤៤​ភាគរយ​ប៉ុណ្ណោះ ខណៈ​តម្រូវ​ការ​បន្លែក្នុងមួយ​​ឆ្នាំ​ជិត​១លាន​តោន។

​កសិករ​ដាំ​បន្លែ​ខ្លះ​ធ្លាប់លើក​​ឡើងពី​កង្វះទីផ្សារ​ក្រោយ​ខ្លួន​​ផលិត​បានដែលនាំឲ្យកសិករខ្លះ​បោះបង់​ការងារ​នេះ​ ប៉ុន្តែ​អ្នក​ជំនាញ​ខាង​កសិកម្ម​ថា​កសិករ​ដែល​ចងក្រង​គ្នា​ជាក្រុម​អាចជួយ​គ្នា​រកទីផ្សា​រ​បាន​ងាយ​ជាង​ការ​ដាំដុះ​ដាច់​ដោយ​ឡែក​តែ​ឯង។

លោក សំ វិទូ ប្រធាន​អង្គ​ការ​​​សេដាក​ធ្វើការ​លើ​វិស័យ​កសិកម្ម​លើក​ឡើងថា​ការ​ចងក្រង​ប្រ​ជា​កសិករ​ជា​ក្រុម​​​​​​​​ អាច​ផលិត​បន្លែ​បាន​ច្រើន​មុខ និង​បរិមាណ​ក៏​ច្រើន​ ដែល​អាច​ផ្គត់​ផ្គង់​ទៅ​កាន់ទៅ​ផ្សារ​បាន​ទៀង​ទាត់។ លោក​ថា​កសិករ​អាច​បែង​ចែក​គ្នា​ដាំ​មុខ​បន្លែ​កុំ​ឲ្យ​ច្រើន​ជាន់​គ្នា​ពិបាក​លក់​លើ​ទីផ្សារ និង​ថា​ធ្វើ​បែប​នេះ​កសិករ​អាច​រក្សា​តម្លៃ​កសិផល​របស់​ខ្លួន​បាន​ល្អ។

លោក​បន្ថែមថា៖ «ផ្គត់​ផ្គង់​មកទី​ផ្សារ​ហ្នឹង​មិនមែន​មាន​ន័យថា​ឲ្យតែ​គាត់​មាន​ផលិត​ផល​គាត់អាច​ផ្គត់​ផ្គង់​មក​ទីផ្សារបានទេ ដោយ​សារតែ​អ៊ីចឹង​ហើយ​បានជាមានការ​យល់​ច្រឡំថា​ចុះ​ផលិត​បាន​ហើយ​អត់​មាន​ទីផ្សារ នៅតែ​នាំចូលពីក្រៅ​មក ដោយ​សារ​តែ​យើង​អត់​ទាន់​ចង​ក្រង​គ្នា​ឲ្យ​ក្លាយ​ជា​ក្រុមច្បាស់​លាស់ ហើ​យក្រុម​ហ្នឹងត្រូវ​រៀបចំផែនការ​ផលិត តើបរិមាណ​ប៉ុន្មាន​ដែល​ត្រូវ​ផ្គត់​ផ្គង់​ទៅ​លើ​ទីផ្សារ»។

លោកបន្ត​​ថា​ការ​ផ្គត់​ផ្គង​ទៅ​ទីផ្សារ​បានទៀង​​ទាត់​ជារឿង​សំខាន់​ក្នុង​ការ​រក្សា​​ទំនុក​ចិត្ត​ដល់​អ្នកលក់​បន្ត និង​អ្នក​បរិភោគ។ លោក​បញ្ជាក់​ថា​បច្ចុប្បន្ន​និន្នាការ​ទទួលទាន​បន្លែ​ខ្មែរ​​មាន​ការ​កើន​ឡើង​ ដែល​នាំ​ឲ្យ​ទីផ្សារ​សម្រាប់​បន្លែ​គ្មាន​ជាតិ​គីមី​ធំ​ជាង​មុន។​

