Canon ឈប់​លក់​កាមេរ៉ា​ប្រើ​ហ្វីល​ជា​ផ្លូវ​ការ

  • 2018-05-31 03:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Canon បាន​បញ្ឈប់​ការ​លក់​កាមេរ៉ា​ប្រើ​ហ្វីល​ម៉ូដែល​ EOS-1V ជា​ផ្លូវ​ការ ជា​សញ្ញា​ដែល​បញ្ជាក់​ថា​​ក្រុមហ៊ុន​នេះ​បាន​​សម្រេច​​បញ្ចប់​ជំនួញ​ផលិត​កាមេរ៉ា​ប្រើ​ហ្វីល​ ក្រោយ​ប្រឡូក​ក្នុង​ជំនួញ​នេះ​បាន​ប្រមាណ​ ៨០ ឆ្នាំ។​​​​​​​​

Canon បាន​​ឈាន​ចូល​ក្នុង​ជំនួញ​នេះ​នៅ​ឆ្នាំ​ ១៩៣៧ ដោយ​​ដំបង​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ​ថា​ Precision Optical Instruments Laboratory ដែល​បាន​ផលិត​​កាមេរ៉ា​ម៉ូដែល​ The Kwanon។ ប៉ុន្តែ​​ក្រោយ​​ផលិត​បាន​កាមេរ៉ា​ឌីជីថល​ដំបូង​នៅ​ឆ្នាំ​ ១៩៨៤ ក្រុមហ៊ុន​ជប៉ុន​នេះ​ក៏​បាន​​ប្ដូរ​ទិសដៅ​​មក​រក​ទីផ្សារ​កាមេរ៉ា​ឌីជីថល​​ច្រើន​ជាង​កាមេរ៉ា​ប្រើ​ហ្វីល។

ទោះ​បី​កាមេរ៉ា​ហ្វីល​ត្រូវ​បាន​ Canon បញ្ឈប់​ការ​ផលិត​បន្តិច​ម្ដងៗ ប៉ុន្តែ​​​ក្រុមហ៊ុន​នៅ​តែ​បន្ត​ជីវិត​​កាមេរ៉ា​ហ្វីល​ម៉ូដែល​ EOS-1V សម្រាប់​អ្នក​ថត​រូប​អាជីព​ រហូត​​មក​ទល់​សព្វ​ថ្ងៃ​នេះ។ ការ​ផលិត​ EOS-1V បាន​បញ្ឈប់​​នៅ​ឆ្នាំ​ ២០១០ ប៉ុន្តែ​ Canon នៅ​តែ​បន្ត​បញ្ចេញ​លក់​​កាមេរ៉ា​ដែល​​មាន​សេស​សល់​ក្នុង​ស្តុក។

ត្បិត​ថា​ពេល​នេះ​​​​ Canon បាន​​បញ្ចប់​ការ​លក់​ EOS-1V ពិត​មែន​ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​​ផ្ដល់​ជូន​សេវា​ជួសជុល​កាមេរ៉ា​នេះ​រហូត​ដល់​​ថ្ងៃ​ទី​ ៣១ ខែ​តុលា​ ឆ្នាំ​ ២០២៥។ ដោយ​ឡែក​ Nikon ដែល​ជា​គូ​ប្រជែង​របស់​ Canon នៅ​បន្ត​លក់​កាមេរ៉ា​ប្រើ​ហ្វីល​​ដែល​បច្ចុប្បន្ន​មាន​ពីរ​ម៉ូដែល​គឺ​ Nikon F6 និង Nikon FM10៕​​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង