ណូយ វ៉ាន់​ណេត​ សំណូម​ពរ​ក្រ​សួង​​​គិត​គូ​រលើ​សិល្បករ​ជើង​ចាស់

  • 2018-06-11 08:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ជើ​ង​​ចាស់ លោក ណូយ វ៉ាន់​ណេត បាន​សំណូម​ពរ​ដល់ក្រ​សួង​ពាក់​ព័ន្ធ​ទាំង​អស់​​សូម​គិត​គូ​លើ​សិល្បករ​ជើង​ចាស់​ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ទី​ផ្សារ​សិល្បៈ។

​ម្ចាស់​បទ "​ចំប៉ី​ព្រៃ​នប់​"​ ​ទទួល​ស្គាល់​ថា តារា​ជើង​ចាស់​ភាគ​ច្រើន​ត្រូវ​បាន​គេ​មើល​រំលង មិន​សូវ​ហៅ​ឡើង​កម្ម​វិធី​ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​ចំណូល​ ពេល​ខ្លះ​ស្ទើរ​តែ​មិន​អាច​រក​ប្រាក់​ផ្គត់​ផ្គង់​ជីវភាព​​បាន​។ តារា​ចាស់​ៗ​មួយ​ចំនួន​ បាន​ខិត​ខំ​ក្នុង​វិស័យ​មួយ​នេះ​ស្ទើរ​ពាក់​កណ្ដាល​ជី​វិត តែ​នៅ​ពេល​ចាស់​ជរា ​បែរ​ជា​គ្មាន​សល់​ប្រាក់​ជា​ដុំ​កំភួន​អ្វី​សម្រាប់​ចិញ្ចឹម​ជី​វិត​ទៅ​វិញ។

លោកលើកឡើងថា ជាក់​ស្តែង​ដូចជា លោក នូ ស៊ីប លោក សួស សងវាចា ជាដើម កំពុងប្រឈមនឹងការបាត់ទីផ្សារសិល្បៈទាំងស្រុង។ ក្រៅពីនោះ គេសង្កេតឃើញតារាជើងចាស់ជាច្រើនដូចជា តារាកំប្លែង ណយ សំណាង លោក ពៅ គីសាន់ លោក ផ្លុង មឿក លោក មិន​ សារិន ជាដើម ដែលកំពុងរស់នៅក្នុងស្ថានភាពក្រលំបាក គួបផ្សំនឹងជំងឺឈឺថ្កាត់ពេលចាស់ជរា ។

​ម្ល៉ោះ​ហើយ​ តារា​កើត​ឆ្នាំ​ ១៩៦៤ បាន​សំណូម​ពរ​ថា ៖ "សូម​ក្រសួង​ទាំង​អស់​មេត្តា​យកចិត្ត​ទុកដាក់​ដល់​តារា​ជំនាន់​មុន​ដែល​អាច​នៅបន្ត​សិល្បៈ​បាន សូម​រក្សា​និង​ជួយ​ជ្រោម​ជ្រែង កុំ​ឲ្យ​មាន​ពាក្យ​និទ្នា​ពី​មហាជន​ថា គិត​គូ​តែ​សិល្បករ​ក្មេងៗ"។​​​​

​លោក ណូយ​ វ៉ាន់​ណេត​ ជា​តារា​ចម្រៀង​និយម​ច្រៀង​បទ​​ចង្វាក់​រាំវង់ ឡាំ​លាវ សារាវ៉ាន់​ ជា​ដើម។ លោក​ធ្លាប់​មាន​ទីផ្សារ​ខ្ពស់​​ និង​មាន​បទចម្រៀង​ចេញ​ហូរ​ហែរ​នៅ​ផលិត​កម្ម​ធំ​ៗ។ ប៉ុន្តែ​សព្វ​ថ្ងៃ​ លោក​បញ្ជាក់​ថា មិន​មាន​បទ​ចម្រៀង​ថ្មី​ច្រៀង​នោះ​ទេ។ ពេល​ខ្លះ​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ច្រៀង​តាម​កម្មវិធី​ម្ដង​ម្កាល ហើយ​ជីវភាព​មួយ​ផ្នែក​ធំ​ពឹង​ផ្អែក​លើ​ចម្ការ​ស្វាយ​របស់​លោក​៕​​​

​​​

អត្ថបទ៖ លឹម សុនា