​លោក​បញ្ជាក់​បន្ថែមថា៖ «បញ្ហា​គុណភាព ផលិត​ផល​របស់​យើង​ត្រូវ​ផលិត​ឲ្យមាន​គុណភាព ដ៏អ៊ីចឹង​មាន​ការ​គាំទ្រហើយ...ប៉ុន្តែ​ពេល​ខ្លះ​គេ​ក៏​អត់​មាន​​ជម្រើស​ដែរ​ជួនកាល​​យើង​មាន​ទៅ ​ជូន​កាល​យើង​អត់​ទៅ​ ផលិត​អត់​ទៀង​ទាត់ យើង​ត្រូវ​ផលិត​ឲ្យបាន​ទៀងទាត់ គេ​ត្រូវ​ការ​លក់ ត្រូវការ​ហូប​ប្រ​ចាំ​ថ្ងៃ អាហ្នឹង​បញ្ហា​ដែល​កសិករ​យើង​ជួបប្រ​ទះ​​»។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​AKP ដដែល​បន្លែ​នាំ​ចូល​មក​កម្ពុជា​ភាគច្រើន​​ពី​ប្រ​ទេស​វៀតណាម ថៃ និង​ចិន។ ដើម្បី​បង្កើន​គុណភាព និង​បរិមាណ​បន្លែ ក្នុង​ស្រុក អ្នក​ជំនាញ​ខាង​កសិកម្មធ្វើ​ការ​នៅ​មូល​ដ្ឋាន​លើកឡើង​ដែរ​ថា​ការ​ជួយ​ដល់​កសិករ​នូវ​បច្ចេក​ទេស​និងទីផ្សារ​ជាកត្តា​សំខាន់​ ដើម្បី​លើកទឹក​ចិត្ត​ដល់​កសិករ។

ប្រ​ហាក់​ប្រហែល​គ្នា​នេះ​ដែរក្រ​សួង​កសិកម្មកម្ពុជា​ តាម​រយៈ​ការ​ស្ទង់​មតិ​លើ​វែបសាយ​របស់​ខ្លួន​កាលពី​ឆ្នាំ២០១៤​បាន​រក​ឃើញ​ថា​បញ្ហា​ប្រ​ឈមធំពីរ​​របស់​កសិករ​គឺ​ច្ចេក​ទេស ​និង​ទីផ្សារ​។

(រូបភាព៖ Screenshot ពី​វែបសាយ​ក្រ​សួង​កសិកម្ម​ពីម្សិល​មិញ)

​អ្នកសម្រួល​សម្រួល​សហគមន៍​និង​ជា​អ្នកគ្រប់គ្រង​កសិដ្ឋាននៅខេត្ត​​តាកែវ និង​កំពត​គាំ​ទ្រដោយ​អង្គការសេដាក លោក ពៅ សុភា លើក​ឡើង​ថា​តាម​បទពិសោធន៍​របស់​លោក​ដែល​ធ្វើការ​ជាមួយ​កសិករ​ដាំបន្លែ លោក​ឃើញថា​កសិករ​មិនមាន​ចំណេះដឹង​គ្រប់គ្រាន់​ទាំង​បច្ចេកទេស និង​ការ​រក​ទីផ្សារ​។ ត្រង់​ចំណុចនេះ​លោកថា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​​មាន​ជំនួយ​បច្ចេកទេសពីរដ្ឋ​ទើប​អាចឲ្យ​កសិករ​ដាំបន្លែ​បាន​ច្រើន​។​

លោក​បន្ថែមថា៖ «កសិករ​គាត់​ដាំហើយ​អត់ទីផ្សារ​ គឺ​ពួកគាត់​សម្រុក​ដាំ​ដូច​គ្នា​លើស​តម្រូវការ​...កសិករ​អត់ចេះ​រកទីផ្សារ មិនបាន​ទាក់​​ទងរក​ម៉ូយ​មុន...ខ្ញុំគិតថា​ការចូល​រួម​របស់រដ្ឋ​​គួរ​មាន​មន្ត្រី​ជំនាញ​កសិកម្ម ជួយ​គាត់​​ទាក់ទង​នឹង​បច្ចេក​ទេស និង​ទីផ្សារ កុំ​ឲ្យ​គាត់​ភ័យ​រឿង​ទី​ផ្សារ គាត់​ដាំ​បាន​ដឹង​តែ​សម្រប​សម្រួល អានេះ​ទាល់​តែ​មាន​កម្មវិធី​ថ្នាក់​ជាតិ កសិករ​ខ្លះដាំបន្លែចង់​២០​ឆ្នាំ​ហើយ​មិន​ដែល​ឃើញ​មន្ត្រី​កសិកម្ម​ទៅ​អើត​ផ្ទះ​គាត់​ផង យើង​មិនរិះ​គន់អីទេ តែ​ឃើញ​អ៊ី​ចឹង​មែន​»។

លោក​លើក​ជា​ឧទាហរណ៍​ថា​ក្រុម​ករសិករ​នៅ​ស្រុក​ជុំគិរី ខេត្ត​កំពត​ចំនួន​១២គ្រួសារ​បាន​ចង​ក្រងគ្នា​ដើម្បី​ដាំ​ខ្ទឹម​ស្លឹក​ដែល​លោក​ថា​ជាមធ្យម​ក្នុងមួយ​គ្រួសារ​អាចដាំ​បានចន្លោះពី​៥០ទៅ​៦០រង​​ ដែល​ក្នុង​មួយ​រងៗទំហំ​១០​ម៉ែត្រក្រឡា។

លោក​បន្ត​ថាក្រុម​ការ​ងារ​បច្ចេកទេស​របស់​លោក​បាន​ជួយ​រៀប​ផែនការ​ផលិត និង​រក​ទី​ផ្សារ​នៅ​ជិត​នោះ ​ដោយ​ថា​សព្វថ្ងៃក្រុម​កសិករ​​ផលិត​បាន​មិនគ្រប់​តម្រូវ​ការ​ទីផ្សារផង។ មិន​គ្រប់​តម្រូវការ​ទីផ្សារ​​លោក​ថា​ចំនួន​អ្នក​ដាំនៅ​មាន​តិច។ ជា​មធ្យម​លោកថា​ក្នុង​មួយ​ថ្ងៃ​ក្រុម​កសិករ​បាន​ឆ្លាស់គ្នា​ដកខ្ទឹម​ស្លឹក​បាន​ប្រហែលជា​៥០គីឡូក្រាម និង​លក់​ចេញ​បាន​តម្លៃ​៣ ០០០ រៀល​ក្នុង​មួយ​គីឡូក្រាម។

ដោយ​សារ​តែ​កសិករ​ចង​គ្នា​ជាក្រុម​ ដូចនេះ​លោកថា​អ្នក​ទាំង​នោះ​បានចែកគ្នាដក​ខ្ទឹម​សម្រាប់​លក់​នៅ​លើទី​ផ្សារ និងធានាថា​លក់​បាន​គ្រប់​រដូវ​​។ លោក​ថា​បើ​តាម​ការ​សិក្សា​របស់​លោកនៅតាម​ផ្សារ​នីមួយៗ​នៅជិត​តំបន់​ផលិត​នោះ​ មាន​ផ្សារ​ខ្លះមាន​មាន​តម្រូវការ​ស្លឹកខ្ទឹម​ត្រឹម​៨០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ និងខ្លះ​ទៀត​មាន​រហូត​ដល់​២០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ។​​

លោក​បន្ថែមថា៖ «យើង​ប្រ​ជុំជាប្រ​ចាំមួយខែឬពីរ​ខែអ្វី​ដែល​គាត់​មាន​ប្រចាំថ្ងៃ និង​ផែន​ការ​បន្ត​​ យើង​ជំរុញ​ឲ្យ​គាត់​ដាំខ្ទឹម ហេតុអ្វីដាំខ្ទឹម​ព្រោះទីផ្សារពីខែ៨-១១ មាន​តម្រូវការ​ខ្ពស់...​តាម​ខ្ញុំដឹង​ ស៊ើប​ព័ត៌មាន ខាងស្រុក​ទន្លេខាងខ្មែរយើងហ្នឹងលិចទឹក នៅ​វៀតណាម​កលិចទឹក អ៊ីចឹង​តម្រូវការ​ខ្ទឹម​នៅ​ខែ​ហ្នឹង​ខ្ពស់តែ​ម្តង វាអត់គ្រប់ វា​តម្រូវការ​ខ្ពស់​»។

ទាក់​ទងនឹង​យន្តការ​របស់ក្រសួង​ដើម្បីជំរុញការ​ដាំបន្លែ​ឲ្យបាន​កាន់តែច្រើនេះ​ Sabay មិនទាន់អាច​ទាក់​ទង​មន្ត្រីជំនាញ​ក្រសួង​បាន​នៅឡើយ ដោយ​មន្ត្រី​ដែល​Sabay បាន​ទាក់​ទងពីម្សិល​មិញ​និង​ព្រឹក​ថ្ងៃនេះ​ថា​កំពុង​ជាប់​ប្រជុំ។​​​

​ទោះយ៉ាងណា​រដ្ឋ​មន្ត្រី​ក្រ​សួង​កសិកម្ម ឯឧត្តម វេង សាខុន ធ្លាប់​លើក​ឡើង​ថា​កម្ពុជា​ក្នុង​មួយ​ថ្ងៃៗបាន​នាំចូល​បន្លែ​ពី​ប្រ​ទេសជិត​ខាង​ចន្លោះពី២០០ ទៅ​៤០០​តោន និងបាន​ចំណាយ​ថវិកា​ប្រហែលជា​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំទៅ​លើ​បន្លែនាំចូល​ទាំងនេះ។

ដើម្បីជួយ​កាត់​បន្ថយការនាំចូល​បន្លែពី​បរទេសនេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រ​សួង​កសិកម្ម​អះអាងថា​រដ្ឋាភិលបាល​គ្រោង​បោះ​ចញ្ចប់ថវិកាចំនួន​៣០​លានដុល្លារ​ដើម្បីជួយ​ដល់​កសិករ​ផលិត​បន្លែ​គ្មានជាតិ​គីមី ឲ្យបាន​៦ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំសម្រាប់ទីផ្សារ​ក្នុង​ស្រុក និង​កាត់​បន្ថយ​ការនាំចូល៕

អត្ថបទ៖ ទូច សុខា